កាណាដាដកមន្ត្រីការទូតរបស់ខ្លួន ៤១នាក់ចេញពីប្រទេសឥណ្ឌា ក្រោយកម្តៅការទូតមិនថមថយ

អូតាវ៉ា៖រដ្ឋមន្ត្រីការបរទេសកាណាដាលោកស្រី Melanie Joly នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៣ បាននិយាយ​ថា ​ប្រទេសកាណាដា បានដកមន្ត្រីការទូតរបស់ខ្លួនចំនួន ៤១ នាក់ចេញ​ពី​ប្រទេស​​​ឥណ្ឌា ក្រោយ​កម្តៅការទូតនៃប្រទេសទាំងពីរមិនថមថយ ​ជុំវិញបញ្ហានៃការសម្លាប់​មេដឹកនាំផ្តាច់​ខ្លួន​ជនជាតិ​​ស៊ីក(Sikh)។

ម្តងហើយម្តងទៀត ​ប្រទេសឥណ្ឌាបានច្រានចោលការសង្ស័យរបស់នាយករដ្ឋមន្ត្រីកាណាដា​ លោក Justin Trudeau និងនិយាយថា វា​មិនទំនងទាល់តែ​សោះដែលថា ​ភ្នាក់ងារ​របស់​ខ្លួនមានទំ​នាក់ទំនង​ទៅនឹង​ឃាតកម្ម​​​​លើលោក Hardeep Singh Nijjar។

ញូវដែលី កាលពីខែមុនបានស្នើឱ្យទីក្រុងអូតាវ៉ា កាត់បន្ថយវត្តមានមន្ត្រីការទូតរបស់ខ្លួនភ្លាមៗ បន្ទាប់ពី​ លោក Trudeau បានលើកឡើងថា មន្ត្រីរបស់ខ្លួនមាន​ភស្តុតាង​ដែល​អាច​ជឿទុកចិត្តបាន ដែលថាភ្នាក់ងាររបស់ប្រទេសឥណ្ឌា នៅពីក្រោយអំពើ​ឃាតកម្មកាលពី​ខែ​មិថុនា​ ទៅ​លើ​​លោ​ក Nijjar អាយុ ៤៥ឆ្នាំ នៅខាងក្រៅប្រាសាទស៊ីក ក្នុងរដ្ឋ British Columbia។ ​

លោកស្រី Joly ​និយាយថា ប្រទេសឥណ្ឌា​បានគំរាមកំហែង​​​ និងលែងទទួលស្គាល់ អ្នកការ​ទូតកា ណា ដា លុះត្រាតែពួកគេចាកចេញពីប្រទេសខ្លួន។ លោកស្រី Joly បន្ថែមថា​ទង្វើនេះមិន​សម​​ហេតុផល និងមិន​ធ្លាប់មានពីមុនមក ហើយឥណ្ឌា​បានបំពាន​​លើ​អនុសញ្ញា​ទីក្រុង​វីយែន​ស្តីពី​ទំនាក់ទំនង​ការទូត។ ក្រោយ​ការ​ចាកចេញរបស់មន្ត្រីការទូត៤១​នាក់ បច្ចុប្បន្ននេះស្ថានទូតកាណាដាប្រចាំប្រ​ទេស​ឥណ្ឌា​​នៅ​មន្រ្តីការ​ទូត​ចំនួន ២១ នាក់​។

គួរជម្រាបថា កន្លង​មកសម្រាប់​រដ្ឋាភិបាល​ឥណ្ឌា តែងចាត់ទុកថារាល់សកម្មភាព របស់អង្គការអ្នក​កាន់សាសនា​ស៊ីក​ពិភព​​លោក​នៅ​កាណាដា គឺជាការ​បះបោរបំបែកទឹកដី ឱ្យក្រុមរបស់ខ្លួននៅរដ្ឋពុនចាប​របស់ឥណ្ឌា ផ្តាច់ខ្លួន​បង្កើត​រដ្ឋឯករាជ្យឈ្មោះ Khalistan។​ ​

កាណាដា និងឥណ្ឌា​ ចាប់​ផ្តើម​មានទំនាស់នឹងគ្នាប៉ុន្មានខែមក ហើយការចាកចេញ​របស់​មន្ត្រីស្ថាន​ទូតកាណាដានៅឥណ្ឌា ក៏ត្រូវបានរដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍កាណដាលោក Marc Miller បញ្ជាក់​ដែរថា ជា​កាត់បន្ថយចំនួនបុគ្គលិកផ្នែកអន្តោប្រវេសន៍៕

ប្រែសម្រួល៖ ស្រ៊ុន សិរីវឌ្ឍនៈ

ads banner