លោកបៃឌិន កំពុងស្នើសុំប្រាក់ ៦០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន និង ១៤ ពាន់លានដុល្លារសម្រាប់អ៊ីស្រាអែល

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) នឹងស្នើសុំទៅកាន់សភា អាមេរិកសម្រាប់ទឹកប្រាក់ចំនួន ៦០ពាន់លានដុល្លារ ជាជំនួយដល់អ៊ុយក្រែន និងទឹកប្រាក់​ចំនួន ១៤ពាន់លានដុល្លារផ្សេងទៀត សម្រាប់ជាជំនួយដល់អ៊ីស្រាអែល។

បើតាមការចុះផ្សាយរបស់កាសែតរ៉យទ័រ(Reuters) សំណើនេះក៏នឹងរួមបញ្ចូលផងដែរនូវទឹកប្រាក់ចំនួន ១០ ពាន់លានដុល្លារសម្រាប់ជំនួយមនុស្សធម៌ ១៤ ពាន់លានដុល្លារសម្រាប់ដោះស្រាយបញ្ហាអ​សន្តិសុខ​នៅតាមព្រំដែន និង៧ពាន់លានដុល្លារសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

បើតាមការចុះផ្សាយដដែលបានឱ្យដឹងថា ចំនួនទឹកប្រាក់ពាក់កណ្តាលដែលលោក បៃដិន កំពុងស្នើសុំឱ្យអ៊ុយក្រែន (៣០ពាន់លានដុល្លារ) ​នឹងត្រូវប្រើប្រាស់ដើម្បីធ្វើទំនើបកម្ម​ស្តុកអាវុធ​របស់អ៊ុយក្រែន។

ជាមួយគ្នានេះលោក បៃដិន នឹងត្រូវបង្ហាញសំណើនេះតាមរយៈសុន្ទរកថានៅសេតវិមាន នា​ថ្ងៃព្រហស្បតិ៍ ម៉ោង ៨យប់ (ត្រូវនឹងថ្ងៃសុក្រ ម៉ោង៧ព្រឹក ម៉ោងនៅកម្ពុជា)។

ដោយឡែក លោកបៃឌិន​ ត្រូវបានគេរំពឹងយ៉ាងមុតមាំថានឹងអាចស្នើឱ្យសភាអនុម័ត​ការចំណាយ​បន្ថែមទាំងនេះ​បានក្នុងរយៈពេលឆាប់ៗខាងមុខ ខណៈដែលទីក្រុងវ៉ាស៊ីនតោនកំពុងតែយកចិត្ត ទុកដាក់ទៅ​លើការវាយប្រហារដ៏សាហាវកាលពីថ្ងៃទី ៧ ខែតុលា លើអ៊ីស្រាអែល ដោយក្រុមសកម្ម​ប្រយុទ្ធ​ហាម៉ាស។

ទន្ទឹមនឹងគ្នានោះ សហរដ្ឋអាមេរិក ក៏កំពុងតែសម្លឹងមើលការគាំទ្របន្ថែមទៀតដល់អ៊ុយក្រែន​ដែល​ប្រឈមមុខនឹងការឈ្លានពានរុំារ៉ៃពីរុស្ស៊ី។

គួររំឭកថា កាលពីថ្ងៃពុធថ្មីៗនេះ លោកបៃដិន បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល​ ខណៈដែលប្រទេសនេះកំពុងប្រឈមមុខនឹងសង្រ្គាម។ ដំណើរទស្សនកិច្ចរបស់លោក បៃឌិន នាពេលនោះទទួលបានការគាំទ្រច្រើន ក្នុងនោះក៏មាននូវការចុះកិច្ចផ្ដល់ជំនួយមនុស្សធម៌ទៅកាន់ តំបន់កាហ្សាផងដែរ។

ជាការបង្ហាញពីជំហរគាំទ្ររបស់អាមេរិក លោក បៃដិន បាន​និយាយ​ក្នុងដំណើរទស្សនកិច្ចនោះថា៖ «ខ្ញុំ​មក​អ៊ីស្រាអែល​ជាមួយ​នឹង​សារ​សំខាន់មួយគឺ អ៊ីស្រាអែល​មិន​នៅ​ម្នាក់​ឯង​ទេ! ។ដរាបណា​សហរដ្ឋអាមេរិកឈរ យើងនឹងមិនទុកឱ្យអ្នកនៅម្នាក់ឯងទេ»៕ ប្រែសម្រួល៖ កែវ បុស្បា

ads banner