នាយករដ្ឋមន្ត្រីថៃ ស្នើឱ្យលើកលែងទិដ្ឋាការជាអចិន្ត្រៃយ៍សម្រាប់ជនជាតិចិនដែលទៅកម្សាន្តនៅប្រទេសថៃ

ថៃ៖កាល​ពី​ថ្ងៃ​ពុធ នាយក​រដ្ឋមន្ត្រីថៃ លោក ​ស្រេតថា ថាវីស៊ីន (Srettha Thavisin) ​បាន​ជួប​ពិភាក្សា​​ជាមួយ​នាយក​រដ្ឋមន្ត្រី​ចិន លោក លី ឈាង (Li Qiang) នៅ​ទីក្រុង​ប៉េកាំង។ ក្នុង​កិច្ច​ពិភាក្សា​នោះ លោក ស្រេតថា បានលើកឡើងថា លោកបាន​ស្នើឱ្យអនុវត្តវិធានការមិនយក​ទិដ្ឋាការ​សម្រាប់​ភ្ញៀវ​ទេសចរ​ចិនជា​អចិន្ត្រៃយ៍ហើយ។

លោកក៏បានប្រាប់ទៅកាន់សមភាគីរបស់លោក អំពីអត្ថប្រយោជន៍នៃគម្រោងសាងសង់ស្ពានអាកាសនៅភាគខាងត្បូងប្រទេសថៃ ដែលអាចតភ្ជាប់ជាមួយនឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន។ លើសពីនេះ មេដឹកនាំទាំងពីរក៏បានលើកឡើងពីផែនការសាងសង់ស្ពានថ្មីមួយ ឆ្លងទន្លេមេគង្គទៅកាន់ប្រទេសឡាវ ដើម្បីជំរុញពាណិជ្ជកម្មថៃ-ចិន និងអាចកាត់បន្ថយចំណាយទៅលើការនាំចេញសត្វគោរបស់ថៃទៅកាន់ប្រទេសចិន។

លោក ស្រេតថា ក៏បានស្នើឱ្យមានការ​សម្រួលនីតិវិធី​​នាំ​ចេញ​សត្វគោ​ទៅ​ប្រទេស​ចិន ដោយ​ធ្វើ​ការ​ត្រួត​ពិនិត្យ​គុណភាព​នៅ​ប្រទេស​ថៃ ជំនួសឱ្យការត្រួតពិនិត្យនៅប្រទេសឡាវផងដែរ។ ការធ្វើដូច្នេះ នឹងធ្វើឱ្យការដឹកជញ្ជូនសត្វគោទៅកាន់ប្រទេសចិនកាន់តែងាយស្រួលតាមរយៈផ្លូវដែក និងសមុទ្រ។

លោក ស្រេតថា បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា «​កាលពី​ម្សិលមិញ​ ខ្ញុំមាន​អារម្មណ៍​ថាពិតជា​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​នាយករដ្ឋមន្ត្រី​ចិនណាស់​។ គាត់បានឱ្យលេខទូរស័ព្ទផ្ទាល់ខ្លួនរបស់គាត់ដើម្បីឱ្យខ្ញុំអាចធ្វើការហៅចូលដោយផ្ទាល់បាន។ នេះគឺជាសញ្ញាដ៏ល្អដែលប្រទេសទាំងពីរត្រូវតែពឹងផ្អែកលើគ្នាទៅវិញទៅមក។ យើងត្រូវតែពឹងផ្អែកលើប្រទេសចិនដែលជាបងប្រុសធំរបស់យើង»។

លោកនាយករដ្ឋមន្ត្រីបានលើកឡើងបែបនេះនៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងប៉េកាំង ដើម្បីចូលរួមក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលរៀបចំដោយប្រទេសចិនផ្ទាល់។

គួរបញ្ជាក់ថា រដ្ឋាភិបាលថៃ​បាន​លើកលែង​ទិដ្ឋាការ​ជា​បណ្ដោះអាសន្ន​សម្រាប់​ភ្ញៀវ​ទេសចរ​ចិន និង​កាហ្សាក់ស្ថានដែលធ្វើដំណើរកម្សាន្ត​មកលេងប្រទេសថៃរយៈពេលក្រោម ៣០ ថ្ងៃ ក្នុង​គោលបំណង​ជំរុញ​វិស័យ​ទេសចរណ៍ឱ្យកាន់តែប្រសើរឡើង​ ដែលនេះគឺ​ជាគោលនយោបាយ​មួយ​នៃ​ផែនការ​ស្តារ​សេដ្ឋកិច្ច​ទាំងមូលរបស់ថៃ។ ការលើកលែងទិដ្ឋាការនេះ បានចាប់ផ្តើមអនុវត្តនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ហើយនឹងបញ្ចប់ទៅនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

ដំបូងឡើយ ភ្ញៀវទេសចរចិនបានបង្ហាញចំណាប់អារម្មណ៍ជាវិជ្ជមានថានឹងធ្វើដំណើរកម្សាន្តទៅប្រទេសថៃយ៉ាងច្រើន ប៉ុន្តែបន្ទាប់ពីហេតុការណ៍បាញ់ប្រហារថ្ងៃទី៣ ខែតុលា នៅផ្សារទំនើបសៀមផារ៉ាហ្កន (Siam Paragon) ដែលបានធ្វើឱ្យភ្ញៀវជនជាតិចិនម្នាក់បានស្លាប់ក្នុងចំណោមអ្នកស្លាប់ទាំងបីនាក់ បានធ្វើឱ្យមានការព្រួយបារម្ភអំពីបញ្ហាសន្តិសុខ និងសុវត្ថិភាពរបស់ភ្ញៀវទេសចរអន្តរជាតិ។ ​ប៉ុន្តែអាជ្ញាធរ​ថៃបាន​អះអាងថា​ពួកគេ​នឹងព្យាយាម​ដោះស្រាយ​បញ្ហា​នេះយ៉ាងយកចិត្តទុកដាក់បំផុត។

គួរដឹងដែរថា មុនពេលជំងឺរាតត្បាតកូវីដ១៩ ចំនួនភ្ញៀវទេសចរអន្តរជាតិមកពីប្រទេសចិនមានចំនួនច្រើនជាងគេដែលបានធ្វើដំណើរទៅលេងនៅប្រទេសថៃ ពោលគឺរហូតដល់ទៅ ១១ លាននាក់ឯណោះក្នុងឆ្នាំ២០១៩។ នៅឆ្នាំនេះ អាជ្ញាធរទេសចរណ៍ថៃរំពឹងថានឹងមានភ្ញៀវទេសចរចិនប្រហែល ៥ លាននាក់។

ដោយឡែក លោក ស្រេតថា ក៏បានធ្វើការធានាអះអាងទៅកាន់សមភាគីចិន អំពីការគាំទ្រជាបន្តបន្ទាប់របស់ប្រទេសថៃចំពោះគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។ លោក​បាន​គូស​បញ្ជាក់​ថា ស្ពាន​ឆ្លង​ទន្លេ​មេគង្គ​ពី​ខេត្តណង​ខៃ​ទៅកាន់ប្រទេស​ឡាវ នឹងអាចជួយ​សម្រួល​ដល់​ការ​នាំ​ចេញ​ទំនិញ​ពី​ថៃ​ទៅ​ចិន​តាម​ប្រទេស​ឡាវ។

លោក​ក៏​បាន​លើក​ឡើង​អំពី​គម្រោងព្រែកជីក​ដើម្បី​តភ្ជាប់​ឈូង​សមុទ្រ​ថៃ និង​សមុទ្រ​អាន់ដាម៉ាន់ (Andaman) ​តាម​ខេត្ត​ឈុំផុន (Chumphon) និង​រ៉ាណង (Ranong) ​ភាគ​ខាង​ត្បូង។ លោកបានសង្កត់ធ្ងន់ថា គម្រោងនេះក៏នឹងពង្រឹងសក្តានុពលនៃខ្សែក្រវាត់ និងផ្លូវ ដើម្បីបង្កើនការតភ្ជាប់ជាមួយគោលដៅអន្តរជាតិ ដូចដែលប្រទេសចិនបានរំពឹងទុកកន្លងមក។

គម្រោងព្រែកជីកដែលមានប្រវែង ៩០ គីឡូម៉ែត្រនេះ នឹងកាត់បន្ថយពេលវេលាដឹកជញ្ជូនទំនិញបានយ៉ាងច្រើនរវាងសមុទ្រចិនខាងត្បូង និងសមុទ្រអាន់ដាម៉ាន់ ដោយអាចចំណេញពេលរហូតដល់ទៅ ៦ ទៅ ៩ ថ្ងៃបើប្រៀបធៀបទៅនឹងការប្រើប្រាស់ច្រកសមុទ្រម៉ាឡាកា។ គម្រោងដ៏ធំ​មួយនេះ បួករួមទាំងការ​បង្កើត​រោងចក្រ​ចិន​នៅ​ក្នុង​ប្រទេស​ថៃផងដែរនោះ នឹង​ប្រែក្លាយ​ប្រទេស​ថៃ​ឱ្យ​ទៅជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​ពិភពលោកមួយដ៏សំខាន់៕

ads banner