លោក ថាវីស៊ីន អញ្ជើញលោក ពូទីន ឲ្យទៅបំពេញទស្សនកិច្ច នៅប្រទេសថៃ
ប៉េកាំង, បាងកក៖ នាយករដ្ឋមន្ត្រីថៃបានអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក ពូទីន ឲ្យទៅបំពេញទស្សនកិច្ចនៅប្រទេសថៃ ជាការអញ្ជើញ ក្នុងពេលមេដឹកនាំទាំងពីរបានជួបគ្នា នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។
នាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីថៃ និងប្រធានាធិបតីរុស្ស៊ី បានចូលរួមវេទិកាខ្សែក្រវាត់និងផ្លូវ នៅប្រទេសចិន។ អំឡុងពេលចូលរួមវេទិកានេះ មេដឹកនាំទាំងពីរបានឆ្លៀតជួបពិភាក្សាការងារទ្វេភាគី។ នាពេលនោះ លោកនាយករដ្ឋមន្ត្រីថៃបានអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន សម្រាប់ដំណើរទស្សនកិច្ចជាផ្លូវការ ក្នុងប្រទេសថៃ នាឆ្នាំក្រោយ។
លោក ស្រេតថា ថាវីស៊ីន បានមានប្រសាសន៍ថា «ខ្ញុំបានអញ្ជើញ លោកពូទីន ទៅលេងប្រទេសថៃ នៅឆ្នាំក្រោយ…ប្រធានាធិបតីពូទីនចូលចិត្តភូកេត ខ្ញុំយល់ថា គាត់ធ្វើដំណើរជាញឹកញាប់»
លោក ពូទីន បានទទួលយកការអញ្ជើញនេះ ប៉ុន្តែកាលបរិច្ឆេទមិនទាន់ត្រូវបានកំណត់នៅឡើយទេ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលថៃ។
ការជួបគ្នា នាពេលនោះ ត្រូវបានគេដឹងថា ក៏មានការពិភាក្សាអំពីការជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវប្បធម៌ផងដែរ។ ក្នុងជំនួបនោះ លោក ពូទីន បានសោកស្ដាយចំពោះការធ្លាក់ចុះនៃពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរ ដោយសារតែ «ស្ថានភាពអន្តរជាតិដ៏ច្របូកច្របល់» នេះបើតាមការទីភ្នាក់ងារសារព័ត៌មាន Tass។
គួរកត់សម្គាល់ថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនលោក ពូទីន ជុំវិញការចោទប្រកាន់ថា និរទេសកុមារអ៊ុយក្រែនរាប់ពាន់នាក់ ទៅកាន់ប្រទេសរុស្ស៊ី។ ប្រទេសថៃ ដែលមិនមែនជារដ្ឋភាគីនៃលក្ខន្តិកៈ «តុលាការឧក្រិដ្ឋកម្មអន្តរជាតិ» បានជ្រើសរើសជម្រើសរក្សាកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី៕ ប្រភព៖ បាងកកប៉ុស្តិ៍, ប្រែសម្រួល៖ សារ៉ាត









