និស្សិតកំពុងសិក្សាថ្នាក់មហាវិទ្យាល័យ ចុះស្វែងយល់ពី កិច្ចសហប្រតិបត្តិការរបស់ JICA ជប៉ុន ក្នុងវិស័យមីននៅកម្ពុជា

(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិហៅកាត់ថា JICA បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយរយះពេល២ថ្ងៃ នៅខេត្ត បាត់ដំបង ដោយបានសហការជាមួយសាកលវិទ្យាល័យជាតិបាត់ដំបង ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការរបស់ចៃកា និងដំណើរទស្សនកិច្ចសិក្សា ក្នុងវិស័យមីនរបស់ប្រទេសកម្ពុជា ដោយមានការចូលរួមពីនិស្សិតដែលកំពុងសិក្សានៅមហាវិទ្យាល័យ ឆ្នាំទី២ ទី៣ និងទី៤ មានដូចជា ផ្នែកអក្សរសាស្ត្រខ្មែរ អក្សរសាស្ត្រអង់គ្លេស អក្សរសាស្ត្រចិន ព័ត៌មានវិទ្យា និតិសាស្ត្រ កែច្នៃអាហារ វិទ្យាសាស្ត្រសត្វ គណនេយ្យ ធនាគារ និងចិត្តវិទ្យា។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ផ្តល់នូវចំណេះដឹងមូលដ្ឋានដល់និស្សិត អំពីជំនួយអភិវឌ្ឍផ្លូវការរបស់ប្រទេសជប៉ុន ក្នុងកិច្ចការរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យមីនរបស់ប្រទេសកម្ពុជា។

សិស្សនិស្សិត បានសម្តែងនូវចំណាប់អារម្មណ៍យ៉ាងខ្លាំង និងថ្លែងអំណរគុណដល់ប្រទេសជប៉ុន និង JICA ដែលរៀបចំសិក្ខាសាលា និងដំណើរទស្សនកិច្ចសិក្សាដែលជួយបង្កើនការយ់ដឹងរបស់ពួកគេលើសម្មភាពបោសសម្អាតមីន និងការអភិវឌ្ឍន៍ប្រទេសកម្ពុជាដោយមានការចូលរួមពីបុគ្គលិក JICA ក្រុមការងារជំនាញស៊ីម៉ាក់ ក្នុងដំណើរការនៃការដោះមីន ។

ក្នុងនោះដែរ ទស្សនកិច្ចសិក្សាបានជ្រើសរើសនិស្សិតចំនួន ២៥រូប ធ្វើដំណើរទៅភូមិចម្លងរមាំងលើ ឃុំអូរសមរិល ស្រុកសំឡូត ខេត្តបាត់ដំបងដែលមានចំងាយប្រមាណ ៧៥គីឡូពីទីរួមខេត្ត ដោយសារការឆ្លងកាត់សង្រ្គាមកំឡុងឆ្នាំ១៩៧០ ជាហេតុធ្វើឱ្យភូមិនេះមាននៅសេសសល់គ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅរាយបាយស្ទើរតែពាសពេញភូមិ ក្រោមការដឹកនាំទស្សនកិច្ចសិក្សាដោយក្រុមការងារជំនាញរបស់ស៊ីម៉ាក់ និងការបង្ហាញបានឱ្យដឹងមាន ១៤៥ចំការមីន នៅក្នុងភូមិ ក្រោយការបោសសម្អាតមីនក្នុងឆ្នាំ២០០០ ដល់ ឆ្នាំ២០២២ ការបោសសម្អាតមីនបានចំនួន ១២៥ចំការមីន ហើយនៅមានចំការមីននៅសល់ចំនួន២០ទៀតដែលមានផ្ទៃដីសរុបចំនួន ១៦៥ ហិតា កំពុងអនុវត្តន៍ផែនការបន្តបោសសម្អាតឆ្នាំ២០២៣នេះ៕

ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner