រុស្ស៊ី-វៀតណាមចាត់ទុកគ្នា ជាដៃគូដ៏សំខាន់បំផុត
ប៉េកាំង៖ ប្រធានាធិបតីរុស្ស៊ី និងប្រធានរដ្ឋវៀតណាមសុទ្ធតែបានលើកឡើងថា ប្រទេសទាំងពីរតែងតែចាត់ទុកគ្នា ជាដៃគូដ៏សំខាន់បំផុត ទៅវិញទៅមក។
លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin និងប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានលើកឡើងពីការចាត់ទុកគ្នាជាដៃគូដ៏សំខាន់បំផុតបែបនេះ នៅក្នុងពេលដែលពួកលោកបានជួបពិភាក្សាគ្នា នាឳកាសចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ នៅប្រទេសចិន ពេលថ្មីៗនេះ។
នៅក្រៅវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទីបី នារដ្ឋធានីប៉េកាំង ក្នុងសប្តាហ៍នេះ មេដឹកនាំទាំងពីររុស្ស៊ី-វៀតណាម បានឆ្លៀតជួបពិភាក្សាគ្នា អំពីផែនការជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។
លោក Thuong បាននិយាយថា វៀតណាមតែងតែចាត់ទុករុស្ស៊ី ជាដៃគូដ៏សំខាន់បំផុតរបស់ខ្លួន ដោយបន្ថែមពីក្តីសង្ឃឹមថា នឹងជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ ជាមួយសហព័ន្ធរុស្ស៊ី លើគ្រប់វិស័យ។
លោក ពូទីន បានបញ្ជាក់ថា វៀតណាមគឺជាដៃគូដ៏សំខាន់បំផុត របស់រុស្ស៊ី នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាថា រុស្ស៊ីនិងវៀតណាមបានមើលឃើញចំណុចធំទូលាយ សម្រាប់ការអភិវឌ្ឍន៍ ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ប្រធានាធិបតីរុស្ស៊ីបានយល់ស្របនឹងការផ្ដល់យោបល់ របស់លោក Thuong លើការលើកទឹកចិត្តឲ្យបង្កើត គំនិតច្នៃប្រឌិត និងផែនការសំខាន់ៗ ដើម្បីបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរ នាពេលអនាគត។
លោក ពូទីន បានទទួលយកការអញ្ជើញរបស់លោក Thuong ឱ្យទៅបំពេញទស្សនកិច្ច នៅវៀតណាម។ រីឯលោក ពូទីន ក៏បានអញ្ជើញ លោក Thuong ឲ្យទៅធ្វើទស្សនកិច្ច នៅប្រទេសរុស្ស៊ី វិញ ក្នុងពេលសមស្រប ដូចគ្នា។
នាពេលនោះដែរ ប្រធានរដ្ឋវៀតណាមបានសម្តែងនូវក្តីសង្ឃឹមថា រុស្ស៊ីនឹងបន្តផ្តល់អាហារូបករណ៍ដល់និស្សិតវៀតណាមបន្ថែមទៀត ដើម្បីពង្រីកការផ្លាស់ប្តូរវប្បធម៌ និង ប្រជាជន។ លោកក៏បានស្នើឲ្យរុស្ស៊ី បន្តជួយយកចិត្តទុកដាក់លើ ប្រជាជនវៀតណាម ដែលកំពុងធ្វើការ សិក្សា និងរស់នៅអចិន្ត្រៃយ៍ ក្នុងប្រទេសរុស្ស៊ី ថែមទៀតផង។
គួរបញ្ជាក់ថា វៀតណាម និងរុស្ស៊ីបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ នៅឆ្នាំ ១៩៥០។ កាលពីឆ្នាំ២០២២ ប្រទេសទាំងពីរបានប្រារព្ធខួប ១០ ឆ្នាំ នៃទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រ លើគ្រប់វិស័យ៕ ប្រភពពី VNEXPRESS ប្រែសម្រួល៖ សារ៉ាត




