លោក Biden ៖ រថយន្តជំនួយដំបូង ទំនងជាទៅដល់ហ្គាហ្សា អំឡុង៤៨ម៉ោងបន្ទាប់

វ៉ាស៊ីងតោន ឌីស៊ី៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយ កាលពីថ្ងៃសុក្រ សប្តាហ៍នេះថា លោកជឿជាក់ថា រថយន្តដឹកទំនិញដំបូងគេដែលដឹកជំនួយទៅកាន់តំបន់ហ្គាហ្សា នឹងឆ្លងកាត់ផ្លូវ Rafah ពីប្រទេសអេហ្ស៊ីប ក្នុងរយៈពេលពីរថ្ងៃបន្ទាប់។

ប្រធានាធិបតីអាមេរិកលោក Biden បាននិយាយដូច្នេះ ក្នុងពេលដែលលោកជួបជាមួយប្រធានសហភាពអឺរ៉ុប នៅឯសេតវិមាន។

លោក Biden លើកឡើងថា «ខ្ញុំជឿថា ក្នុងរយៈពេល ២៤ ទៅ ៤៨ ម៉ោងខាងមុខ ឡានដឹកទំនិញ ២០ គ្រឿងដំបូង នឹងឆ្លងកាត់ព្រំដែន»។

លោក Biden បាននិយាយទៀតថា លោកមានការប្តេជ្ញាចិត្តពីអ៊ីស្រាអែល និងពីប្រធានាធិបតីអេហ្ស៊ីប ដើម្បីអនុញ្ញាតឱ្យមានជំនួយឆ្លងកាត់ តែលោកបញ្ជាក់បន្ថែមថា «ផ្លូវហាយវេត្រូវត្រួសត្រាយឲ្យល្អឡើងវិញ សម្រាប់ការដឹកជញ្ជូនេះ ខណៈដែលផ្លូវទាំងនោះស្ថិតក្នុងស្ថានភាពខូចខាតខ្លាំងណាស់»។

គួររម្លឹកថា ក្រុមសកម្មប្រយុទ្ធ ហាម៉ាស់ បានបើកការវាយប្រហារដ៏សាហាវបំផុត ក្នុងប្រវត្តិសាស្ត្រ ទៅលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៤០០ នាក់ ត្រូវបានសម្លាប់ ដែលភាគច្រើន ជាជនស៊ីវិល។

អ៊ីស្រាអែលបានសងសឹក ឆ្លើយតបវិញ ជាមួយនឹងយុទ្ធនាការទម្លាក់គ្រាប់បែក មិនឈប់ឈរប្រឆាំងនឹងតំបន់ហ្កាហ្សា ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៤១៣៧ នាក់ស្លាប់ ដែលភាគច្រើនជាជនស៊ីវិល នេះបើតាមរដ្ឋបាលហាម៉ាស់ គិតត្រឹមថ្ងៃសុក្រ សប្តាហ៍នេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner