អភិបាលរងខេត្តកណ្តាល ស្នើមន្ទីរវប្បធម៌ខេត្តបន្តកិច្ចការពារបុរាណដ្ឋានសំណង់ និងបេតិកភណ្ឌវត្ថុបុរាណ

អត្ថបទដោយ៖
CPA

កណ្ដាល៖អភិបាលរងខេត្តកណ្ដាលលោកស្រី ហ៊ុន កុសនី  ស្នើដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ត្រូវមានការសហការយ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរដែនដី និងមន្ទីរពាក់ព័ន្ធ បន្តកិច្ចការពារបុរាណដ្ឋានសំណង់និងបេតិកភណ្ឌវត្ថុបុរាណ ឱ្យកាន់តែសកម្មថែមទៀត ដើម្បីរក្សានិងលើកស្ទួយវប្បធម៌ខ្មែរ។

ការស្នើរបស់លោកស្រី ហ៊ុន កុសនី បានធ្វើឡើងនៅឱកាសដែលមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាល បានរៀបចំពិធីបិទមហោស្រពសិល្បៈមហាជន ខេត្តកណ្ដាល លើកទី៥ ឆ្នាំ២០២៣ កាលពី ទី២០ ខែតុលា ឆ្នាំ២០២៣។ មហោស្រពសិល្បៈមហាជននេះត្រូវបានប្រារព្ធប្រារព្វឡើងរយៈពេល ២ថ្ងៃ គឺថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០២៣ ក្នុងគោលបំណងលើកស្ទួយសិល្បៈ វប្បធម៌ជាតិ ការចែករំលែកចំណេះ និងជំនាញសិល្បះ រវាងក្រុមសិល្បៈនិមួយៗ ដែលជាទូទៅ មានភាពខុសប្លែកគ្នាពីតំបន់មួយទៅតំបន់មួយទៀត អាស្រ័យលើជីវភាព ស្ថានភាព និងទំនៀមទម្លាប់ប្រពៃណី នៃការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់នោះ។នេះបើតាមរដ្ឋបាលខេត្តកណ្តាល។ 

ក្នុងឱកាសនោះលោកស្រី ហ៊ុន កុសនី បានស្នើដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ត្រូវមានការសហការយ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរដែនដី និងមន្ទីរពាក់ព័ន្ធបន្តកិច្ចការពារបុរាណដ្ឋានសំណង់បេតិកភណ្ឌវត្ថុបុរាណ ស្ថានីយ បុរាណ ប្រពៃណីទំនៀមទម្លាប់ កិច្ចប្រតិបត្តិសង្គម សីលធម៌ និងគុណតម្លៃរបស់ខ្មែរ ឱ្យកាន់តែសកម្មថែម ទៀត។ លោកស្រីថ្លែងថា​៖« ត្រូវបង្កើនការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យវប្បធម៌ និងភាពម្ចាស់ការលើការងារអភិរក្ស លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ ជាពិសេសការបង្កើតស្នាដៃសិល្បៈថ្មីៗ ដែលមានភាពច្នៃប្រឌិត ដោយយកចិត្តទុកដាក់ខ្ពស់ចំពោះមុខមាត់ និងអត្តសញ្ញាណជាតិ ស្របតាមក្រមសីលធម៌វិជ្ជាជីវៈ និងស្តង់ដាសកល ដើម្បីបង្កើនផលិតភាព និងសក្តានុពលក្នុងការប្រកួតប្រជែងជាមួយសិល្បៈវប្បធម៌ក្នុងតំបន់ និងអន្តរជាតិ»។

បើតាមលោកស្រី ហ៊ុន កុសនី រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដែលផ្តោតជាសំខាន់លើការអភិវឌ្ឍន៍សេដ្ឋកិច្ច និងមូលធនមនុស្ស ក្នុងនោះក៏បានសម្រេចឱ្យមានការបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញ ដូនតា ដល់យុវជនចន្លោះពី ២ទៅ៤ភាគរយ ក្នុងចំណោមយុវជនសរុបចំនួន ១,៥លាននាក់ ។
លោកស្រីបញ្ជាក់ថា​៖« សេចក្ដីសម្រេចជាប្រវត្តិសាស្ត្រនេះ ជាភស្តុតាងនៃការយកចិត្តទុកដាក់ប្រកប​ដោយចក្ខុវិស័យវែងឆ្ងាយ ដែលមិនត្រឹមតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងអ្នកសិល្បៈវប្បធម៌ប៉ុណ្ណោះនោះទេ តែក៏ជាការត្រៀមពង្រឹងមូលដ្ឋាននៃអត្តសញ្ញាណជាតិជាយូរអង្វែង សម្រាប់យុវជនជំនាន់ក្រោយ ដើម្បីពង្រីកកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ ហើយជាការផ្តល់ឱកាសមាសដ៏មានតម្លៃបំផុត សម្រាប់អ្នកបម្រើក្នុងវិស័យសិល្បៈ ព្រមទាំងប្រជាជន កម្ពុជាគ្រប់ៗរូបពិសេសយុវជន ដើម្បីចូលរួមអភិរក្ស លើកស្ទួយតម្លៃ និងអភិវឌ្ឍន៍វប្បធម៌ជាតិ»។

ជាមួយគ្នានោះ លោកស្រីក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងដោយឈរលើស្មារតី សហការ និងទទួលខុសត្រូវរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ក្នុងការបំពេញភារកិច្ចការងាររយៈពេល កន្លងមកនេះ ក្នុងបុព្វហេតុអភិរក្ស លើកស្ទួយតម្លៃអភិវឌ្ឍវប្បធម៌ជាតិ លើកស្ទួយ តម្លៃបេតិកភណ្ឌវប្បធម៌ជាតិ និងការច្នៃប្រឌិតបង្កើតស្នាដៃថ្មី ដើម្បីបន្តឆ្ពោះទៅឱ្យដល់គោលដៅតាមទិសស្លោក “កម្ពុជា៖ ព្រះរាជាណាចក្រនៃវប្បធម៌” ។

លោកស្រី មួង សារឹម ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈកណ្ដាល ​មានប្រសាសន៍ថា ពិធីមហោស្រពនេះ ក៏ដើម្បីវាយតម្លៃចំណុចវិជ្ជមាន និងអវិជ្ជមាន របស់ក្រុមសិល្បៈ អំពីគុណភាព សមត្ថភាព និងការរក្សាបាននូវសីលធម៌ ប្រពៃណីដ៏ខ្ពង់ខ្ពស់ ថ្លៃថ្នូររបស់ជាតិ ចៀសវាងការជ្រៀតចូលនៃវប្បធម៌បរទេស ជះឥទ្ធិពលដល់វប្បធម៏ជាតិ៕

ដោយ៖ គឹម យុត្ថារ៉ូ

ads banner