ក្រសួងមហាផ្ទៃ កំពុងធ្វើកំណែទម្រង់ស៊ីជម្រៅលើកម្លាំងនគរបាលជាតិទាំងសមត្ថភាព និងវិន័យ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ក្រសួងមហាផ្ទៃ បាននិងកំពុងដាក់ចេញនូវផែនការសម្រាប់ធ្វើកំណែទម្រង់ក្នុងការពង្រឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ ទាំងការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ និងការស្លៀកពាក់ឯកសណ្ឋាន ដើម្បីបំពេញការងារកាន់តែមានប្រសិទ្ធភាពស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី។

ដើម្បីឆ្លើយតបទៅនឹងកំណែទម្រង់នេះឯកឧត្តម សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំស្តីអំពីការពង្រឹងវិន័យរបស់កងកម្លាំងនគរបាលជាតិកាលពី ២០ ខែតុលា ឆ្នាំ២០២៣នេះ ដោយមានការអញ្ជើញចូលរួមពី អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញមកពីអង្គភាពពាក់ព័ន្ធចំណុះឱ្យក្រសួងមហាផ្ទៃ ជាច្រើនរូបផងដែរ។នេះបើតាមក្រសួងមហាផ្ទៃ។

បើតាមឯកឧត្តម សេង ផល្លី  ការរៀបចំយន្តការធ្វើកំណែទម្រង់ពង្រឹងកងកម្លាំងនគរបាលជាតិនេះ ដោយទទួលបានការឯកភាពពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ឯកឧត្តមថាបញ្ជាក់ថា៖« ក្រសួងមហាផ្ទៃ កំពុងតែស្ថិតក្នុងដំណាក់កាលដែលកំពុងធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់ផ្នែក ជាពិសេសទាក់ទងលើការងារបុគ្គលិក ជាក់ស្ដែង អគ្គនាយកដ្ឋានធនធានមនុស្ស ជាសេនាធិការផ្ទាល់ជូនរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ទៅលើការងារធនធានមនុស្សលើការងារបុគ្គលិកនេះផងដែរ»។

លោកបន្ដថា ទាក់ទងទៅនឹងកិច្ចប្រជុំនៃការធ្វើកំណែទម្រង់នាពេលនេះ បានលើកយកនូវកម្មវត្ថុ ដើម្បីយកមកជជែកវែកញែក និងប្រមូលផ្ដុំធាតុចូលសម្រាប់ដាក់ចេញនូវផែនការសម្រាប់កំណែទម្រង់ក្នុងការពង្រឹងវិន័យរបស់កងកម្លាំងនគរបាលជាតិចំនួនបួនសំខាន់ៗ។
កំណែទម្រង់នោះរួមមាន៖ ១ ការស្លៀកពាក់ឯកសណ្ឋាន និងការពង្រឹងវិន័យ, ២ កាអភិវឌ្ឍសមត្ថភាព
មន្ត្រីរាជការទាំង៣ក្របខ័ណ្ឌ (មន្រ្តីរាជការស៊ីវិល, នគរបាលជាតិ និងពន្ធនាគារ) ,៣ ការរៀបចំឱ្យមានគ្រូបង្គោលទៅតាមអង្គភាពនីមួយៗ និងទី៤ បញ្ហាពាក់ព័ន្ធក្នុងការខ្ចីមន្ត្រីយកទៅប្រើប្រាស់។

ឯកឧត្តម សេង ផល្លី  បានរំលេចផងដែរថា៖«អគ្គនាយកដ្ឋានធនធានមនុស្ស នឹងខិតខំប្រឹងប្រែងបំពេញការងារ មានផែនការ និងគោលដៅច្បាស់លាស់ទៅតាមភារកិច្ចដែលបានកំណត់ជាមួយនឹងអង្គភាពពាក់ព័ន្ធ នៅក្នុងស្មារតីកិច្ចសហប្រតិបត្តិការ ដើម្បីឱ្យក្រសួងមហាផ្ទៃ ទទួលបានជោគជ័យទៅតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដែលបានកំណត់»៕

ដោយ៖ សុខ រក្សា

ads banner