រថយន្តសង្គ្រោះបឋម បានចូលទៅក្នុងតំបន់ហ្គាហ្សា តាមប្រទេសអេហ្ស៊ីប
ហ្គាហ្សា៖ រថយន្តដឹកជំនួយដំបូងបានទៅតំបន់ហ្គាហ្សា ដែលហែកហួរដោយសង្រ្គាម ដោយនាំយកជំនួយមនុស្សធម៌ ជាតម្រូវការចាំបាច់ ដល់តំបន់របស់ក្រុមប៉ាឡេស្ទីនមួយនេះ។
រថយន្តសង្គ្រោះបឋមនេះគឺធ្វើដំណើរតាមច្រក នៃប្រទេសអេហ្ស៊ីប យកជំនួយចូលទៅក្នុងតំបន់ហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ ក្រោមការឡោមព័ទ្ធ របស់អ៊ីស្រាអែល។
ការឡោមព័ទ្ធរបស់អ៊ីស្រាអែលបានកាត់បន្ថយការផ្គត់ផ្គង់ស្បៀងអាហារ ទឹក អគ្គិសនី និងប្រេងឥន្ធនៈ ទៅកាន់ទឹកដីដែលមានប្រជាជនរស់នៅ ប្រមាណ ២.៤ លាននាក់ បង្កឱ្យមានការព្រមាន អំពីមហន្តរាយមនុស្សធម៌។
អ្នកកាសែត AFP បានឃើញរថយន្តដឹកទំនិញចំនួន ២០ គ្រឿង មកពីអឌ្ឍចន្ទក្រហមប្រទេស អេហ្ស៊ីបឆ្លងកាត់ព្រំដែន Rafah ពីប្រទេសអេហ្ស៊ីប ចូលទៅក្នុងតំបន់ ហ្គាហ្សា កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍។ ច្រកឆ្លងកាត់ ដែលជាច្រកតែមួយគត់ទៅកាន់តំបន់ហ្គាហ្សា មិនត្រូវបានគ្រប់គ្រងដោយអ៊ីស្រាអែល បានបិទឡើងវិញ បន្ទាប់ពីរថយន្តដឹកទំនិញឆ្លងកាត់ រួចរាល់។
គួរបញ្ជាក់ថា ឡានដឹកទំនិញបានរង់ចាំអស់រយៈពេលជាច្រើនថ្ងៃ នៅខាងប្រទេសអេហ្ស៊ីប ទើបអាចចូលទៅទីនោះបាន ពោលគឺបន្ទាប់ពីអ៊ីស្រាអែលបានយល់ព្រមលើសំណើ ពីសម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួន គឺសហរដ្ឋអាមេរិក ដើម្បីអនុញ្ញាត ឱ្យមានជំនួយទាំងនោះ ចូលទៅក្នុងតំបន់ ហ្គាហ្សា៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

