សាលារៀនថ្មី១ខ្នង ក្រោមជំនួយ សមាគមទេសចរណ៍វប្បធម៍កម្ពុជា-ចិន បានសាងសង់រួចរាល់ និង សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
(មណ្ឌលគិរី)៖ សាលារៀនថ្មី១ខ្នង មាន៤បន្ទប់ បានសាងសង់រួចរាល់និងដាក់សម្ភោធឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២១ ខែតុលាឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទ អភិបាលរងខេត្តមណ្ឌលគិរី លោកស្រី ទាវ ប៊ុនចិន្តា អនុប្រធាន មជ្ឈមណ្ឌលទេសចរណ៍វប្បធម៌ កម្ពុជា-ចិន នឹងជាប្រធានផ្នែក ទំនាក់ទំនងអន្តរជាតិ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៅភូមិចុងថាងជេអេ ឃុំពូជ្រៃ ស្រុកពេជ្រដា ខេត្តមណ្ឌលគីរី ។
លោកស្រី ទាវ ប៊ុនចិន្តា អនុប្រធាន មជ្ឈមណ្ឌលទេសចរណ៍វប្បធម៌ កម្ពុជា-ចិន បានថ្លែងថា ដោយមើលឃើញពីកង្វះខាតរបស់លោកគ្រូអ្នកគ្រូ និងសម្ភារសិក្សាក្មេងៗសិស្សានុសិស្សដែលមានជីវភាពខ្វះខាត នៅតំបន់ដាច់ស្រយាល សមាគមទេសចរណ៍វប្បធម៍ កម្ពុជា-ចិន បានសម្រេចផ្តល់ជំនួយការសាងសង់ សាលារៀនថ្មី ដែលជំនួសឱ្យសាលារៀនដែលមានសភាពចាស់ទ្រុឌទ្រោម និងលិចទឹកក្នុងថ្នាក់រៀន ដើម្បីចូលរួមចំណែកជួយដល់កុមារក្រីក្រ អោយទទួលបាន ការសិក្សាអប់រំនិងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស ជំរញការអប់រំនៅតាមជនបទ ។ សាលារៀនថ្មីដែលសាងសង់នេះ បានចំណាយថវិការសាងសង់អស់ប្រមាណ ៦មឺនដុល្លារសហរដ្ឋអាមេរិក ។
ថ្លែងក្នុងឱកាសនោះ លោកជំទាវ ម៉ាត់ ម៉ារ៉ាកោតសរសើរចំពោះអាជ្ញាធរពាក់ព័ន្ធ ក្នុងការសម្រួលដល់ការសាងសង់សាលារៀនថ្មី១នេះបានលេចរូបរាងឡើងទាន់ពេលសិក្សា និងបង្ហាញក្តីសប្បាយរីករាយដល់ ក្មេងៗសិស្សានុសិស្សដែលមានជីវភាពខ្វះខាតឱ្យមានបន្ទប់សិក្សាថ្មី ។
លោកជំទាវ បានចាត់ទុកសកម្មភាពនេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ និងលើកទឹកចិត្តឱ្យសមាគមទេសចរណ៍វប្បធម៍កម្ពុជា-ចិន អោយបន្តក្នុងការផ្តល់ជំនួយការសាងសង់សាលារៀបន្តទៀតនៅតាមទីជនបទដាច់ស្រយាលដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹង ប្រែងយ៉ាងប្តូរផ្តាច់របស់រាជរដ្ឋាភិបាល ពិសេសកំណែទម្រង់ស៊ីជម្រៅ លើវិស័យអប់រំក្នុងគោលដៅ ដើម្បីការអភិវឌ្ឍភាពសុខដុមរមនា និងវិបុលភាពរបស់កម្ពុជា ៕
ដោយ ហេង សម្បត្តិ+ថេត វិចិត្រ












