គូស្នេហ៍មួយគូរថតរូបអាពាហ៍ពិពាហ៍ នៅមុខភ្នំសំរាម
តៃប៉ិ៖ គូស្នេហ៍តៃវ៉ាន់មួយគូរបានថតរូបអាពាហ៍ពិពាហ៍ នៅមុខភ្នំសំរាម ខណៈដែលកូនក្រមុំដែលតែងគិតគូពីបរិស្ថានសង្ឃឹមថា ការធ្វើបែបនេះនឹងបង្អាក់ដល់ភ្ញៀវចូលរួមកម្មវិធីរៀបការរបស់ពួកគេ នាពេលខាងមុខ មិនឲ្យបង្កើត «សំរាម» ណាដែលមិនចាំបាច់។
អ្នកធ្វើយុទ្ធនាការ Greenpeace អ្នកនាង Iris Hsueh និងគូដណ្តឹងរបស់នាងគ្រោងនឹងរៀបចំ «ពិធីមង្គលការ ប្រកបដោយភាពស្និទ្ធស្នាលនឹងបរិស្ថាន» របស់ពួកគេ នៅក្នុងខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ហើយនាងថែមទាំងបានស្នើឱ្យភ្ញៀវ នាំយកវត្ថុសម្រាប់ស្តុកសម្រាមផ្ទាល់ខ្លួន ទុកដាក់សំណល់រៀងៗខ្លួន ពេលដែលត្រលប់ទៅផ្ទះវិញ ក្រោយចប់កម្មវិធីអាពាហ៍ពិពាហ៍ របស់នាងទៀតផង។
ដោយជឿជាក់លើគំនិតមួយដែលថា «បង្ហាញ តែមិនប្រាប់» គឺជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពជាងនោះ គូស្នេហ៍ដែលរស់នៅទីក្រុងតៃប៉ិ ទាំងពីរនាក់ បានធ្វើដំណើរ រយៈពេល ៣ម៉ោង ទៅកាន់តំបន់ភាគខាងត្បូង ដើម្បីថតរូប នៅក្នុងសង្កាត់ Puli នៃស្រុក Nantou ជាទីកន្លែងចាក់សំរាម ដែលមានគំនរសំរាម កាន់តែច្រើនឡើង ជាលំដាប់។
អ្នកនាង Iris Hsueh វ័យ ៣៣ ឆ្នាំរូបនេះ បានប្រាប់ AFP ថា «ប្រសិនបើភ្ញៀវណាមិនព្រមយកតាមនូវ វត្ថុស្តុកសម្រាម ខ្ញុំនឹងបង្ហាញរូបថតនោះ ឱ្យពួកគេ ហើយនិយាយថា តើអ្នកនឹងពិចារណាឡើងវិញ ទេ?»
ស្ត្រីរូបនេះបានបន្ថែមថា រូបថតនៅមុខភ្នំសំរាម ទាំងនោះ បានទាក់ទាញ អ្នកសារព័ត៌មានក្នុងស្រុក ជាច្រើន។
ប្រធានផ្នែកអនាម័យក្រុង Puli លោក Chen Chun-hung បាននិយាយថា បរិមាណសំរាម នៅទីនោះ បានរីកដុះដាល ក្នុងនោះ កាលពីទសវត្សរ៍ ឆ្នាំ ១៩៨០ វាមានប្រហែល ២០ តោនក្នុងមួយថ្ងៃ ប៉ុន្តែ ឥឡូវនេះ មានប្រហែល ៥០តោន ។ លោកបានប្រាប់ AFP ថា «ចំនួនប្រជាជនរបស់យើង ពិតជាមានការថយចុះ ប៉ុន្តែ បរិមាណសំរាមកំពុងកើនឡើង ជារៀងរាល់ឆ្នាំ»៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត






