អ៊ីស្រាអែល “បង្កើន” ការវាយប្រហារនៅតំបន់ហ្គាហ្សា

ហ្ស៊េរុយសាឡិម៖ យោធានៃប្រទេសអ៊ីស្រាអែលបានអះអាង ពីការបង្កើនសកម្មភាពវាយប្រហារ ទៅលើតំបន់ហ្គាហ្សា។

អ៊ីស្រាអែលនឹងបង្កើនការវាយប្រហារ ដែលខ្លួនហៅថា «ការដាក់ទណ្ឌកម្ម» ទៅលើតំបន់ហ្គាហ្សា ដើម្បីបង្កើនសម្ពាធលើក្រុមហាម៉ាស ខណៈដែលមន្ត្រីកំពូលរបស់ប្រទេសនេះបានព្រមានថា ទាហានត្រូវត្រៀមខ្លួន ចូលទៅក្នុងទឹកដីប៉ាឡេស្ទីន ដែលឡោមព័ទ្ធ។

អ្នកនាំពាក្យយោធាអ៊ីស្រាអែល ឧត្តមនាវីឯក Daniel Hagari បានប្រាប់សន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ ថា «យើងត្រូវចូលទៅក្នុងដំណាក់កាលបន្ទាប់ នៃសង្រ្គាម នៅក្នុងលក្ខខណ្ឌដ៏ល្អបំផុត…ចាប់ពីថ្ងៃនេះតទៅ យើងកំពុងបង្កើនការធ្វើសកម្មភាពវាយប្រហារ និងកាត់បន្ថយគ្រោះថ្នាក់ ជាអប្បបរមា»។

លោក Hagari បានបន្ថែមថា «យើងនឹងបង្កើនការវាយប្រហារ ដូច្នេះហើយ ខ្ញុំបានអំពាវនាវឱ្យអ្នកស្រុក Gaza បន្តផ្លាស់ទី ទៅភាគខាងត្បូង ដើម្បីសុវត្ថិភាពរបស់ពួកគេ» ។

សូមបញ្ជាក់ថា ចាប់តាំងពីមានការវាយប្រហាររបស់ពួកហាម៉ាស់ ទៅលើអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ដែលបានសម្លាប់មនុស្ស ១៤០០ នាក់មក អ៊ីស្រាអែលបានបើកការបំផ្លិចបំផ្លាញតាមអាកាស និងទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សា។ អាជ្ញាធរហាម៉ាស់បានអះអាងថា មនុស្ស៤.៣៨៥នាក់ហើយ ដែលបានស្លាប់ ដោយសារការវាយប្រហាររបស់អុីស្រាអែលនេះ។

អ៊ីស្រាអែលក៏បានប្រមូលផ្តុំកងទ័ពរាប់ម៉ឺននាក់ និងរថក្រោះរាប់រយគ្រឿង នៅតាមព្រំដែន Gaza សម្រាប់ការលុកលុយតាមដែនគោក យ៉ាងខ្លាំងក្លាផងដែរ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner