កាកបាទក្រហមកម្ពុជា ចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ១៦២គ្រួសារ រស់នៅតាមសណ្តរស្ទឹងព្រែកត្នោត ខណ្ឌកំបូល

(ភ្នំពេញ)៖ ឆ្លើយតបទៅនឹងសេចក្តីត្រូវការភ្លាមៗរបស់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង តាមសណ្ដស្ទឹងព្រែកត្នោត នៅរសៀលថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៣ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា រួមជាមួយសាខាកាកបាទក្រហម កម្ពុជា រាជធានីភ្នំពេញ និងអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌកំបូល ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌ជួយសម្រាលការលំបាកផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះចំនួន ១៦២គ្រួសារ រស់នៅខណ្ឌកំបូល រាជធានីភ្នំពេញ ដែលកំពុងស្នាក់នៅបណ្តោះអាសន្នលើទីទួលសុវត្ថិភាព ដែលពិធីនេះធ្វើឡើងនៅវត្តទ្រនំជ្រឹង ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកជំទាវ ម៉ែន នារីសោភ័គ បានគូសបញ្ជាក់ថា “បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ទាំងក្នុងនីតិកាលមុនៗ និងក្នុងនីតិកាលទី៧នេះ គឺមានក្រុមការងារស្បៀងបម្រុង ដែលធ្វើការងារជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីពិនិត្យ វាយតម្ល ទៅលើផលប៉ះពាល់ និងការខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋ។ ដោយឡែក កាកបាទក្រហមកម្ពុជា ក្នុងនាមជាជំនួយការ ឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ក្នុងចំណាត់ការភ្លាមៗគឺត្រូវចុះនាំយកអំណោយជួយសម្រាលការលំបាកជូន បងប្អូនប្រជាពលរដ្ឋរងគ្រោះ ដែលរងផលប៉ះពាល់ខ្លាំងជាងគេ។”

ជាមួយគ្នានេះ លោកជំទាវ ក៏បានពាំនាំនូវការផ្តាំផ្ញើពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពេលរដូវភ្លៀង និងពេលមានទឹកជំនន់បែបនេះ សូមគិតគូរពីសុវត្ថិភាព និងអាយុជីវិតរបស់បងប្អូន និងក្រុមគ្រួសារផ្ទាល់ ជាពិសេស គ្រួសារណាដែលមានក្មេងតូចៗ ឬមនុស្សចាស់ និងត្រូវប្រុងប្រយ័ត្នពីសត្វអសិរពិសផងដែរ។ ទន្ទឹមនឹង សូមបងប្អូនប្រជា ពលរដ្ឋយកចិត្តទុកដាក់ថែរក្សាអនាម័យ បរិភោគស្អាត ប្រុងប្រយ័ត្នជំងឺផ្សេងៗដែលបង្កឡើងដោយទឹក ហេតុដូចនេះ សូមបងប្អូនពិសាទឹកដាំឆ្អិនល្អ ហើយនៅពេលដែលទឹកស្រកទៅវិញ ក៏សូមបងប្អូនសម្អាតទីលំនៅដ្ឋានរបស់បងប្អូនឱ្យ បានស្អាត មុនពេលចូលទៅរស់នៅវិញ។ ទន្ទឹមនឹងនេះ សូមប្រុងប្រយ័ត្នពីជំងឺគ្រុនឈាម គ្រុនចាញ់ ហើយថ្មីៗនេះទៀតគឺ ជំងឺភ្នែកក្រហមផងដែរ។

លោកជំទាវ ម៉ែន នារីសោភ័គ ក៏បានលើកឡើងពីយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលផ្តោតលើអភិវឌ្ឍមូលធនមនុស្ស គឺមនុស្សដែលមានសមត្ថភាពខ្ពស់ និងមានសុខភាពល្អ។ ហេតុដូចនេះ ទាក់ទងនឹងការថែទាំសុខភាពបឋម, កាកបាទក្រហមកម្ពុជា បានសហការជាមួយក្រសួងសុខាភិបាល ក្នុងការអប់រំផ្សព្វផ្សាយទៅដល់បុគ្គលម្នាក់ គ្រួសារមួយ និងសហគមន៍មួយ ឱ្យមានយល់ដឹងអំពីបញ្ហាសុខភាព អនាម័យ អាហារូបត្ថម្ភ និងការគិតគូរពីការបរិភោគចំណីអាហារឱ្យមានសុវត្ថិភាព កុំបរិភោគប្រៃពេក ផ្អែកពេក ខ្លាញ់ពេក ដែលបង្កឪឱ្យមានជំងឺផ្សេងៗដូចជា ជំងឺទឹកនោមផ្អែក ជំងឺទឹកនោមប្រៃ ជំងឺបេះដូង ជំងឺលើសសម្ពាធឈាម ជាដើម។ ដូច្នេះដើម្បី មានសុខភាពល្អ គឺបងប្អូនត្រូវចូលរួមថែទាំសុខភាពបឋមទាំងអស់គ្នា ព្រោះថាបើទោះបីជាយើងមានគ្រូពេទ្យជំនាញ មាន មន្ទីរពេទ្យល្អយ៉ាងណាក៏ដោយ ក៏មិនអាចព្យាបាលបានដែរ ប្រសិនបើមិនមានការចូលរួមពីបងប្អូនម្នាក់ៗ។

សូមបញ្ជាក់ថា ក្នុងឱកាសនោះដែរ កាកបាទក្រហមកម្ពុជា ក៏បានប្រគេននូវទេយ្យទាន ជាគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ដល់វត្តទ្រនំជ្រឹង ផងដែរ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner