ថៃ៖ លោក ថាក់ស៊ីន ត្រូវបានអនុញ្ញាតឲ្យបន្តសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យ

បាងកក៖ អគ្គនាយកដ្ឋានកែប្រែប្រទេសថៃបានឲ្យដឹងថា អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងបន្តការព្យាបាល នៅក្នុងមន្ទីរពេទ្យនគរបាល ជាការអនុញ្ញាតឱ្យបន្តការស្នាក់ នៅក្រៅពន្ធនាគារ បន្ទាប់ពីផុតកំណត់ រយៈពេល ៦០ ថ្ងៃដំបូង។

លោក Sahakarn Phetnarin អគ្គនាយក នៃអគ្គនាយកដ្ឋានកែប្រែបានមានប្រសាសន៍ កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ ថា ការសម្រេចចិត្តអនុញ្ញាតឲ្យលោក ថាក់ស៊ីន បន្តសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនេះ គឺផ្អែកលើការណែនាំរបស់វេជ្ជបណ្ឌិត ដែលចង់ឲ្យលោកទទួលការព្យាបាលត្រឹមត្រូវ សម្រាប់ជំងឺនានា រួមមាន ជំងឺលើសឈាម បញ្ហាផ្លូវដង្ហើម បញ្ហាអាយុ ព្រមទាំង ជំងឺដែលទាក់ទង ផ្សេងៗទៀត។

ការយល់ព្រមពីអគ្គនាយកដ្ឋានកែប្រែ, ការណែនាំរបស់វេជ្ជបណ្ឌិត និងភស្តុតាងពាក់ព័ន្ធ ត្រូវបានដាក់ជូនលេខាធិការអចិន្ត្រៃយ៍ នៃក្រសួងយុត្តិធម៌ សម្រាប់ការអនុម័តចុងក្រោយ លើការបន្តការស្នាក់ នៅមន្ទីរពេទ្យ របស់លោក ថាក់ស៊ីន។

គួរបញ្ជាក់ថា លោក ថាក់ស៊ីន ស្ថិតក្រោមការគ្រប់គ្រងរបស់អគ្គនាយកដ្ឋានកែប្រែ ខណៈដែលប៉ូលិសផ្តល់សន្តិសុខដល់អតីតនាយករដ្ឋមន្ត្រីរូបនេះ។ លោកបានត្រឡប់ចូលប្រទេសថៃវិញ កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៣ ក្រោយពីនិរទេសខ្លួន ១៥ ឆ្នាំ ។ លោកត្រូវបានកាត់ទោស ឲ្យជាប់ពន្ធនាគារសរុប ៨ ឆ្នាំ ក្នុងសំណុំរឿង ៣ ករណី។

ទោះយ៉ាងណាក៏ដោយ លោក ថាក់ស៊ីន ត្រូវបានគេបញ្ជូនពីពន្ធនាគារបាងកក ទៅមន្ទីរពេទ្យនគរបាល ដោយសារហេតុផលសុខភាព ហើយបន្ត នៅទីនោះ តាំងពីពេលនោះមក។ ក្រោយពីបានសុំការលើកលែងទោសពីព្រះមហាក្សត្រថៃលោក ថាក់ស៊ីន ត្រូវបានបន្ធូរបន្ថយទោសជាប់ពន្ធនាគារ ត្រឹមតែរយៈពេលមួយឆ្នាំវិញ៕ ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner