កម្មវិធីសប្តាហ៍ការទូតបៃតងសហភាពអឺរ៉ុប-អាស៊ាននៅកម្ពុជាចូលរួមផ្សព្វផ្សាយកាត់បន្ថយប្លាស្ទិក

(ភ្នំពេញ)៖ កម្មវិធីសប្តាហ៍ការទូតបៃតងសហភាពអឺរ៉ុប-អាស៊ាន បានរៀបចំឡើង នាថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ នៅរាជធានីភ្នំពេញ ដើម្បីចូលរួមផ្សព្វផ្សាយអំពីបញ្ហាបរិស្ថាន ដែលបាននិងកំពុងតែប្រឈមនៅតាមប្រទេសនៃមហាអនុតំបន់មេគង្គ (Greater Mekong Subregion)។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា កម្មវិធីសប្តាហ៍ការទូតបៃតងសហភាពអឺរ៉ុប-អាស៊ាននេះ បានផ្តល់ជាវេទិកាដ៏មានអត្ថន័យមួយ ដើម្បីបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការទូត ក្នុងការដោះស្រាយបញ្ហាបរិស្ថាន និងចូលរួមគាំទ្រដល់សកម្មភាព ដែលធ្វើឱ្យពេលអនាគតគ្មានសំណល់ប្លាស្ទិក និងការរស់នៅប្រកបដោយនិរន្តរភាព ជាពិសេសក្នុងបុព្វហេតុសុក្រឹតកម្មបរិស្ថានកិច្ច។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកទឹកចិត្តឱ្យអ្នកទាំងអស់គ្នាចូលរួមគាំទ្រដល់គំនិតផ្តួចផ្តើមទាំងនេះ និងបន្តជំរុញការចូលរួមពីមូលដ្ឋាន ក្នុងការកាត់បន្ថយសំណល់បាស្ទិក សំដៅលើកកម្ពស់ការអភិវឌ្ឍដោយចីរភាព និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

ឯកឧត្តម មានជំនឿជឿជាក់ថា តាមរយៈកិច្ចខិតខំប្រឹងប្រែង និងការតាំងចិត្តរបស់យើងទាំងអស់គ្នា យើងនឹងអាចការពារទន្លេមេគង្គ និងធានា បានថាទន្លេមេគង្គនៅតែបន្តហូរ ដែលជានិមិត្តរូបនៃក្តីសង្ឃឹម និងជីវិតសម្រាប់មនុស្សជាតិទាំងពេលបច្ចុប្បន្ន និងជំនាន់ក្រោយ ។

ជាមួយគ្នានេះដែរ នៅក្នុងកម្មវិធីសប្តាហ៍ការទូតបៃតងសហភាពអឺរ៉ុប-អាស៊ាន ក៏មានពិធីដាំដើមឈើនៅក្នុងសាលាបឋមសិក្សាជ្រោយចង្វារផងដែរ ។

សូមបញ្ជាក់ថា តាមការសិក្សាបានបង្ហាញថា សំណល់ប្លាស្ទិកជាង ៣៧០០០តោន (បីម៉ឺនប្រាំពីរពាន់តោន) ក្នុងមួយឆ្នាំ បានហូរចូលទៅក្នុងសមុទ្រពីទន្លេមេគង្គ ដែលបង្កឱ្យមានផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋដែលអាស្រ័យផលពីទន្លេមេគង្គនេះ។ សំណល់ប្លាស្ទិកទាំងនោះនឹងបំលែងជាមីក្រូប្លាស្ទិក តូចៗពិបាកនឹងមើលឃើញ ហើយត្រីអាចនឹងស៊ីប្លាស្ទិកទាំងនោះ នាំឱ្យមានការបំពុលដល់សង្វាក់ម្ហូបអាហារ និងបង្កផលប៉ះពាល់ដល់សុខភាពមនុស្ស។ ការបំពុលដោយប្លាស្ទិកនៅទន្លេមេគង្គ គឺជាបញ្ហាបរិស្ថានឆ្លងដែនដ៏ស្មុគស្មាញមួយ ដែលទាមទារឱ្យមានការដោះស្រាយរួមគ្នា និងមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ទាំងថ្នាក់ជាតិ និងអន្តរជាតិ ៕

ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner