មេដឹកនាំអារ៉ាប់ ថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា
ប៉ាឡេស្ទីន៖មេដឹកនាំបណ្ដាប្រទេសអារ៉ាប់កាលពីថ្ងៃសៅរ៍ទី២១ ខែតុលា បានថ្កោលទោសការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា ហើយបានទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងជាថ្មី ដើម្បីឈានទៅរកដំណោះស្រាយសន្តិភាពនៅមជ្ឈិមបូព៌ា ក្នុងការបញ្ចប់ជម្លោះជាច្រើនទសវត្សរ៍រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas ថ្លែងក្នុងកិច្ចប្រជុំកំពូលសន្តិភាពទីក្រុងគែរថា អ៊ីស្រាអែលមិនអាចបង្ខំប្រជាជនប៉ាឡេស្ទីនឱ្យផ្លាស់ទីលំនៅ ឬបណ្តេញពួកគេចេញពីទឹកដីរបស់ខ្លួននោះឡើយ។ លោកបន្តថា៖ «យើងនឹងមិនចាកចេញទៅទីណាទាំងអស់»។
ចំណែកឯស្តេចហ្ស៊កដានី Abdullah បានបន្ថែមការថ្កោលទោសទៅលើអ្វីដែលទ្រង់ហៅថា ភាពស្ងៀមស្ងាត់ជាសកលលើការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា។
ទ្រង់ថ្លែងក្នុងកិច្ចប្រជុំដូចគ្នាយ៉ាងដូច្នេះថា ៖ «សារដែលពិភពអារ៉ាប់កំពុងឮគឺថា ជីវិតរបស់ប៉ាឡេស្ទីនមិនសូវសំខាន់ជាងប្រជាជនអ៊ីស្រាអែល» ហើយបន្ថែមថា ទ្រង់មានការខឹងសម្បារ និងសោកសៅចំពោះអំពើហិង្សាប្រឆាំងនឹងជនស៊ីវិលស្លូតត្រង់ទាំងនៅតំបន់ហ្គាហ្សា តំបន់វ៉េសបែងឃ៍ និងអ៊ីស្រាអែល។
ព្រះអង្គ Abdullah មានបន្ទូលទៀតថា៖ «ថ្នាក់ដឹកនាំអ៊ីស្រាអែល ត្រូវតែដឹងម្តងហើយម្តងទៀតថា រដ្ឋមួយមិនអាចរីកចម្រើនបានទេ ប្រសិនបើវាកសាងឡើងលើមូលដ្ឋាននៃភាពអយុត្តិធម៌។ សាររបស់យើងទៅកាន់អ៊ីស្រាអែលគួរតែថា យើងចង់បានអនាគតនៃសន្តិភាពនិងសន្តិសុខសម្រាប់អ្នក និងប៉ាឡេស្ទីន»។
ជំនួបកំពូលរវាងមេដឹកនាំអារ៉ាប់កាលពីថ្ងៃសៅរ៍ ធ្វើឡើងចំពេលដែលអ៊ីស្រាអែលរៀបចំខ្លួនត្រៀមលុយវាយលុកលើតំបន់ហ្គាហ្សា ប៉ុន្តែបញ្ចប់ទៅ ដោយមិនបានសម្រេចអ្វីជាដុំកំភួនលើបញ្ហាជម្លោះនោះទេទេ។
កន្លងមក បណ្តាប្រទេសអារ៉ាប់ បានសម្តែងការខឹងសម្បារចំពោះការទម្លាក់គ្រាប់បែកដែលមិនធ្លាប់មានពីមុនមករបស់អ៊ីស្រាអែល និងការបិទខ្ទប់តំបន់ហ្គាហ្សា ដែលមានប្រជាជនចំនួន ២,៣ លាននាក់រស់នៅ ហើយបណ្ដាលឱ្យមានបញ្ហាមនុស្សធម៌ធ្ងន់ធ្ងរ។
ក្នុងសុន្ទរកថាកាលពីថ្ងៃសៅរ៍ លោកប្រធានាធិបតីអេហ្ស៊ីប Abdel Fattah al-Sisi បាននិយាយថា ប្រទេសរបស់លោកបានប្រឆាំងនឹងអ្វីដែលលោកហៅថា ការផ្លាស់ទីលំនៅរបស់ជនជាតិប៉ាឡេស្ទីនចូលទៅក្នុងតំបន់ស៊ីណៃ របស់អេហ្ស៊ីប។
លោកបន្តថា ៖ «ដំណោះស្រាយចំពោះបញ្ហាប៉ាឡេស្ទីន មិនមែនជាការផ្លាស់ទីលំនៅទេ ដំណោះស្រាយតែមួយគត់គឺយុត្តិធម៌ និងការទទួលបានសិទ្ធិស្របច្បាប់របស់ប៉ាឡេស្ទីន និងការរស់ជារដ្ឋឯករាជ្យ»។
គួររំឭកថា ក្រោយការវាយប្រហារទ្រង់ទ្រាយធំជាប្រវត្តិសាស្រ្តរបស់ក្រុមហាម៉ាស់ដែលផ្ទុះឡើងនៅថ្ងៃទី ៧ តុលា ប្រទេសអ៊ីស្រាអែលបានប្តេជ្ញាថានឹងបោកសម្អាតក្រុមសកម្មមានមូលដ្ឋាននៅតំបន់ហ្គាហ្សាមួយនេះ «ឱ្យអស់ពីផែនដី» តាមរយៈការវាយប្រហារតាមអាកាស រួមមានការទម្លាក់គ្រាប់បែក និងផ្លោងកាំភ្លើងធំជាដើម។ អ៊ីស្រាអែលហៅសកម្មភាពយោធារបស់ខ្លួន ថាដើម្បីការពារខ្លួន។
ចូលដល់សប្ដាហ៍ទី៣ ជម្លោះអ៊ីស្រាអែល-ហាម៉ាស់ នៅតែបន្តស្ថិតនៅក្នុងស្ថានភាពតានតឹងខ្លាំង ខណៈមនុស្សជាង ១ ៤០០ នាក់ត្រូវបានសម្លាប់នៅអ៊ីស្រាអែល និងជាង ៤ ៣០០ នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ហ្គាហ្សា ដែលដុនដាបខ្លាំងលើបញ្ហាមនុស្សធម៌៕
ប្រែសម្រួល៖ហួន ឌីណា