ក្រុមហ៊ុនស្រាបៀរចិនបើកការស៊ើបអង្កេត ក្រោយវីដេអូកម្មករក្រុមហ៊ុន នោមដាក់គ្រឿងផលិត ផ្ទុះល្បីលើអ៊ិនធឺណិត

ប៉េកាំង៖​ក្រុម​ហ៊ុន​ផលិត​ស្រា​បៀរ​ដ៏​ធំ​បំផុត​មួយ​របស់​ប្រទេស​ចិន​ ស៊ីនតៅ(Tsingtao)​បាន​និយាយ​ថា​ ខ្លួន​បាន​បើក​ការ​ស៊ើប​អង្កេត​មួយ​ បន្ទាប់​ពី​វីដេអូ​ដែល​បង្ហាញ​ឱ្យ​ឃើញ​ពី​បុគ្គលិក​រោង​ចក្រ​​នោម​​ដាក់​គ្រឿង​ផ្សំ​ផលិត​ស្រាបៀរ​ បាន​ផ្ទុះ​ល្បី​​លើ​​បណ្ដាញ​សង្គម​។ ​នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

វិដេអូ​ឃ្លីប​ដែល​គេ​ចែក​ចាយ​លើ​បណ្ដាញ​សង្គម​ចិន Weibo ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ​​បាន​បង្ហាញ​ពី​កម្មករ​ជា​បុ​រស​ម្នាក់​នៅ​ឃ្លាំង​ស្តុក​ស្រាបៀរ​ Tsingtao ​បានឡើង​ទៅ​លើ​កន្លែង​ផលិត​វត្ថុ​ធាតុ​ដើម​ស្រា​ ហើយ​ចាប់​ផ្តើម​​នោម​កន្លែង​នោះ​។ វី​ដេអូនេះ បាន​ទាក់​ទាញ​ការ​ចូល​មើល​រហូត​ដល់​ទៅ​ជាង​រាប់​សិប​លាន​ដង​។  ​

ក្រុម​ហ៊ុន​ Tsingtao ​​បានលើកឡើង​​កាល​ពី​ថ្ងៃ​សុក្រ​ថា​ ខ្លួន​បាន​ទាក់​ទង​ប៉ូលិស​​​​ជុំ​វិញ​បញ្ហា​នេះ​ ហើយ​​ការ​ស៊ើប​អង្កេត​កំពុង​បន្ត​។​ ក្រុម​ហ៊ុន​បាន​និយាយ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា​ ៖ ​«​ក្រុមហ៊ុន​របស់​យើង​យក​ចិត្ត​ទុ​ក​ដាក់​ខ្ពស់​ចំពោះ​វីដេអូ​ពាក់​ព័ន្ធ​ ដែល​បាន​ផុស​ចេញ​ពី​ក្រុមហ៊ុន​​ Tsingtao Brewery Number 3 ​នៅ​ថ្ងៃ​ទី​ ១៩​ ខែ​តុលា​»​។

ក្រុម​ហ៊ុននេះ​បន្ត​​ថា ​៖ ​«​​យើង​បាន​រាយការណ៍​ពី​បញ្ហា​នេះ​​ទៅ​ប៉ូលិស​ឱ្យ​បាន​លឿន​បំផុត​ ​ហើយ​ស្ថាប័ន​សន្តិសុខ​សាធារណៈ​​បាន​ចូល​រួម​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​​របស់​យើង​»​។

​​ក្រុម​ហ៊ុន​ Tsingtao បន្ត​ថា ទោះ​បី​បញ្ហា​កន្លែង​ស្តុក​កើត​ហេតុ​ត្រូវ​បាន​ដោះ​ស្រាយ​រួច​រាល់​ក្ដី​ ​ក្រុម​ហ៊ុន​នៅ​តែ​បន្ត​ពង្រឹង​នីតិ​វិធី​គ្រប់​គ្រង​របស់​ខ្លួន​ និង​ធានា​គុណភាព​ផលិត​ផល​​។ ​​

ជុំ​វិញ​បញ្ហា​នេះ​ផង​ដែរ​ គេ​ឃើញ​មាន​​អ្ន​ក​ប្រើ​ប្រាស់​​បណ្ដាញ​​សង្គម​បញ្ចេញ​មតិ​ប្លែក​ៗ​ពី​គ្នា​ ដោយ​ជា​ច្រើន​បា​ន​ប្រតិកម្ម​នឹង​វីដេអូ​នេះ​​ទាំង​កំហឹង​ និង​បាន​បញ្ចេញ​សំឡេង​គាំទ្រ​​ឱ្យ​​ Tsingtao ​មាន​​ចំណាត់​ការ​ទៅ​លើ​បុរស​ដែល​នោម​នោះ​។

​ជាមួយ​​គ្នានោះ​ ក៏​មាន​មតិ​ចំអក​ផង​ដែរ​។ រ៉យទ័រ​ស្រង់​សម្ដី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ម្នាក់​ ដែល​បញ្ចេញ​មតិ​ថា​៖ «​ខ្ញុំ​តែង​តែ​គិត​ថា​ ស្រាបៀរ​នេះ​រស់​ជាតិ​ដូច​ទឹក​នោម​សេះ។ វា​បែរ​ជា​ខ្ញុំ​គិត​ខុស​ទៅ​វិញ​»៕

ប្រែសម្រួល៖ហួន ឌីណា

ads banner