មេបញ្ជាការកងទ័ពជើងគោកកម្ពុជា-ព្រុយណេ ជួបពិភាក្សាការងារដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកងទ័ពនៃប្រទេសទាំងពីរ
នៅថ្ងៃសទី២៤កក្កដានេះ មេអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារជាមួយមេបញ្ជាការកងទ័ពជើងគោកព្រុយណេ លោកឧត្តមសេនីយ៍ Dato Seri Pahlawan Awang Khairul Hamed bin Awang Haji Lampoh នៅប្រទេសព្រុយណ។
នៅក្នុងជំនួបនោះ ឧត្តមសេនីយ៍ Dato Seri Pahlawan Awang Khairul Hamed bin Awang Haji Lampoh បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពជើងគោកកម្ពុជាដែលដឹកនាំដោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។ លោកបានចាត់ទុកថាជំនួបមេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំងពីរនាពេលនេះ គឺជាការបង្ហាញអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំក្នុងវិស័យយោធារវាងប្រទេសទាំងពីរ។ ក្នុងនាមប្រទេសព្រុយណេ លោកបានថ្លែងនូវការរួមអបអរសាទរចំពោះការរីកចម្រើនដ៏ឆាប់រហ័សរបស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។ លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា កងទ័ពព្រុយណេ នឹងបន្តទំនាក់ទំនង និងគាំទ្រកងទ័ពកម្ពុជាទៅថ្ងៃអនាគត។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានលើកឡើងថា ជំនួបរវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា-ព្រុយណេ ជាការបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ហើយលោកសង្ឃឹមថា កងទ័ពនៃប្រទេសទាំងពីរនឹងមានសកម្មភាពជាទ្វេភាគី និងពហុភាគីបន្ថែមទៀតនៅថ្ងៃអនាគត៕ធ.ដ