ទៀនព្រះវស្សា បច្ច័យ ទេយ្យវត្ថុ និងគ្រឿងបរិក្ខារ ត្រូវបានយកទៅប្រគេនដល់ព្រះសង្ឃ ចំនួនពីរវត្ត ក្នុងក្រុងសៀមរាប

អត្ថបទដោយ៖
Kien Sereyvuth

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ លោកជំទាវ យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្តខេត្ត រួមនឹងអស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការជុំវិញខេត្ត ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ បានមូលមតិគ្នាជាឯកច្ឆន្ទបាននាំយកបរិក្ខារ ទេយ្យទាន និងបច្ច័យ ទៀនព្រះវស្សា យកទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាល១ត្រីមាស នៅក្នុងវត្តទេពពោធិ៍វង្ស និងវត្តអង្គរខាងត្បូង ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

ក្នុងពិធីនោះលោកជំទាវ យូ សុភា បានមានប្រសាសន៍ថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិតាម ព្រោះថាព្រះពុទ្ធសាសនាបានផ្តល់ការអប់រំផ្លូវចិត្ត ឲ្យប្រព្រឹត្តនូវអំពើល្អ និងចេះជួយយយកអាសាគ្នា សាមគ្គីភាពគ្នា រស់នៅក្នុងសង្គមមួយដោយសុខដុមរម្យនា។ លោកជំទាវបានបន្តថា នៅជារៀងរាល់ឆ្នាំ មិនថាពុទ្ធបរិស័ទ ឬសប្បុរសជននោះឡើយ សូម្បីតែអាជ្ញាធរខេត្ត តែងតែបាននាំយកនូវទៀនព្រះវស្សាមកវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានាទូទាំងខេត្តសៀមរាបនេះ ដែលជាការបង្ហាញនូវការយកចិត្តទុកដាក់គាំទ្រ ផ្នែកវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ។

លោកជំទាវបានបញ្ជាក់ឲ្យដឹងទៀតថា តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សានេះ មានរយៈពេល៣ខែ ដោយចាប់ផ្ដើមពីថ្ងៃ១រោច ខែអាសាឍ ហើយបញ្ចប់ទៅវិញនៅថ្ងៃ១៥កើតខែអស្សុជ តាមព្រះវិន័យព្រះពុទ្ធសាសនា ដែលបានកំណត់ថា ព្រះសង្ឃមិនអាចនិមន្ត ចេញទៅបិណ្ឌបាត្រ នៅខាងក្រៅឆ្ងាយៗវត្តបានឡើយ ដោយគង់នៅចាំព្រះវស្សា ក្នុងទីវត្តអារាម រហូតពេញអស់មួយត្រីមាសតែម្ដង។  ដូច្នេះហើយទើបជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ តែងតែនាំគ្នាយកទៀន វស្សា និងទេយ្យវត្ថុ ទៅវេរប្រគេនព្រះសង្ឃមុនថ្ងៃចូលព្រះវស្សា។

លោកជំទាវបានលើកឡើងថា កាលពី៤០ឆ្នាំមុន វិស័យព្រះពុទ្ធសាសនា ត្រូវបានរបបកម្ពុជាប្រជាធិបតេយ្យ បានបំបាត់ចោលទាំងស្រុង រាល់ហេដ្ឋារចនាសម្ព័ន្ធសង្គមលើសិទ្ធសេរីភាពខាងជំនឿសាសនា  ក្រោយជ័យជម្នះថ្ងៃ ៧មករា ១៩៧៩ ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេ ជោ ហ៊ុន សែន ដែលជាវីរកុលបុត្រដ៏ឆ្នើម បានដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។ លោកជំទាវបានគូសបញ្ជាក់ថា ទីវត្តអារាម គឺជាមូលដ្ឋានគ្រឹះនៃអក្សរសាស្ត្រខ្មែរយើង ដែលជាជង្រុកនៃសម្បត្តិវប្បធម៌ជាតិ និងជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រទៀតផង។

ពិធីប្រគេនទៀនព្រះវស្សានេះ បានប្រព្រឹត្តទៅតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា ដោយបានធ្វើកិច្ចនមស្សការ ថ្វាយ បង្គំព្រះរតនត្រ័យ សមាទានសីល រួចវេរប្រគេនទៀនវស្សា និងគ្រឿងបរិក្ខារ ដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់នៅរដូវចាំព្រះវស្សានេះតាមតម្រូវការ។ សម្ភារបរិក្ខារដែលបានប្រគេនព្រះសង្ឃទាំង២វត្ត ដោយក្នុងមួយៗវត្ត ទទួលបានទៀនវស្សា០១គូ អង្ករ១០០គក្រ ទឹកសុទ្ធ៥កេសទឹកក្រូច៥កេស ស្ករស១០គីឡូក្រាម មី១០កេស ទឹកត្រី៥យួរ ទឹកស៊ីអ៊ីវ០៥យួរ ប្រេងឆា០៥យួរ ទឹកដោះគោ១កេស និងបច្ច័យ១លានរៀលសម្រាប់ប្រើប្រាសើក្នុងវត្ត។

ចំពោះព្រះសង្ឃមួយអង្គប្រគេននូវស្លាដក់១ឈុត និងបច្ច័យចៅអធិការវត្ត២០ម៉ឺនរៀល គ្រូសូត្រឆ្វេងស្តាំ ១អង្គ១០ម៉ឺនរៀល និងភិក្ខុសង្ឃ មួយអង្គ៨ម៉ឺនរៀលផងដែរ។ ក្នុងនោះដែរ លោកជំទាវក៏បានជូននូវបច្ច័យដល់សីលវ័ន្ត សីលវន្តី ទាំងពីរវត្ត ចំនួន១០០នាក់ ដោយម្នាក់ៗនូវបច្ច័យ១ម៉ឺនរៀលផងដែរ៕ធ.ដ

ដោយៈ ម៉ី សុខារិទ្ធ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner