កូរ៉េខាងជើងថ្កោលទោសអាមេរិក ចំពោះការផ្គត់ផ្គង់ប្រព័ន្ធបាញ់មីស៊ីល រយៈចម្ងាយឆ្ងាយឱ្យអ៊ុយក្រែន
ព្យុងយ៉ាង៖ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃសៅរ៍ទី២១ ខែតុលា បានថ្កោលទោសសហរដ្ឋអាមេរិកសម្រាប់ការផ្គត់ផ្គង់ប្រព័ន្ធមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយឈ្មោះ ATACMS ទៅឱ្យអ៊ុយក្រែន ដោយនិយាយថា ការវាយប្រហារណាមួយលើប្រទេសរុស្ស៊ីដោយប្រើអាវុធប្រភេទនេះនឹងរារាំងដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាព។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ការថ្កោលទោសពីសម្ព័ន្ធមិត្តប្ដូរផ្ដាច់របស់រុស្ស៊ីនេះ ធ្វើឡើងអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអង្គារ៍ថា ខ្លួនបានប្រើប្រាស់ ATACMS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកជាលើកដំបូង ដោយបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរលើអាកាសយានដ្ឋានចំនួនពីរនៅក្នុងតំបន់អ៊ុយក្រែន ដែលរុស្ស៊ីកាន់កាប់។
លោក Sin Hong-Chol ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅរុស្ស៊ីបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ថា ៖ «ទីបំផុត សហរដ្ឋអាមេរិកបានប្រគល់ប្រព័ន្ធបាញ់មីស៊ីលពីដីទៅដី ATACMS ដល់អ៊ុយក្រែន បើទោះបីជាមានការព្រួយបារម្ភ និងការប្រឆាំងយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិក៏ដោយ»។
លោកបាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា៖ «រាល់ការវាយប្រហារនៅផ្នែកខាងក្នុងនៃប្រទេសរុស្ស៊ី ដែលជាមហាអំណាចនុយក្លេអ៊ែរ នឹងមិនជួយស្ថានការណ៍អ៊ុយក្រែនបញ្ចប់ ឬមានដំណោះស្រាយដោយសន្តិវិធី ដូចដែលអ្នកតស៊ូមតិរបស់សហរដ្ឋអាមេរិកនិយាយនោះទេ ប៉ុន្តែនឹងដើរតួជាកាតាលីករសម្រាប់ដាក់អឺរ៉ុបទាំងមូល ឱ្យធ្លាក់ចូលទៅក្នុងភាពច្របូកច្របល់គ្មានទីបញ្ចប់ និងសង្រ្គាមអូសបន្លាយ»។
ប្រភេទនៃ ATACMS អាចផ្ទុកគ្រាប់បែកចង្កោម ហើយប្រព័ន្ធនេះ អាចមានសមត្ថភាពបាញ់មីស៊ីលរហូតដល់រយៈចម្ងាយ ៣ ០០ គីឡូម៉ែត្រ។
កន្លងមក អ៊ុយក្រែនបានទទូចឱ្យសហរដ្ឋអាមេរិកផ្តល់មីស៊ីលដែលមានរយៈចម្ងាយឆ្ងាយជាងអ្វីដែលផ្តល់ដោយសហរដ្ឋអាមេរិក ប៉ុន្តែរដ្ឋបាលលោក បៃដិន បានច្រានចោលអស់រយៈពេលជាច្រើនខែ ដោយព្រួយបារម្ភថា ទីក្រុងកៀវអាចប្រើប្រាស់សព្វាវុធប្រភេទនេះ វាយប្រហារចូលក្នុងទឹកដីរុស្ស៊ីដោយកំហឹង ដែលធ្វើឱ្យជម្លោះកាន់តែតានតឹង។
គួរបញ្ជាក់ផងដែរថា ការថ្កោលទោសអាមេរិករបស់កូរ៉េខាងជើង ធ្វើឡើងបន្ទាប់ពីសេតវិមានបានចោទប្រកាន់ទីក្រុងព្យុងយ៉ាង ថាបានដឹកជញ្ជូនសព្វាវុធទៅឱ្យរុស្ស៊ីនាពេលថ្មីៗនេះ ដោយហៅការណ៍នេះថា ជាការវិវត្តន៍ដ៏តានតឹង និងបង្កើនការព្រួយបារម្ភអំពីទំនាក់ទំនងយោធារវាងប្រទេសទាំងពីរ៕
ប្រែសម្រួល៖ហួន ឌីណា
