បាតុករប្រមាណ ១០ម៉ឺនាក់ ចូលរួមដង្ហែក្បួនគាំទ្រប៉ាឡេស្ទីនពាសពេញរាជធានីនៃប្រទេសអង់គ្លេស

ភ្នំពេញ៖​កាលពីថ្ងៃ​ទី២២ ខែតុលា មនុស្សប្រហែល ១០ម៉ឺននាក់បានប្រមូលផ្តុំគ្នា​បាតុកម្មគាំទ្រ​ប៉ាឡេស្ទីន​នៅកណ្តាល​ទីក្រុងឡុង​ដ៍ ​ប្រទេសអង់គ្លេស ដោយបាន​ដើរឆ្លងកាត់​ពាសពេញទីក្រុង​ដើ​ម្បីទាមទារឱ្យ​មាន​បទ​ឈប់​​បាញ់​ភ្លាមៗ​នៅក្នុងតំ​បន់ហ្គាហ្សា ក្រោយការវាយ​ប្រហាររបស់​ក្រុមហាម៉ាស់​លើអ៊ីស្រាអែល​ ដែល​បាន​ផ្ទុះឡើង​កាល​ពី​​ពីរសប្តាហ៍មុន។​

ក្រុមបាតុករបាន​ដើរ និងស្រែកថា «ដោះលែងប៉ាឡេស្ទីន» ដោយកាន់បដា និងគ្រវីទង់ជាតិប៉ាឡេស្ទីន។​ ដំបូង​ឡើ​យ​ក្រុមអ្នកតវ៉ាត្រឹមតែធ្វើដំណើរឆ្លងកាត់ទីក្រុងឡុងដ៍ប៉ុណ្ណោះលុះក្រោយមកពួកគេបាន​ប្រមូល​ផ្តុំគ្នានៅ​ឯផ្លូវ Downing ដែលជាតំបន់លំនៅដ្ឋានផ្លូវការ និងការិយាល័យរបស់​នាយករដ្ឋមន្ត្រី​អង់គ្លេស​ លោក Rishi Sunak។​

បាតុករស្ត្រី​ម្នាក់ សុំមិនបញ្ចេញឈ្មោះបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ៖ «​ក្នុង​នាម​ជា​ជនជាតិ​ប៉ាឡេស្ទីន​ដែល​ចង់​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ថ្ងៃ​ណាមួយ ក្នុង​នាម​ជា​ជនជាតិ​ប៉ាឡេស្ទីន​ដែល​មាន​បងប្អូន​ប្រុស​ស្រី​ និង​ក្រុម​គ្រួសារនៅ​ហ្គា​ហ្សា ខ្ញុំ​ប្រាថ្នា​ថាយើងអាច​ធ្វើអ្វី​បាន​ច្រើន​ជាង​នេះ ប៉ុន្តែ​ការ​តវ៉ា​គឺ​ជាជម្រើសតែមួយគត់ដែល​យើង​អាច​ធ្វើ​បាននៅពេ​លនេះ»។ ​

ក្នុងដំណើរនៃការតវ៉ានេះទៀតសោធ បាតុករបានស្រែកខ្លាំងៗ និងកាន់បដា​ជាច្រើន​ដែលមាន​ពាក្យ​ស្លោក​ប្រឆាំង​អ៊ីស្រា​អែល ខណៈមានបាតុករម្នាក់បានកាន់បដាដែលមានរូបភាពរបស់លោក Sunak នាយករដ្ឋមន្ត្រី​អង់គ្លេស​ ​ប្រ​ធា​នាធិបតីសហរដ្ឋអាមេរិក Joe Biden និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ជាមួយនឹងពាក្យថា «​ប្រមាញ់ឧក្រិដ្ឋកម្មសង្គ្រាម»។​

​បាតុកម្មនេះមិនត្រូវបានហាមឃាត់ដោយរដ្ឋាភិបាលអង់គ្លេសនោះទេ ក៏ប៉ុន្តែមុន​​ការហែក្បួនតវ៉ា​ ក្រុម​ប៉ូលិស​​អង់គ្លេ​ស​ក៏បានព្រមាន​​ដែរថា នរណា​ម្នាក់ដែល​បង្ហាញការ​គាំទ្រដល់​ក្រុមហាម៉ាស​ ត្រូវចាត់​ទុកជា​​ភេរវករក្នុងប្រ​ទេ​សអង់គ្លេសដោយពួកគេអាច​ប្រឈមមុខ​នឹងការចាប់ខ្លួន ហើយទង្វើ​ឧក្រិដ្ឋកម្ម​បែប​ស្អប់​ខ្ពើម​ចំពោះជាតិសាសន៍ណាមួយ​នឹងមិនត្រូវបានអត់ឱនឡើយ។​

ប៉ុន្មានម៉ោងក្រោយពី​ការហែក្បួនតវ៉ា​ ​ប៉ូលិសអង់គ្លេស​បានឱ្យដឹងថា ការបាតុកម្មប្រព្រឹត្តទៅដោយរលូន មិនមាន​អំ​ពើ​ហិង្សានោះទេ ខណៈមានបាតុករត្រឹម ១០ នាក់ប៉ុណ្ណោះត្រូវបានឃាត់ខ្លួន៕​​

ប្រែសម្រួល៖ស្រ៊ុន សិរីវឌ្ឍនៈ

ads banner