សៀវភៅ «ស្ថាប័ននៃសេចក្ដីស្លាប់ ស-២១» តាក់តែងឡើងដើម្បីរំឮកសោកនាដកម្មនាសម័យខ្មែរក្រហម និងបំផុតស្មារតីខ្មែរស្រឡាញ់ខ្មែរ
ភ្នំពេញ៖សៀវភៅ «ស្ថាប័ននៃសេចក្ដីស្លាប់ ស-២១៖ កន្លែងចូលមិនដែលចេញ» ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដែលសៀវភៅនេះត្រូវបានតាក់តែងឡើងដើម្បីរំឭកពីការរងទុក្ខវេទនារបស់ប្រជាជនខ្មែរនាមសម័យខ្មែរក្រហម ក៏ជាផ្នែកមួយនៃការដាស់តឿនដល់មិត្តអ្នកអានបានយល់ពីព្រឹត្តិការណ៍សោកនាដកម្ម និងពង្រឹងស្មារតីខ្មែរស្រលាញ់ខ្មែរ។
សៀវភៅ «ស្ថាប័ននៃសេចក្ដីស្លាប់ ស-២១» រៀបចំឡើងដោយសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ត្រូវបានសម្ពោធជាផ្លូវការ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមានការចូលរួមពីលោក Stefan Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់, លោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា រួមនឹងសិស្សនិស្សិតជាច្រើនរូប។
ប្រភពក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបរិយាយថា សៀវភៅនេះចងក្រងឡើងក្នុងបំណងរំឭកពីការរងទុក្ខវេទនា និងការទទួលរងទារុណកម្មរបស់ជនរងគ្រោះ ព្រមទាំងការកាប់សម្លាប់របស់ខ្មែរក្រហមមកលើប្រជាជនស្លូតត្រង់នៅអតីតមន្ទីរ ស-២១។ សៀវភៅនេះ ជាស្នាដៃទីមួយរបស់កូនខ្មែរជំនាន់ក្រោយ ដែលជាអតីតនិស្សិតប្រវត្តិវិទ្យា ហើយក៏កំពុងបម្រើការងារក្នុងសារមន្ទីរទួលស្លែង ដែលបានចងក្រងសរសេររឿងរ៉ាវប្រវត្តិសាស្ត្រ ដែលកើតមាននៅក្នុងអតីតមន្ទីរឃុំឃាំងខ្មែរក្រហម ស-២១ យ៉ាងលម្អិត។
ក្រសួងលើកឡើងថា ៖ «ស្នាដៃនេះ ក៏ជាផ្នែកមួយនៃការដាស់តឿនដល់មិត្តអ្នកអានបានយល់ពីព្រឹត្តិការណ៍សោកនាដកម្ម ព្រមទាំងជាឯកសារសំខាន់សម្រាប់ការសិក្សាស្រាវជ្រាវនាពេលអនាគត ជាពិសេសស្វែងយល់ពីតម្លៃនៃសន្តិភាព តម្លៃនៃការយោគយល់ ពង្រឹងស្មារតីខ្មែរស្រលាញ់ខ្មែរ និងចៀសវាងកុំឱ្យប្រវត្តិរបៀបនេះកើតមានម្តងទៀតនៅលើទឹកដីកម្ពុជា»។
នាពិធីសម្ពោធនោះដែរ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោកជំទាវ ភឿង សកុណា បានថ្លែងថា សៀវភៅដ៏មានសារៈសំខាន់នេះ ត្រូវបានសម្រិតសម្រាំងឡើងដោយការខិតខំប្រឹងប្រែងរបស់មន្រ្តី បុគ្គលិក សារៈមន្ទីរទួលស្លែង ក្រោមការសម្របសម្រួលពីទីប្រឹក្សាតាមរយៈអង្គការ GIZ អាល្លឺម៉ង់ ព្រមទាំងមានការផ្តល់យោប់ពីអ្នកប្រវត្តិសាស្រ្តជាតិ និងអន្តរជាតិផងដែរ។
លោកស្រីបានថ្លែងថា ៖ «សារមន្ទីរទួលស្លែងនេះជាកន្លែងដែលពលរដ្ឋខ្មែរស្លូតត្រង់ស្លាប់ជាច្រើននាក់ ដូច្នេះហើយបានជារៀងរាលល់ឆ្នាំពេលភ្ជុំបិណ្ឌយើងធ្វើបុណ្យឧទ្ទិសដល់អ្នកដែលស្លាប់នៅទីនេះផង ព្រោះអ្នកខ្លះអត់មានកូនចៅឧទ្ទិសឱ្យទេ ព្រោះស្លាប់ទាំងពូជតែម្តង។ ដូច្នេះ ខ្ញុំសូមឱ្យសៀវភៅនេះក្លាយជាស្នាដៃមួយដើម្បីពង្រឹងនូវការយោគយល់គ្នា ការស្រឡាញ់គ្នា និងសន្តិភាព ដើម្បីឱ្យខ្មែរយើងកុំមានបញ្ហាបែបនេះកើតឡើងទៀត»។
លោកជំទាវក៏បានអរគុណដល់ប្រទេស ក៏ដូចជាស្ថាប័នដៃគូដទៃទៀត ដែលរួមមាន ប្រទេសបារាំង អាមេរិក ជប៉ុន កូរ៉េ អូស្រ្តាលី និងអង្គការយូណេស្កូ ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ក្នុងការជួយថែរក្សាការចងចាំរបស់មនុស្សជាតិ ដែលអំពើអយុត្តិធម៌នៅទីនេះ និងបានផ្តល់ជំនួយបច្ចេកទេស ហិរញ្ញវត្ថុ ទាំងស្មារតី។
លោកជំទាវ ភឿង សកុណា បញ្ជាក់ថា ៖ «ទីតាំងនេះ ចាត់ទុកថាជាកន្លែងសម្រាប់ឱ្យយើងរៀនសូត្រ ចៀសវាងជឿលើមនោគមវិជ្ជាដែលធ្វើឱ្យមនុស្សកាប់សម្លាប់គ្នា។ ទីនេះជាផ្នែកមួយនៃខ្មៅងងឹត ប៉ុន្តែវាជាប្រវត្តិសាស្រ្តរបស់ខ្មែរ។ យើងត្រូវទទួលដឹងថា យើងមានប្រវត្តិសាស្រ្តដ៏រុងរឿង ហើយក៏មានប្រវត្តិសាស្រ្តខ្មៅងងឹតដែរ ដែលនេះជាប្រវត្តិសាស្រ្តរបស់ខ្មែរហើយអ្វីទាំងអស់នេះគឺជាការរៀនសូត្រសម្រាប់ក្មេងៗជំនាន់ក្រោយ»។
សូមរំឮកថា សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ជាសារមន្ទីរមួយសម្រាប់ចងចាំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា។ ទីនេះជាអតីតមន្ទីរសន្ដិសុខ២១ (ហៅកាត់ថា «ស.២១») នៃរបបកម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយប៉ុល-ពត (ឈ្មោះដើម សាឡុតស) ពេលខ្មែរក្រហមឡើងកាន់អំណាចនៅថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥។ មន្ទីរស.២១ ជាកន្លែងឃុំឃាំងសួរចម្លើយធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃ និង សម្លាប់ក្រោយពេលបានបំពេញ សំណុំឯកសារសេចក្ដីសារភាពចប់សព្វគ្រប់៕





