អតីតនាយករដ្ឋមន្ត្រីកម្ពុជា៖ សង្គ្រាមបញ្ចប់ទៅបានដោយកិច្ចចរចា ដើម្បីស្វែងរកសន្តិភាព

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយក រដ្ឋមន្ត្រីកម្ពុជា និងជាសហស្ថាបនិកនៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុង ប៉ារីស បានបញ្ចេញវីដេអូឯកសារអំពី កិច្ចព្រមព្រៀងទីក្រុងប៉ារីស (ថ្ងៃទី២៣ តុលា ១៩៩១-ថ្ងៃទី២៣ តុលា ២០២៣)។

សម្ដេចតេជោ លើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវ បានផ្ដួចផ្ដើមឡើងដោយ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងគោលបំណងស្វែងរកសន្តិភាព ចាកផុតចេញពីសង្គ្រាម និង ជម្លោះរ៊ាំរ៉ៃជាង៥០០ឆ្នាំជូនដល់ជាតិមាតុភូមិ និងប្រជាជាតិទាំងមូល។

សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា គ្មានសង្គ្រាមណាមួយ អាចបញ្ចប់ទៅ បានដោយការប្រើប្រាស់អាវុធនោះទេ ប៉ុន្តែសង្គ្រាមបញ្ចប់ទៅបានដោយ កិច្ចចរចា ដើម្បីស្វែងរកសន្តិភាព ។

សូមរំលឹកថា ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ គឺជាខួប ៣២ឆ្នាំ (២៣ តុលា ១៩៩១-២៣ តុលា ២០២៣) នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស។ ៣២ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន៖ សម្តេចតេជោ ហ៊ុន សែន តំណាងឱ្យ រដ្ឋា ភិបាលកម្ពុជា, ចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដែលតំណាងដោយ សម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) តំណាង ដោយលោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រម ព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សី មកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។

មុននឹងឈានមកដល់កិច្ចព្រមព្រៀងនាទីក្រុងប៉ារីស ២៣ តុលា គឺ សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាដំបូងបំផុតជាមួយ អតីត ព្រះមហាក្សត្រកម្ពុជា សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង ដែល ការចរចានេះ មានសេចក្តីប្រកាសរួមឡាយព្រះហស្តលេខាដោយ សម្តេចព្រះ នរោត្តម សីហនុ និង សម្តេចតេជោ ហ៊ុន សែន ដែលហៅថា (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី០២-០៤ ខែធ្នូ ឆ្នាំ១៩៨៧)។ បន្ទាប់មកក៏មានកិច្ចចរចាបន្តរវាង សីហនុ-ហ៊ុន សែន លើកទី ២ ប្រព្រឹត្តឡើងនៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង និងនៅទី កន្លែងផ្សេងៗមួយចំនួនទៀត។

ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិត មែន ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជា នៅបន្តដែលបង្កដោយភាគីកម្ពុជា ប្រជា ធិបតេយ្យ (ប៉ុលពត)។ ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេច តេជោ ហ៊ុន សែន គឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នៅឆ្នាំ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេស បានស្គាល់នូវសន្តិភាពពេញលេញ និងសម្បូរសប្បាយរហូតមកដល់សព្វថ្ងៃ៕ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner