លោក ចូ បៃដិន និងសម្ព័ន្ធមិត្តលោកខាងលិច ពិភាក្សាពីសង្គ្រាមនៅមជ្ឈិបូព៌ា
វ៉ាស៊ីនតោន៖ សេតវិមានបានលើកឡើងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានធ្វើកិច្ចពិភាក្សាជាមួយមេដឹកនាំប្រទេសមហាអំណាចលោកខាងលិចធំៗ ពាក់ព័ន្ធនឹងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ខណៈដែលអ៊ីស្រាអែលកំពុងបង្កើនការវាយលុកលើតំបន់ហ្កាហ្សា។
សង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលបានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលាកន្លងមកនេះ បានសម្លាប់មនុស្សជាង ១,៤០០នាក់នៅអ៊ីស្រាអែល និងជនជាតិប៉ាឡេស្ទីនជាង ៤,៦០០នាក់នៅហ្កាហ្សា ហើយបានចាប់មនុស្សជាង ២០០នាក់ជាចំណាប់ខ្មាំង។

ពាក់ព័ន្ធនឹងបញ្ហាសង្គ្រាមនៅមជ្ឈិបូព៌ានេះដែរ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានជជែកតាមទូរស័ព្ទជាមួយមេដឹកនាំអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ និងអ៊ីតាលី នេះបើតាមការបញ្ជាក់ពីសេតវិមាន។
សេតវិមានបានបន្ថែមថា ក្រុមមេដឹកនាំបានរំលឹកឡើងវិញ នូវការគាំទ្ររបស់ពួកគេចំពោះអ៊ីស្រាអែល និង សិទ្ធិការពារខ្លួនប្រឆាំងនឹងអំពើភេរវកម្ម ហើយបានអំពាវនាវឱ្យប្រកាន់ខ្ជាប់នូវច្បាប់មនុស្សធម៌អន្តរជាតិ រួមទាំងការការពារជនស៊ីវិលស្លូតត្រង់។
លើសពីនេះទៅទៀត ក្រុមមេដឹកនាំក៏បានពិភាក្សាអំពីពលរដ្ឋរបស់ពួកគេ ដែលជាប់គាំងនៅក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាសផងដែរ ជាពិសេសអ្នកដែលចង់ចាកចេញពីហ្កាហ្សា៕


ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា