យុវជនមានពិការភាពជម្រើសជាតិកម្ពុជាបួនរូប ចូលរួមប្រកួតជាសាកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាពឆ្នាំ២០២៣ នៅសហព័ន្ធអារ៉ាប់អេមីរ៉ាត
ភ្នំពេញ៖យុវជនមានពិការភាពជម្រើសជាតិចំនួនបួនរូបបានធ្វើដំណើរទៅចូលរួមប្រកួតប្រជែងជាសាកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាពឆ្នាំ២០២៣ (Global IT Challenge for Youth with Disability 2023) នៅទីក្រុងអាប៊ូដាប៊ីសហព័ន្ធអារ៉ាប់អេមីរ៉ាតដោយផ្ទាល់ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី២៣ ខែតុលាបានឱ្យដឹងថា ការប្រកួតប្រជែងនេះចែកជាពីរគឺ ការប្រកួតដោយផ្ទាល់និងតាមអនឡាញ ដែលមានប្រទេសចំនួន១៨។
ប្រទេសទាំងនោះរួមមាន ប្រទេសកម្ពុជា អារ៉ាប់អេមីរ៉ាត កូរ៉េ ប៉ាគីស្ថាន អេហ្ស៊ីប ណេប៉ាល់ ម៉ុងហ្គោលី កេនយ៉ា អេចពី បង់ក្លាដែស ចិន ឥណ្ឌា វៀតណាម ថៃ ហ្វីលីពីន ម៉ាឡេស៊ី ឡាវ និងប្រទេសឥណ្ឌូនេស៊ី។

ក្រសួងបានបញ្ជាក់ដែរថា ក្រៅពីចូលរួមប្រកួតផ្ទាល់នៅអារ៉ាប់រួម យុវជនមានពិការភាពកម្ពុជា ចំនួន ១៩រូប ក៏នឹងចូលរួមប្រកួតប្រជែងតាមអនឡាញពីកម្ពុជា ចាប់ពីថ្ងៃទី២៥-២៧ ខែតុលា ឆ្នាំ២០២៣ ផងដែរ។ សូមសាធារណៈជនទាំងអស់ចូលរួមលើកទឹកចិត្តដល់យុវជនមានពិការភាពរបស់កម្ពុជា ដើម្បីទទួលបានជោគជ័យជូនជាតិមាតុភូមិនៃយើងទាំងអស់គ្នា។
ប្រភពដដែលបានឱ្យដឹងដែរថា ស្របជាមួយគ្នានេះដែរប្រតិភូកម្ពុជាក៏នឹងចូលរួមវេទិកាបរិយាបន្ននិងនវានុវត្តន៍ (Inclusive and Innovation Forum -InI) ដើម្បីពិភាក្សានិងអនុម័តលើកិច្ចព្រមព្រៀងអាប៊ូដាប៊ីស្តីពីការអភិវឌ្ឍន៍ផ្នែកព័ត៌មានវិទ្យាឌីជីថលនៅពេលអនាគតសម្រាប់ជនមានពិការភាព។
សូមបញ្ជាក់ថា ការប្រកួតប្រជែងជាសាកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាពឆ្នាំ២០២៣ នេះមានអ្នកចូលរួមសរុប ចំនួន ៥៣៦រូប ក្នុងនោះយុវជនមានពិការភាព ចំនួន ៤៦១រូប (ប្រកួតផ្ទាល់ចំនួន ៩៥រូប និងប្រកួតតាមអនឡាញចំនួន ៣៦៦រូប)។

ទាក់ទងនឹងការចូលរួមរបស់យុវជនមានពិការភាពរបស់កម្ពុជានេះដែរ លោក ឈ ប៊ុណ្ណារ័ត្ន មន្ត្រីកម្មវិធីអង្គការជនពិការកម្ពុជា (CDPO) បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៣ ខែតុលាថា លោកមើលឃើញថាថ្នាក់ដឹកនាំក្រសួងមានការយកចិត្តទុកដាក់ និងលើកកម្ពស់សិទ្ធិជនមានពិការភាព ដោយសារសមត្ថភាពរបស់ជនមានពិការភាព គឺដូចមនុស្សធម្មតា មិនមែនខ្សោយទៅតាមភាពពិការរបស់ពួកគាត់នោះទេ។
លោកបានបញ្ជាក់ថា ៖ «វាជាការល្អណាស់ ដែលយុវជនពិការភាពរបស់យើងមានឱកាសចូលរួមប្រកួតប្រជែងជាសកល ដើម្បីបញ្ចេញសមត្ថភាពរបស់ពួកគាត់ ហើយជាកត្តិយសរបស់ប្រទេសយើង ដើម្បីបង្ហាញថាកម្ពុជាមិនបានទុកនរណាម្នាក់ចោលនោះទេ»។
លោក ឈ ប៊ុណ្ណារ័ត្ន អះអាងថា សម្រាប់ឱកាសប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យានេះ ក៏បញ្ជាក់ឱ្យឃើញដែរថាថ្នាក់ដឹកនាំបានជួយជំរុញជនមានពិការភាពបានចូលរួមក្នុងសកម្មភាពសង្គមយ៉ាងពេញលេញផងដែរ ខណៈដែលកន្លងមកជនមានពិការភាព បានចូលរួមប្រកួតប្រជែងផ្នែកកីឡា ជាមួយប្រទេសផ្សេងៗ គឺបានបង្ហាញសមត្ថភាពជាទីមោទនភាពណាស់សម្រាប់ប្រទេសកម្ពុជា៕

ដោយ៖ជា សុខនី