យុវជនអ្នកញៀនគ្រឿងញៀនជិត៨០នាក់ នៅខេត្តបាត់ដំបង បានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ

អត្ថបទដោយ៖
CPA

បាត់ដំបង៖យុវជនអ្នកញៀនគ្រឿងញៀន​ចំនួន៧៩នាក់ ដែលស្នាក់នៅក្នុងមជ្ឈមណ្ឌលបន្សាបព្យាបាល និងស្តារនីតិស​ម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ខេត្តបាត់ដំបង ស្ថិតនៅក្នុង​ស្រុករតនៈមណ្ឌល​ បានបញ្ចប់​វគ្គបណ្តុះបណ្តាល​​វិជ្ជាជីវៈ​​ដោយជោគជ័យ និង​ទទួល​បាន​វិញ្ញាបនបត្រ​​កាលពី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២៣។​

ប្រភពហ្វេសប៊ុក​​រដ្ឋបាលខេត្តបាត់ដំបង​ លោក កែ ស៊ីនួន ប្រធានមជ្ឈមណ្ឌលបន្សាបព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ខេត្តបាត់ដំបង បានថ្លែងនាឱកាសនោះថា យុវជនអ្នកញៀ​នគ្រឿងញៀនចំនួន៧៩នាក់ ​បានទទួលវិញ្ញាបនបត្រដែលមានការទទួលស្គាល់ពីមន្ទីរការងារ និង​បណ្តុះបណ្តា​លវិជ្ជាជីវៈខេត្តបាត់ដំបង។​

ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម សុខ លូ ​អភិបាលខេត្តបាត់ដំបង បានបង្ហាញនូវភាពរីករាយចំពោះយុវជនទាំង​អស់ ដែលបានមកទទួលយកការបន្សាប និងព្យាបាលសារធាតុគ្រឿងញៀននៅមជ្ឈមណ្ឌល កែ ស៊ីនួ​ន ខេត្តបាត់ដំបង នាពេលនេះ និងទទួលបាននូវចំណេះជំនាញបច្ចេកទេស។ ​

លោកមានប្រសាសន៍ថា ៖ «បច្ចុប្បន្ន ជំនាញវិជ្ជាជីវៈដែលប្អូនៗ​បានរៀនសូត្រ គឺយើងកំពុងត្រូវការខ្លាំងណា​ស់ ខណៈដែលយើងកំពុងមានការខ្វះខាតកម្មករជំនាញយ៉ាងច្រើនផងដែរ ដូចជាជំនាញតបណ្តាញអគ្គិសនី ជួសជុលទូរសព្ទ ជួសជុលម៉ូតូ និងម៉ាស៊ីនត្រជាក់ជាដើម»។

ឯកឧត្តមបានបន្តថា  ​សូមយុវជន យុវនារីទាំងអស់ ដែ​លទទួលបានការបន្សាបសារធាតុញៀនហើយ មិនត្រូ​វទៅ​ប្រព្រឹត្តម្តងទៀតឡើយ ក្នុងនោះពេលបានជំនាញវិជ្ជាជីវៈនេះហើយ ក៏សូមយកទៅប្រើប្រាស់ឱ្យចំគោលដៅ ដើម្បីបម្រើនូវជីវភាពរស់នៅរបស់ខ្លួន ក៏ដូចជាជួយលើកស្ទួយជីវភាពគ្រួសារឱ្យកាន់តែល្អប្រសើរឡើងផងដែរ ។​

បើតាមរដ្ឋបាលខេត្តបាត់ដំបង ​គិតត្រឹមរយៈពេល៥ឆ្នាំចុងក្រោយ ពោលពីឆ្នាំ២០១៨-២០២២ ខេត្តបានបង្ក្រាបបទល្មើសគ្រឿងញៀននៅទូទាំងខេត្ត បានចំនួន ៣ ៦៩៨ ករណី និងឃាត់ខ្លួន ៦ ០២០ នាក់៕

ដោយ៖បូរ ពេជ្រហ្សាលីន

ads banner