មន្រ្តីជាន់ខ្ពស់ គ.ជ.ប ៖ ១៩ថ្ងៃនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រព្រឹត្តទៅដោយរលូន និងត្រៀមបិទផ្សាយបឋមនៅខែក្រោយ
ភ្នំពេញ៖អ្នកនាំពាក្យនិងជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)ឯកឧត្តម ហង្ស ពុទ្ធា បានប្រាប់ឱ្យដឹងថា ក្នុងរយៈពេល ១៩ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា មានសន្តិសុខ សុវត្តិភាព និងមានសណ្តាប់ធ្នាប់ល្អ ។គ.ជ.បក៏ត្រៀមការបិទផ្សាយបញ្ជីបោះឆ្នោតបឋម នៅថ្ងៃទី២៤ ខែវិច្ឆិកាខាងមុខនេះដែរ។
ឯកឧត្តម ហង្ស ពុទ្ធា បានថ្លែងបែបនេះនៅថ្ងៃទី២៣ ខែតុលានេះ ក្រោយពេល គ.ជ.ប បានប្រកាសបិទបញ្ចប់ដំណើរការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។
ឯកឧត្តម ហង្ស ពុទ្ធា មានប្រសាសន៍ថា ៖ «នៅក្នុងដំណើរការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២៣ នេះ ខ្ញុំសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋភាគច្រើនបានចាប់អារម្មណ៍នៅក្នុងវិស័យបោះឆ្នោតនេះ ដោយបានត្រៀមលក្ខណៈ និងបានជំរុញឱ្យសាច់ញាតិរបស់ខ្លួនទៅចុះឈ្មោះ ដើម្បីឆ្ពោះទៅរកការបោះឆ្នោតនៅពេលខាងមុខ។ ជាមួយគ្នានេះ ទោះបីមានការលំបាកអាកាសធាតុក៏ដោយ ខ្ញុំសង្កេតឃើញថា ក្រុមការងារបានអនុវត្តការងាររបស់ខ្លួនបានល្អ ដោយមានសណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងមិនមានបញ្ហានោះទេ»។

លោកបន្តថា ក្រោយពេលបិទបញ្ចប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ មន្ត្រីជំនាញរបស់គ.ជ.ប បាននិងកំពុងពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យដែលត្រូវបានផ្ញើមកពីបណ្តារាជធានីខេត្តនានា ដើម្បីឱ្យប្រាកដថា ទាំងទិន្នន័យ និងបញ្ជីឈ្មោះត្រឹមត្រូវ ដើម្បីឈានទៅបិទផ្សាយបឋមនូវបញ្ជីឈ្មោះនេះ នៅថ្ងៃទី២៤ ខែវិច្ឆិកាខាងមុខនេះ ដើម្បី ឱ្យអ្នកមានឈ្មោះបានពិនិត្យមើលទិន្នន័យ និងឈ្មោះរបស់ខ្លួន។
ឯកឧត្តម ហ៊ែល សារ៉ាត់ សមាជិកគ.ជ.ប ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត កាលពីថ្ងៃទី១៩ ខែតុលាកន្លងមកថា បើទោះបីមានបញ្ហាអាកាសធាតុ ដោយតំបន់ខ្លះមានភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងភូមិសាស្ត្រមួយចំនួនក្នុងឃុំសង្កាត់ស្ថិតនៅឆ្ងាយដាច់ពីគ្នាក៏ដោយ ប៉ុន្តែមិនមានជាឧបសគ្គធ្វើឱ្យរាំងស្ទះដល់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនោះឡើយ។

លោកក៏បានកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសប្រជាពលរដ្ឋអ្នកចុះឈ្មោះបោះឆ្នោត ដែលញ៉ាំងឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ បញ្ចប់ទៅដោយរលូន និងដោយជោគជ័យ។
យោងតាមលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ របស់គ.ជ.ប បង្ហាញថា គិតចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ មានអ្នកចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន ២២៦ ០៨៧នាក់, អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួន ១១៧ ៩៩៥នាក់, អ្នកស្នើសុំកែតម្រូវទិន្នន័យក្នុងបញ្ជីបោះឆ្នោតមានចំនួន ១៨ ០៥០នាក់ និងអ្នកផ្ទេរចូលក្នុងឃុំ សង្កាត់ថ្មីមានចំនួន ៤៥៤០៩នាក់៕

ដោយ៖គឹម យុត្ថារ៉ូ