វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប លើកទី៥ អាណត្តិទី៣ ឆ្នាំ២០២៣ នៅស្រុកក្រឡាញ់
(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានរៀបចំបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី៥អាណត្តិទី៣ ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ គោលដៅទី១ សម្រាប់ស្រុកក្រឡាញ់ និងស្រុកស្រីស្នំ នៅបរិវេណវត្តប្រាសាទរតនៈត្រពាំងក្រសាំង ឃុំសែនសុខ ស្រុកក្រឡាញ់ខេត្តសៀមរាប។
ក្នុងអង្គវេទិកានោះដែរ សមាជិកសមាជិកាអង្គវេទិកា បានលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និង សំណូមពរមួយចំនួន និងសំណួរផ្ទាល់មាត់ចំនួន ១១ ដែលផ្តោតទៅលើបញ្ហា ហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវថ្នល់ ) កសិកម្ម , អគ្គិសនី , អប់រំ , ប្រព័ន្ធធារាសាស្ត្រ ,ពាណិជ្ជកម្ម (រកទីផ្សារលក់កសិផល) គ្មានការងារធ្វើ និង ផ្ទះគ្រូបង្រៀន ហើយត្រូវបានសាមីមន្ទីរ អង្គភាពជំនាញមានការពាក់ព័ន្ធ បានបកស្រាយបំភ្លឺជូនដល់អង្គវេទិកាទាំងមូល ដែលបងប្អូនមានទុក្ខកង្វល់កន្លងមក ឲ្យកាន់តែយល់ច្បាស់ ហើយអង្គវេទិកា ក៏ទទួលបានសំណួរ សំណូមពរដែលសរសេរជាលាយល័ក្ខអក្សរ មាន២៦សំណួរ សំណូមពរផងដែរ។

ជាមួយគ្នានោះ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា អង្គវេទិកានេះ គឺដើម្បីឲ្យក្រុមប្រឹក្សាខេត្តធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរនានា មកធ្វើការពិភាក្សាស្រាយបំភ្លឺឲ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព នឹងឈានទៅរកការដោះស្រាយជូនឲ្យបានចំគោលដៅ ហើយមានប្រសិទ្ធិភាព និងទាន់ពេលវេលា ក្នុងករណីដោះស្រាយបានភ្លាមៗនឹងធ្វើការដោះស្រាយជូនភ្លាមៗ ករណីមិនអាចដោះស្រាយបានភ្លាមៗ នឹងលើកយកទៅពិភាក្សារកដំណោះស្រាយជូននៅពេលក្រោយបន្តទៀត ដោយមិនទុកបញ្ហា ឬគេចវេសពីបញ្ហាដែលបានលើកឡើងក្នុងអង្គវេទិកានេះឡើយ ។

ឯកឧត្តម បានលើកឡើងថា ក្រោយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភារួចមក ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ នូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើ បាវវចនាទាំងប្រាំ គឺ កំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព ដែលជារបៀបវារៈគោលនយោបាយសង្គម សេដ្ឋកិច្ច។ ការរៀបចំបង្កើតឱ្យមានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាសាធារណៈជាមួយប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង គឺដើម្បីស្តាប់នូវមតិយោបល់របស់ប្រជាពលរដ្ឋ ក្នុងន័យស្វែងរកនូវតម្រូវការ និងបញ្ហាប្រឈមនានា ដែលបងប្អូនប្រជាពលរដ្ឋកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន។
ឯកឧត្តម ប្រធានក្រុមប្រឹក្សា ក៏បានបញ្ជាក់ផងដែរថា វេទិកាសាធារណៈនេះ ជាលើកទី៥ អាណត្តិទី៣ នៃក្រុមប្រឹក្សាខេត្តសៀមរាប និងជាគោលដៅទី១នាឱកាសនេះ ពិតជាមានសារៈសំខាន់បំផុត ក្នុងការជួយជម្រុញដល់ការអនុវត្តមុខងារគ្រប់ស្ថាប័នមានការពាក់ព័ន្ធ រួមនឹងអាជ្ញាធរមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តនៅថ្នាក់មូលដ្ឋាន។

សូមបញ្ជាក់ថា វេទិការសាធារណៈនេះ ធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី ម៉ននី រងី្ស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត,កងកម្លាំងទាំងបី អាជ្ញាធរមូលដ្ឋាន វិស័យឯកជន អង្គការសង្គមស៊ីវិល សិស្សានុសិស្ស និង ប្រជាពលរដ្ឋទាំងពីរស្រុកចូលរួមចំនួន៦៣៥នាក់ ស្រី ១៦៥នាក់ចូលរួម ៕


ដោយ ស៊ាន សុផាត