ស៊ីម៉ាក់បង្កើត​ក្រុម​ការ​ងារ​ផ្តល់​សេវា​ជួយ​គាំ​ទ្រ​សេដ្ឋកិច្ច​សង្គម​ដល់​ជន​ពិការ​ដោយ​សារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​សង្រ្គាម

អត្ថបទដោយ៖
CPA

ភ្នំពេញ៖មជ្ឈ​មណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា(CMAC) បាន​បង្កើត​ក្រុម​ការ​ងារ​ផ្តល់​សេវា​ជួយ​គាំ​ទ្រ​សេដ្ឋកិច្ច​សង្គម​ដល់​ជន​ពិការ​ដោយ​សារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​សង្រ្គាម ក្នុង​គោល​ដៅ​ចូល​រួម​ចំណែក​លើក​កម្ពស់​ជីវភាព​រស់​នៅ និងសុ​ខុមាល​ភាព​របស់​របស់​ជន​ពិការ​។

​ឯកឧត្តម ហេង រតនា អគ្គ​នាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​​កម្ពុជា (CMAC) បាន​បញ្ជាក់តាម​រយៈ​​​ហ្វេស​ប៊ុក​របស់លោក​​កាលពី​ចុងសប្តាហ៍​មុនថា​ ស្រប​តាម​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​អា ណត្តិ​ទី​៧​នេះ មជ្ឈ​មណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា បាន​បង្កើត «ក្រុម​ការ​ងារ គម្រោង​ផ្តល់​សេវា​ជួយ​គាំទ្រ​សេដ្ឋកិច្ច​សង្គម​ដល់​ជន​ពិការ​ដោយ​សារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​សង្រ្គាម​»។ការបង្កើតនេះ​ ក្នុង​គោល​ដៅ​ចូល​រួម​ចំ​ណែ​ក​លើក​កម្ពស់​ជីវភាព​រស់​នៅ និង​សុខុមាល​ភាព​របស់​ជន​មាន​ពិការ​ភាព​ដោយ​សារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​សង្គ្រាម​​។

បើតាម​ឯកឧត្តម ហេង រតនា ​ខេត្ត​គោល​ដៅ​សម្រាប់​ការ​អនុវត្ត​គម្រោង​នេះ​ដំណាក់កាលទី១​មាន​ខេត្ត​ពោ​ធិ៍សាត់ បាត់ដំបង ប៉ៃលិន និង​ខេត្ត​បន្ទាយ​មាន​ជ័យ ខណៈ​ដែល​មន្ត្រី​ជំនាញ បាន​ទទួល​ការ​ហ្វឹក​ហ្វឺន​ និង​បំពាក់​សម្ភារ​បច្ចេក​ទេស​រួច​ជា​ស្រេច ដើម្បី​ចាប់​ផ្តើម​ដំណើរ​ការ​ប្រតិបត្តិ​ការ​តាម​គោលដៅ​ក្នុង​ផែន​ការ​គម្រោ​ង​។

ដោយ​ឡែកកាលពី​​​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៣ ខែ​តុលាកន្លងទៅ​នេះ អាជ្ញាធរ​មីនមជ្ឈ​មណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា និង​កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ( UNDP) បាន​​​សម្របសម្រួលរៀបចំទស្សនកិច្ចសិក្សាស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍លើវិស័យសកម្មភាពមីនជូនគណៈ​ប្រតិភូប្រទេសអាមេនីផងដែរ​។

យោងតាម​អាជ្ញាធរមីន ​ក្នុង​ដំណើរ​ទស្សន​កិច្ច​នេះ គណៈ​ប្រតិភូ​បាន​​​ទៅ​ទស្សនា​ការ​ហ្វឹក​​ហ្វឺន​បោស​សម្អាត​មីន​នៅ​វិទ្យាស្ថាន​បច្ចេក​ទេស​សកម្មភាព​មី​ន​នៅ​ខេត្តកំ​ពង់ឆ្នាំង ​​នៅ​មជ្ឈ​មណ្ឌល​ស្តារ​កាយ​សម្បទា និង​ការ​បោស​សម្អាត​មីន​នៅ​ខេត្ត​បាត់ដំបងផងដែរ​។​

នាព្រឹកថ្ងៃទី​២៣ ខែតុលាឯកឧត្តម ហេង រតនា បានទទួលស្វាគមន៍ និង​ពិភាក្សាការងារជាមួយនឹង​គណៈ​ប្រតិភូប្រទេសអាមេនី​ ដែលដឹកនាំ​ដោយ​លោកVaghinak Sargsyan នាយកមជ្ឈមណ្ឌលបោសសម្អាតមីនមនុស្សធម៌ប្រទេសអាមេនី ​ដើម្បី​​ផ្លាស់ប្តូរបទពិសោធន៍ និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គភាពទាំងពីរ។

បើតាម​ឯកឧត្តម ហេង រតនា តាមរយៈនៃកិច្ចពិភាក្សានេះ អង្គភាពបោសសម្អាតមីនមនុស្សធម៌ប្រទេសអាមេនី បានបង្ហាញការចាប់អារម្មណ៍ខ្លាំងលើបទពិសោធន៍ជំនាញបច្ចេកទេសរបស់អង្គភាពស៊ីម៉ាក់  ក៏ដូចជាប្រ​សិទ្ធភាព និងល្បឿននៃប្រតិបត្តិការបោសសម្អាតមីនរបស់អង្គភាពស៊ីម៉ាក់ តាមរយៈការធ្វើសមាហរណកម្មកម្លាំងជំនាញរួមគ្នា រួមមាន អ្នកឯកទេសបោសម្អាតមីន ឧបករណ៍បោសសម្អាតមីន គ្រឿងចក្រ សុនខហិតមីន និងកណ្តុរហិតមីនជាដើម។

សូមជម្រាបថា ​ក្នុង​រយៈពេល​បួនថ្ងៃកន្លងទៅនេះ គណៈប្រតិភូរបស់អង្គភាពបោសសម្អាតមីនមនុស្សធម៌ប្រទេសអាមេនី ក៏បានទស្សនកិច្ចសិក្សានៅតាមការដ្ឋានបោសសម្អាតមីនរបស់អង្គភាពស៊ីម៉ាក់ នៅខេត្តកំពង់ឆ្នាំង បាត់ដំបង និងខេត្តប៉ៃលិន​។​

​សូមរម្លឹកថា ​​​រយៈ​ពេល​ប្រាំបួនខែ ឆ្នាំ​២០២៣​នេះ ជន​រង​គ្រោះ​ថ្នាក់ដោយ​សារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​​សង្គ្រាម​​មាន​ចំនួន ២៧នាក់ ក្នុង​នោះ​ខេត្ត​ដែល​មាន​ជន​រង​​គ្រោះ​​ថ្នាក់​​ដោយ​សារមីន និ​ង​សំណង់ជាតិផ្ទុះ​ពី​សង្គ្រាម​​​ច្រើន​ជាង គឺ​​ខេត្ត​បន្ទាយ​មាន​ជ័យ ឧត្តរ​មាន​ជ័យ បាត់​ដំបង និង​ខេត្ត​រតនគិរី៕

ដោយ៖ជា សុខនី

ads banner