ពិព័រណ៍អនាគតយុវជន ផ្ដល់សិទ្ធិអំណាចដល់យុវជនដើម្បីរៀបចំអនាគតមួយប្រកបដោយចីរភាព
ភ្នំពេញ៖ អង្គការសហប្រជាជាតិប្រចាំកម្ពុជា(អ.ស.ប) បានរៀបចំពិព័រណ៍អនាគតយុវជនក្រោមប្រធានបទ “សកម្មភាពអ្នក – អនាគតអ្នក” នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដោយពិព័រណ៍នេះបានផ្ដល់ឱកាសឱ្យយុវជនរាប់ពាន់នាក់មកពីមជ្ឈដ្ឋានចម្រុះបានជួបជុំគ្នា ដើម្បីពួកគេបានទទួលសិទ្ធិអំណាចនិងចូលរួមក្នុងការរៀបចំអនាគតមួយប្រកបដោយចីរភាព។ព្រឹត្តិការណ៍នេះបានប្រារព្ធឡើងកាលពី
ថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៣។

យោងតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ២៣ ខែតុលានេះបានឱ្យដឹងថា ព្រឹត្តិការណ៍នេះត្រូវបានរួមសហការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា អង្គការសហប្រជាជាតិប្រចាំកម្ពុជា(អ.ស.ប)រួមមានដូចជា មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) យូនីសេហ្វ (UNICEF) ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (UNOHCHR) UNAIDS កម្មវិធីស្បៀងអាហារពិភពលោក (WFP) និងទីភ្នាក់ងារអង្គការសហប្រជាជាតិផ្សេងទៀត ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល បណ្ដាញយុវជន និងវិស័យឯកជន។

ពិព័រណ៍អនាគតយុវជនគឺជាស៊េរីនៃសកម្មភាពកម្រិតខ្ពស់បំផុតមួយដែលបាននាំមកនូវការជួបជុំរបស់យុវជនដើម្បីពិភាក្សាប្រកបដោយប្រឌិតញាណ និងចែករំលែកគំនិតនិងដំណោះស្រាយស្តីពីបញ្ហាគន្លឹះមួយចំនួនដែលបង្ករផលប៉ះពាល់ដល់យុវជនសម័យបបច្ចុប្បន្ន។ នៅទីកន្លែងពិព័រណ៍ផ្ទាល់ អ្នកចូលរួមបានពិភាក្សា, ជជែកដេញដោល រៀនសូត្រពីអ្នកជំនាញ និងបង្កើតបណ្ដាញ។
ប្រភពដដែលបន្ថែមថា ក្នុងផ្នែកមួយនៃពិព័រណ៍ មានវេទិកាប្រឌិតញាណមួយចំនួនអនុញ្ញាតឱ្យអ្នកចូលរួមពិភាក្សាអំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) សុខភាពផ្លូវភេទនិងបន្តពូជ សិទ្ធិនិងជម្រើស សិទ្ធិមនុស្ស សមភាពយេនឌ័រ ជំនាញបៃតង យុវជននិងការអប់រំ។ពិព័រណ៍ នោះ ដាក់វិញ្ញាសារឱ្យយុវជនបង្កើតគំនិតនិងដំណោះស្រាយ និងបង្កើតបណ្ដាញរវាងគ្នានិងគ្នាហើយបានរកឃើញនូវដំណោះស្រាយ សម្រាប់ធ្វើសកម្មភាព។ពិព័រណ៍ក៏បានដាក់វិញ្ញាសារឱ្យយុវជនគិតគូរពីអនាគតដែលពួកគេចង់ឃើញក្នុង“ពិភពលោកមួយដែលមាន ប្រជាជន៨ប៊ីលាននាក់” តាមរយៈសិល្បៈប្រឌិតញាណ និងកិច្ចសន្ទនា។

លោក ចឹក លីម អគ្គនាយករងយុវជន នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា “យុវជន គឺជាអនាគតនៃប្រទេសជាតិ,ហើយចាំបាច់ណាស់ដែលយើងត្រូវវិនិយោគលើការអប់រំនិងបណ្ដុះ បណ្ដាលពួកគេ ដើម្បីពូកគេអាចចាប់យកជំនាញដែលត្រូវការដើម្បីធ្វើឱ្យជោគជ័យក្នុងសេដ្ឋកិច្ចសតវត្សរ៍ទី២១នេះ។យើងត្រូវតែធ្វើ ការរួមគ្នាដើម្បីបង្កើតនូវបរិស្ថានសមស្របមួយក្នុងការជម្រុញការអប់រំនិងបណ្ដុះបណ្ដាលសម្រាប់យុវជន ធ្វើដូច្នេះយើងអាចទទួលបាន នូវធនធានមនុស្សប្រកបដោយគុណភាព និងកសាងសង្គមមួយដែលមាន អារ្យធម៌ខ្ពង់ខ្ពស់ សីលធម៌សមធម៌នវានុវត្តនិងបរិស្ថាន មេត្រី” ។

សេចក្តីប្រកាសព័ត៌មានបានស្រង់សម្ដីលោកស្រី សាន់ដ្រា បេក្លូត (Sandra Bernklau) តំណាងអង្គការ UNFPA ប្រចាំកម្ពុជា និងជាតំណាងភ្នាក់ងារអង្គការសហប្រជាជាតិទាំងអស់នៅឯពិព័រណ៍អនាគតយុវជនមកបញ្ជាក់ថា“ការទាញយកទស្សនៈពេលលេញរបស់យុវជនតម្រូវឱ្យមានការសម្របសម្រួលនៅទីកន្លែងដែលមានសុវត្ថិភាព ច្នៃប្រឌិត និងនវានុវត្តន៍ ដែលនឹងអនុញ្ញាតឱ្យមានការចូលរួម និងការបញ្ចេញមតិរបស់យុវជនយើង។ នៅក្នុងពិភពលោក ដែលមានប្រជាជន ៨ពាន់លានលាន ដែលកំពុងប្រឈមមុខនឹងវិបត្តិអាកាសធាតុដែលកំពុងកើនឡើង និងបញ្ហា ជាច្រើនទៀត តើអ្នកនឹងធ្វើអ្វីខ្លះ ដើម្បីធ្វើឱ្យសហគមន៍របស់អ្នកក្លាយជាកន្លែងប្រសើរជាងមុន? តើអ្នកមានការពាក់ព័ន្ធទេ?តើអ្នកកំពុងចាត់វិធាន ការ អ្វីដែរឬទេ? ខ្ញុំសូមលើកទឹកចិត្តដល់យុវជនឱ្យចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍សង្គម ចូលរួមក្នុងបណ្តាញយុវជន ជាផ្នែកមួយនៃដំណោះស្រាយ និងចាប់ផ្តើមធ្វើសកម្មភាព” ៕ ដោយ៖ ម៉ាដេប៉ូ


