នគរបាលជាតិជប៉ុន ស្វែងរកកិច្ចសហការពីកម្ពុជាជួយទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមអនឡាញ
ភ្នំពេញ៖ នគរបាលជាតិជប៉ុនបានស្វែងរកកិច្ចសហការពីនគរបាលជាតិកម្ពុជាចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញឱ្យបានកាន់តែខ្លាំងក្លា និងសកម្មថែមទៀត ។

ការស្នើពីភាគីជប៉ុននេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា និងលោក អ៊ីអូស៊ីមី អូហ្គាតា(Yoshimi Ogata) អគ្គនាយករងទទួលកិច្ចការបរទេស នៃទីភ្នាក់ងារជាតិនគរបាលជប៉ុន នៅអំឡុងសន្និសីទអាស៊ានណាប៉ូលលើកទី៤១ នាទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីថ្ងៃទី២០ ខែតុលា កន្លងទៅ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាននៃអគ្គស្នងការដ្ឋានគរបាលជាតិកម្ពុជាកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣។

សេចក្តីប្រកាសលើកឡើងថា ក្នុងកិច្ចជំនួបនោះ លោក Yoshimi Ogata បានថ្លែងកោតសរសើរចំពោះនគរបាលជាតិកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តន៍ច្បាប់ ដោយបានចាត់ទុកឆ្នាំ២០២២-២០២៣នេះ ជាឆ្នាំនៃសមិទ្ធផលកិច្ចសហប្រតិបត្តិការរវាងនគរបាលជាតិកម្ពុជា និងទីភ្នាក់ងារនគរបាលជាតិជប៉ុន។

ប្រភពដដែលបន្តថា លោក Yoshimi Ogata បានលើកឡើងពីវិបត្តិនៃករណីបទល្មើសឆបោកតាមប្រព័ន្ធអនឡាញដែលកំពុងកើនឡើងទាំងក្នុងតំបន់ និងសាកលលោក ជាពិសេសនៅក្នុងប្រទេសជប៉ុនដែលកំពុងយាយីដល់ប្រជាជនជប៉ុនជាច្រើននាក់ ជាពិសេសការបង់ខាតទ្រព្យសម្បត្តិក្នុងទំហំរាប់ពាន់លានដុល្លារអាមេរិក។
ជាមួយគ្នានោះ លោកបានស្នើដល់ភាគីកម្ពុជា បន្តផ្តល់កិច្ចសហការឱ្យបានជិតស្និទ្ធ និងរឹងមាំបន្ថែមទៀត ដើម្បីរួមគ្នាទប់ស្កាត់បទល្មើសឆ្លងដែនតាមប្រព័ន្ធបច្ចេកវិទ្យាមួយនេះឱ្យបានទាន់ពេលវេលា តាមរយៈការផ្តល់មុខសញ្ញាដែលសម្ងំលាក់ខ្លួន ដែលកំពុងលួចប្រព្រឹត្តបទល្មើសទាំងនេះ។

ជាការឆ្លើយតប ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត បានប្រាប់ភាគីជប៉ុនពីគោលជំហរបស់នគរបាលកម្បុជាថា មិនត្រឹមតែបន្តថែរក្សាទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងគ្នា និងគ្នាជាមួយភាគីជប៉ុននោះទេ កម្ពុជានឹងបន្តពូនជ្រំសមិទ្ធផលឱ្យកាន់តែទូលំទូលាយ រឹងមាំ ជិតស្និទ្ធ និងស៊ីជម្រៅ ដើម្បីឆ្លើយតបទៅនឹងជំនួយគាំទ្រផ្តល់ដោយទីភ្នាក់ងារនគរបាលជាតិជប៉ុន ជាមធ្យោបាយ ឧបករណ៍ សម្ភារបច្ចេកទេស ដល់កងកម្លាំងនគរបាលជាតិកម្ពុជារយៈកាលកន្លងទៅ។
ឯកឧត្តម ស ថេត បានថ្លែងថា ៖ «អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់កិច្ចសហការតាមការស្នើសុំស្របតាមគោលការណ៍ច្បាប់ និងបទដ្ឋានក្រោមច្បាប់ដែលពាក់ព័ន្ធ និងរាល់សំណើសុំកិច្ចសហការនឹងផ្តល់ជូនភ្លាមៗនៅពេលទទួលបានព័ត៌មានច្បាស់លាស់ និងមានភស្តុតាងឯកសារគ្រប់គ្រាន់ដែលជាមូលដ្ឋាននៃការបើកកិច្ចប្រតិបត្តិការ»។

ឯកឧត្តមក៏បានស្នើទៅកាន់ភាគីជប៉ុនក្នុងការពិនិត្យលទ្ធភាពជួយអន្តរាគមន៍ចំពោះពលរដ្ឋកម្ពុជា ដែលជួបប្រទះបញ្ហាផ្លូវច្បាប់អន្តោប្រវេសន៍ក្នុងពេលរស់នៅ និងបម្រើការងារ ក្នុងប្រទេសជប៉ុន ដើម្បីឆាប់បានបញ្ជូនត្រឡប់មកកម្ពុជាវិញ និងបានស្នើសុំលើការងារបណ្តុះបណ្តាល កសាងធនធានមន្រ្តីអនុវត្តច្បាប់លើជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យាផងដែរ ខណៈភាគីជប៉ុនទទួលយកទៅពិចារណា៕ ដោយ៖ សំបាន ច័ន្ទដារ៉ា