អាមេរិកពង្រឹងការត្រៀមខ្លួនពង្រាយទ័ពនៅមជ្ឈិមបូព៌ា ដោយព្រមានពីភាពតានតឹងកាន់តែខ្លាំងជុំវិញជម្លោះហាម៉ាស់-អ៊ីស្រាអែល
អាមេរិក៖ មន្ត្រីកំពូលអាមេរិកពីររូប បាននិយាយកាលពីថ្ងៃទី២២ ខែតុលាថា អាមេរិកបានព្រមានអ៊ីរ៉ង់ និងបក្ខពួកមិនឱ្យបង្កើនភាពតានតឹងជុំវិញរវាងកងទ័ពអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់របស់ប៉ាឡេស្ទីន ប៉ុន្មានម៉ោងបន្ទាប់ពីមន្ទីរបញ្ចកោណបង្កើនការត្រៀមលក្ខណៈយោធា រួមទាំងការត្រៀមដាក់ពង្រាយទ័ព នៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អ៊ែនថូនី ប្ល៊ីងកែន បាននិយាយលើការផ្សាយរបស់បណ្ដាញព័ត៌មាន CBS News ថា៖ «យើងមានការព្រួយបារម្ភចំពោះលទ្ធភាពនៃកងកម្លាំងប្រូកស៊ីអ៊ីរ៉ង់ ដែលបង្កើនការវាយប្រហាររបស់ខ្លួនប្រឆាំងនឹងបុគ្គលិករបស់យើងប្រជាជនរបស់យើង»។ លោកបន្ត៖ «យើងរំពឹងថាភាពតានតឹងនឹងកើនឡើងកាន់តែខ្លាំង»។
លោក ប្ល៊ីងកែន បានថ្លែងទៀតថា ៖ «គ្មាននរណាម្នាក់ គួរទាញយកប្រយោជន៍ពីពេលនេះ ដើម្បីបង្កើនស្ថានភាពឱ្យកាន់តែតានតឹងតឹង ដោយបន្ថែមការវាយប្រហារលើអ៊ីស្រាអែល លើយើង លើបុគ្គលិករបស់យើងនោះទេ»។
លោកបន្តថា សហរដ្ឋអាមេរិក ដែលបានបញ្ជូននាវាដឹកយន្តហោះចម្បាំងពីរគ្រឿងទៅកាន់សមុទ្រមេឌីទែរ៉ាណេភាគខាងកើត «កំពុងចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីធ្វើឱ្យប្រាកដថា យើងអាចការពារពួកគេ ហើយឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើចាំបាច់»។
ការថ្លែងយ៉ាងបែបនេះរបស់លោក ប្ល៊ីងកែន ធ្វើឡើងបន្ទាប់ពីរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin បានព្រមានអំពីលទ្ធភាពនៃកំណើននៃភាពតានតឹងកាន់តែខ្លាំងពីការវាយប្រហារលើកងទ័ពរបស់អាមេរិកក្នុងតំបន់មជ្ឈិមបូព៌ា។
គេមើលឃើញថា ការលើកឡើងរបស់មន្រ្តីកំពូលៗអាមេរិកទាំងពីរ ធ្វើឡើងចំពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើងថា ក្រុមសកម្មប្រយុទ្ធ Hezbollah របស់លីបង់ ឬក្រុមសកម្មប្រយុទ្ធដែលអ៊ីរ៉ង់គាំទ្រផ្សេងទៀត អាចឆ្លៀតឱកាសពីស្ថានការណ៍តានតឹងនៅតំបន់ហ្គាហ្សា ដើម្បីពង្រីកជម្លោះ ហើយធ្វើឱ្យអ៊ីស្រាអែលពង្រីកកម្លាំងយោធាប្រយុទ្ធ។
នាពេលនេះផងដែរ អ៊ីស្រាអែលក៏ត្រៀមខ្លួនទ័ពវាយលុកដោយផ្ទាល់ ឬឈ្លានពានចូលតំបន់ហ្គាហ្សា ដើម្បីបោសសម្អាតក្រុមហាម៉ាស់ ទោះបីជាមានការព្រមានពីអ៊ីរ៉ង់ថាខ្លួនអាចនឹងលូកដៃចូលក៏ដោយ។
ទោះបីបែបណាក៏ដោយ លោក Austin បាននិយាយទៅកាន់ទូរទស្សន៍ ABC News ដោយចេញការព្រមានយ៉ាងម៉ឺងម៉ាត់ថា ៖ «ប្រសិនបើក្រុមណាមួយ ឬប្រទេសណាមួយ កំពុងស្វែងរកការពង្រីកជម្លោះនេះ ហើយឆ្លៀតឱកាសទាញយកផលប្រយោជន៍ពីស្ថានភាពដ៏អកុសលដែលយើងឃើញនេះ ដំបូន្មានរបស់យើង គឺ៖ កុំឱ្យសោះ»។ លោកបន្ថែមថា៖ «យើងរក្សាសិទ្ធិក្នុងការការពារខ្លួនយើង ហើយយើងនឹងមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការសមស្របនោះទេ»។
កាលពីថ្ងៃអាទិត្យផងដែរ មុនការថ្លែងរបស់មន្រ្តីកំពូលៗអាមេរិកទាំងពីរដដែល មន្ទីរបញ្ចកោណបាននិយាយថា ខ្លួនកំពុងបង្កើនការត្រៀមខ្លួនយោធានៅមជ្ឈិមបូព៌ា ដើម្បីឆ្លើយតបទៅនឹងកំណើនភាពតានតឹងនាពេលថ្មីៗនេះ ពីអ៊ីរ៉ង់ និងកងកម្លាំងប្រូកស៊ីរបស់ប្រទេសនេះ។ ក្នុងជំហានបែបនេះ លោក Austin បានបញ្ជាឱ្យដំណើរការប្រព័ន្ធការពារដែនអាកាស និងបានជូនដំណឹងដល់កងទ័ពបន្ថែមទៀតថា ពួកគេអាចនឹងត្រូវដាក់ពង្រាយក្នុងពេលឆាប់ៗនេះ។
នាពេលនេះ ទោះបីជាមានការជំរុញឱ្យមានបទឈប់បាញ់ពីភាគីក្រៅជម្លោះផ្សេងៗ ស្ថានការណ៍នៃជម្លោះហាម៉ាស់-អ៊ីស្រាអែល នៅតែបន្តស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយភាគីអ៊ីស្រាអែលបន្តការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំនៅទូទាំងតំបន់ហ្គាហ្សា ដែលមានប្រជាជនរស់នៅជាង ២,៣ លាននាក់។
អ៊ីស្រាអែលទទូចថា ខ្លួននឹងធ្វើការបោកសម្អាតក្រុមហាម៉ាស់ឱ្យអស់ពីផែនដី ក្រោយក្រុមនេះបើកការវាយប្រហារថ្ងៃ ៧ ខែតុលា ដោយសម្លាប់ប្រជាជនអ៊ីស្រាអែល ១ ៤០០ នាក់ និងចាប់ជាង ២០០ នាក់ទៀត ធ្វើចំណាប់ខ្មាំង ដោយសម្អាងថា អ៊ីស្រាអែលនៅតែបន្តអំពើឃោរឃៅផ្សេងៗលើប្រជាជនប៉ាឡេស្ទីន។
មកត្រឹមថ្ងៃចន្ទនេះ ពោលគឺសប្ដាហ៍ទី៣នៃជម្លោះ ប្រជាជនប៉ាឡេស្ទីនប្រមាណ ៤ ៦០០ នាក់ត្រូវបានសម្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល។ នេះបើតាមមន្រ្តីសុខាភិបាលនៅហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់៕ ប្រែសម្រួល៖ ហួន ឌីណា