មន្រ្តី៖ អគារជាប់គាំងនៅខេត្តព្រះសីហនុជិត ៤០០ អគារ ត្រូវបានកំណត់អត្តសញ្ញាណកម្មរួចរាល់

អត្ថបទដោយ៖
CPA

ព្រះសីហនុ៖ លោកអភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងថា អគារជាប់គាំងនៅខេត្តព្រះសីហនុជិត ៤០០ អគារ ត្រូវបានកំណត់អត្តសញ្ញាណកម្មរួចរាល់ហើយ ។ប្រតិបត្តិការបន្តទៀត នឹងធ្វើការដោះស្រាយអគារទាំងនោះម្ដងមួយៗករណី ដើម្បីទទួលបានវិធានការជាកញ្ចប់របស់រាជរដ្ឋាភិបាល។

លោក ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុប្រាប់ឱ្យដឹងនៅថ្ងៃទី២៣ ខែតុលាថា មកដល់ពេលនេះ ក្រុមការងារដោះស្រាយបញ្ហាការវិនិយោគអគារដែលជាប់គាំងនៅខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងដំណាក់កាលទី១នេះ គឺបានធ្វើអត្តសញ្ញាណកម្មអគារដែលជាប់គាំងជិត ៤០០ អគារបានរួចរាល់អស់ហើយ ។ដូច្នេះអគារដែលបានធ្វើអត្តសញ្ញាណកម្មជិត ៤០០អគារនេះ ត្រូវបានកំណត់ថា អគារប្រភេទណាដែលត្រូវចាត់ទុកថា ជាអគារជាប់គាំង និងចាត់ទុកថាអគារណាដែលត្រូវដោះស្រាយ ក៏ដូចជាកំណត់អគារណាដើម្បីទទួលបានផលប្រយោជន៍ពីកញ្ចប់ថវិកាលើកទឹកចិត្តពីរាជរដ្ឋាភិបាល។

លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា ៖ «យើងកំពុងតែធ្វើលើការងារហ្នឹង ។ដូច្នេះយើងមិនទាន់អាចឆ្លើយបានថាមានចំនួនអគារប៉ុន្មានដោះស្រាយបាននោះទេ»។

ចំពោះប្រតិបត្តិការបន្តទៀត គឺក្រុមការងារដោះស្រាយអគារជាប់គាំង កំពុងកំណត់តំបន់ ឬទីតាំងអគារជាប់គាំងដែលបានធ្វើអត្តសញ្ញាណកម្មរួចរាល់ ដើម្បីជាការលើកយកបង្ហាញទៅកាន់អ្នកវិនិយោគថ្មី ឬអ្នកអភិវឌ្ឍថ្មី ក្នុងការពិចារណាសម្រាប់ការវិនិយោគទៅលើតំបន់នីមួយៗថាត្រូវសាកសមធ្វើអាជីវកម្មអ្វី។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក ឡុង ឌីម៉ង់។

លោកក៏បានឱ្យដឹងទៀតថា ដោយឡែក ក្រុមការងារដោះស្រាយអគារជាប់គាំង ក៏បានពិភាក្សាគ្នា ដើម្បីរៀបចំបង្កើតជាយន្តការមួយច្បាស់លាស់ សម្រាប់ដោះស្រាយករណីអគារជាប់គាំងនេះមួយករណីម្ដងៗ ឱ្យស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដែលដាក់ចេញជាកញ្ចប់វិធានលើកទឹកចិត្ត។

លោកថា ៖ «ដូច្នេះការរៀបចំយន្តការទាំងនេះ នឹងជួយទទួលនូវសំណូមពរ សំណើផ្សេងៗពីម្ចាស់អគារ ក៏ដូចជាម្ចាស់ដី ដើម្បីដោះស្រាយបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុនេះម្ដងមួយៗករណី»។

បើតាមលោក ឡុង ឌីម៉ង អះអាងថា អគារដែលបានធ្វើអត្តសញ្ញាណកម្មជិត ៤០០អគារនេះ ក្រុមការងារដោះស្រាយបញ្ហាអគារជាប់គាំង កំពុងធ្វើការដោះស្រាយ ដោយបានទទួលសំណើពីម្ចាស់អគារផង និងពីម្ចាស់ដីផង។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ អាជ្ញាធរខេត្តព្រះសីហនុ បានប្រជុំជាមួយអន្តរក្រសួង ដើម្បីផ្សព្វផ្សាយ និងជំរុញការអនុវត្ត «វិធានការជាកញ្ចប់» សម្រាប់ដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ ដើម្បីត្រៀមលក្ខណៈសម្បត្តិទទួលយកសំណើសុំដោះស្រាយពីម្ចាស់គម្រោង ឬអ្នកអភិវឌ្ឍ និងឈានទៅរកការដោះស្រាយក្រៅប្រព័ន្ធតុលាការស្របតាមស្មារតីឈ្នះ-ឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជា៕ ដោយ៖ ជា សុខនី

ads banner