ក្រុមហ៊ុនផលិតកង់រថយន្តដ៏ធំមួយរបស់ប្រទេសចិន Wan li Tires កំពុងពិនិត្យលទ្ធភាពបើករោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬ ស៊ីឌីស៊ី (CDC) បានឱ្យដឹងថា មានក្រុមហ៊ុនផលិតកង់រថយន្តដ៏ធំមួយរបស់ប្រទេសចិនដែលមានឈ្មោះថា Wan li Tires បានសម្រេចចិត្តនឹងសិក្សាលម្អិត ដើម្បីពិនិត្យលទ្ធភាពបើករោងចក្រផលិតសំបកកង់រថយន្តរបស់ខ្លួននៅកម្ពុជា។

តាមការចេញផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាការងារជាមួយលោក ជីង គ័ងជីន (Jing Guangjun) នាយករង និងជាប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Guangzhou Industrial Investment Holdings Group ( GIIHG) ដែលជាសមាជិករបស់ក្រុមហ៊ុនធំបំផុត៥០០ នៅលើពិភពលោក (Fortune 500) និងមានក្រុមហ៊ុន Wanli Tires ដែលផលិតកង់រថយន្តដ៏ធំរបស់ប្រទេសចិនជាបុត្រសម្ព័ន្ធ។

នាជំនួបនោះក្នុងទិសដៅដើម្បីជំរុញឱ្យក្រុមហ៊ុនសម្រេចចិត្តចូលមកវិនិយោគនៅកម្ពុជា ។ឯកឧត្តម ស៊ុន ចាន់ថុល បានលើកបង្ហាញពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេល២០ឆ្នាំកន្លងទៅនេះ ដែលកើនជាមធ្យម៧ភាគរយមានហេដ្ឋារចនាសម្ព័ន្ធពេញផ្ទៃប្រទេសដែលត្រូវបានចាត់ទុកជាហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្រ្តសម្រាប់វិនិយោគិន ក្នុងនោះរួមមាន អាកាសយានដ្ឋានថ្មីខេត្តសៀមរាប អាកាសយានដ្ឋានថ្មីក្រុងភ្នំពេញ ការសិក្សាផ្លូវរថភ្លើងភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវរថភ្លើងភ្នំពេញ-បោយប៉ែត និងគម្រោងពង្រីកកំពង់ផែទឹកជ្រៅជាដើម។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបន្តថា ការលើកឡើងនូវគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងភាពរីកចម្រើនរបស់កម្ពុជានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី មានគោលដៅចង់ទាក់ទាញ ក្រុមហ៊ុនផលិតកង់រថយន្ត Wan li Tires ឱ្យទៅបើករោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា ដោយលោកអះអាងថា កន្លងទៅមានវិនិយោគិនចិន ដែលធ្លាប់ទទួលបានជោគជ័យ លើការដាក់បណ្ដាក់ទុនផលិតសំបកកង់រថយន្តនៅប្រទេសកម្ពុជាផងដែរ។

នាឱកាសនោះដែរ លោក ជីង គ័ងជីន (Jing Guangjun) នាយករង និងជាប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន ក្រុមហ៊ុន Wanli Tires បានសម្រេចចិត្តនឹងមកសិក្សាលម្អិតលើការបណ្ដាក់ទុនវិនិយោគ ដើម្បីបង្កើតរោងចក្រផលិតសំបកកង់រថយន្តនៅប្រទេសកម្ពុជា ខណៈឯកឧត្តម ស៊ុន ចាន់ថុល អះអាងថា នឹងព្យាយាមផ្តល់ការសម្របសម្រួលលើការសិក្សារបស់ក្រុមហ៊ុន ដើម្បីអាចឱ្យក្រុមហ៊ុនចាប់ផ្តើមការវិនិយោគ សាងសង់រោងចក្រ និងផលិតសំបកកង់ទី១របស់ខ្លួននៅកម្ពុជា ឱ្យបានលឿនបំផុត។

ទាក់ទងនឹងគម្រោងនេះដែរ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ឃើញថា កំណើននៃរោងចក្រផលិតសំបកកង់យានយន្ត ឬក៏រោងចក្រផលិតសម្ភារនានាធ្វើពីកៅស៊ូ គឺជាអ្វីដែលកម្ពុជាចង់បានបំផុត ខណៈដែលកម្ពុជា មានការដាំដុះកៅស៊ូ ដែលជាវត្ថុធាតុដើមយ៉ាងសំខាន់សម្រាប់ការផលិតសំបកកង់យានយន្ត ឬសម្ភារទាំងនោះ។

អ្នកឧកញ៉ាបានថ្លែងថា តាមការសង្កេតរបស់លោក ផ្ទៃដីដាំដុះកៅស៊ូ ចាប់ផ្តើមមានការថមថយបន្តិច ដោយសារតែកន្លងមកទីផ្សារ និងតម្លៃកៅស៊ូឡើងចុះទៅតាមឈ្មួញដែលនាំចេញ។ ហេតុនេះ បើសិនជាមានរោងចក្រកែច្នៃ កៅស៊ូនៅក្នុងស្រុក កសិករ ឬអ្នកដាំដុះកៅស៊ូ នឹងមិនចាំបាច់ព្រួយបារម្ភពីបញ្ហាធ្លាក់ថ្លៃកៅស៊ូទៀតនោះទេ។

អ្នកឧកញ៉ា លឹម ហេង បានបញ្ជាក់ថា ៖ «កន្លងមក កៅស៊ូយើងផលិតបានមកនាំចេញទៅក្រៅច្រើន ដូចជាទៅវៀតណាមជាដើម ដែលវាធ្វើឱ្យយើងបាត់បង់តម្លៃបន្ថែមច្រើន ហើយតម្លៃកៅស៊ូនាំចេញនោះទៀតសោត អាស្រ័យតែលើឈ្មួញវៀតណាមឱ្យថ្លៃប៉ុណ្ណោះ ក្នុងករណីគេមិនទិញ នោះវានឹងនាំឱ្យគាំងចរន្តសាច់ប្រាក់ក្នុងស្រុកយើង»។

បើតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្មបង្ហាញថា ក្នុងរយៈពេលប្រាំបួនខែ ឆ្នាំ២០២៣នេះ កម្ពុជា នាំចេញកៅស៊ូទៅក្រៅប្រទេស សម្រេចបានក្នុងទំហំទឹកប្រាក់ជាង ៣៣៣ លានដុល្លារ កើនឡើងជាង២២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២៕ ដោយៈ វណ្ណ សុជាតា

ads banner