អ៊ីរ៉ង់នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាសន្តិភាពរវាងអាមេនី និងអាស៊ែបៃហ្សង់

តេហេរ៉ង់៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ តួកគី និងរុស្ស៊ី បានជួបប្រជុំគ្នាជាមួយសមភាគីរបស់ពួកគេគឺរដ្ឋមន្ត្រីការបរទេសអាស៊ែបៃហ្សង់ (Azerbaijan) និងអាមេនី (Armenia) នៅទីក្រុងតេហេរ៉ង់ (Tehran) ដើម្បីពិភាក្សាពីការជំរុញកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសជិតខាងក្នុងតំបន់កូកាស៊ីស (Caucasus) ខាងត្បូង។ នេះបើយោងតាមការរាយការណ៍នៃប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ និងរុស្ស៊ីកាលពីថ្ងៃទី២២ ខែតុលា។

កិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងបីនេះ គឺជាជំនួបប្រជុំជាលើកដំបូងហើយរាប់ចាប់តាំងពីពេលមានជម្លោះនាពេលថ្មីៗនេះនៅតំបន់ណាហ្គោណូហ្ការបាក (Nagorno-Karabakh) ហើយក៏ជាកិច្ចប្រជុំដែលធ្វើឡើងស្របពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅតំបន់មជ្ឈិមបូព៌ាផងដែរ។

ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់មួយឈ្មោះ IRNA បានរាយការណ៍ថា ប្រទេសភាគីដែលពាក់ព័ន្ធមានគោលបំណងជួបពិភាក្សាពីបញ្ហាក្នុងតំបន់ ដោយគ្មានការជ្រៀតជ្រែកពីប្រទេសដទៃណាមួយនោះឡើយ ជាពិសេសគឺប្រទេសលោកខាងលិច។ នេះបើយោងតាមក្រសួងការបរទេសអ៊ីរ៉ង់។

ការលើកឡើងបែបនេះ គឺចង់សំដៅទៅកាន់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលបានខិតខំព្យាយាមជួយស្វែងរកឱ្យមានកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេនី និងអាស៊ែបៃហ្សង់ ប៉ុន្តែបានធ្វើឱ្យទីក្រុងម៉ូស្គូមានការមិនពេញចិត្តជាខ្លាំង។

ទីភ្នាក់ងារសារព័ត៌មាន Interfax របស់រុស្ស៊ីបានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បានធ្វើដំណើរទៅកាន់ទីក្រុងតេហេរ៉ង់ដើម្បីចូលរួមកិច្ចប្រជុំនេះ។

គួរដឹងដែរថា ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីទៅលើទឹកដីអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ ទីក្រុងមូស្គូបានព្យាយាមពង្រឹងទំនាក់ទំនងផ្នែកយោធា និងការទូតរបស់ខ្លួនជាមួយបណ្តាប្រទេសដែលមិនមែនជាដៃគូលោកខាងលិចជាច្រើន។ ជាក់ស្ដែង លោក ឡាវរ៉ូវ បានជួបជាមួយសមភាគីអ៊ីរ៉ង់ជាច្រើនដងមកហើយ ចាប់តាំងពីពេលនោះមក។

រុស្ស៊ីតែងតែចាត់ទុកខ្លួនឯងថាជាអ្នកការពារសន្តិសុខនៅតំបន់ជម្លោះរវាងអាស៊ែបៃហ្សង់ និងអាមេនី។ យ៉ាងណាក៏ដោយ ដោយសារតែរុស្ស៊ីមានការជាប់រវល់ធ្វើសង្គ្រាមជាមួយអ៊ុយក្រែន បានធ្វើឱ្យឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់។

គួររំឭកថា កាលពីខែមុន អាស៊ែបៃហ្សង់បានធ្វើការវាយប្រហារដណ្ដើមគ្រប់គ្រងតំបន់ណាហ្គោណូហ្ការបាកឡើងវិញ។ តំបន់នេះជាកន្លែងដែលមានជនជាតិអាមេនីគ្រប់គ្រង និងបានប្រកាសឯករាជ្យដោយឯកតោភាគីចាប់តាំងពីការបែកបាក់គ្នាក្នុងទសវត្សរ៍ឆ្នាំ១៩៩០ មកម៉្លេះ។

ការវាយប្រហាររបស់អាស៊ែបៃហ្សង់ បានធ្វើឱ្យជនជាតិអាមេនីជាងមួយសែននាក់ត្រូវជម្លៀសចេញ ហើយអាមេនីបានចោទប្រកាន់អាស៊ែបៃហ្សង់ថា បានប្រព្រឹត្តឧក្រិដ្ឋកម្មបោសសម្អាតជនជាតិភាគតិច។ ប៉ុន្តែអាស៊ែបៃហ្សង់បានឆ្លើយតបថា ប្រជាជនអាស៊ែបៃហ្សង់គួរមានជម្រើសកន្លែងស្នាក់នៅ និងតំបន់នេះត្រូវក្លាយជាផ្នែកមួយនៃប្រទេសអាស៊ែបៃហ្សង់វិញ។

ក្នុងរយៈពេលជាងបីទសវត្សរ៍មកនេះ ប្រទេសទាំងពីរតែងតែបានបើកការប្រយុទ្ធគ្នាមិនចេះចប់មិនចេះហើយ ហើយរហូតមកដល់ពេលនេះ ភាគីជម្លោះទាំងពីរនៅមិនទាន់អាចឈានដល់កិច្ចព្រមព្រៀងសន្តិភាពណាមួយនោះឡើយ បើទោះបីជាមានការខិតខំប្រឹងប្រែងជួយសម្របសម្រួលពីសំណាក់សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងរុស្ស៊ីក៏ដោយ។

កន្លងមក ប្រទេសជុំវិញតំបន់ជម្លោះនេះបានបង្កើតវេទិកាមួយឈ្មោះថា 3+3 South Caucasus Platform។ វេទិកានេះបានចាប់ផ្ដើមដំណើរការចាប់ពីឆ្នាំ២០២១។ ដំបូងឡើយ គណៈកម្មការរៀបចំវេទិកាបានគ្រោងនឹងដាក់បញ្ចូលប្រទេសហ្សកហ្ស៊ីផងដែរ ប៉ុន្តែហ្សកហ្ស៊ីបានប្រកាសថា ខ្លួនមិនចង់ក្លាយជាសមាជិករបស់ក្រុមនេះនោះទេ ហើយកាលពីថ្ងៃអាទិត្យនេះ ហ្សកហ្ស៊ីក៏បានប្រកាសដែរថា ខ្លួននឹងមិនទៅចូលរួមកិច្ចប្រជុំនៅទីក្រុងតេហេរ៉ង់នោះទេ៕ ដោយ៖ ធា សុណា

ads banner