លួចម៉ូតូបានសម្រេចហើយ បែជាទៅជួបសមត្ថកិច្ចចាប់វាយខ្នោះ
ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ នៅវេលាម៉ោង ១៦ និង៣០នាទី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ក្នុងករណីអំពើលួច (លួចយកម៉ូតូ) នៅចំណុចមុខផ្ទះលេខ១៧៤ ផ្លូវ១៩២៨ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ជនសង្ស័យម្នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ មីន សាឡេះ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរឥស្លាម ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះមានឈ្មោះ សោម សោភា ភេទស្រី អាយុ៤១ឆ្នាំ មុខរបរនៅផ្ទះ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៣០EO ផ្លូវ៥៦៦ ភូមិ៩ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។ សម្ភារៈបាត់បង់ ៖ គ្មាន ។
សម្ភារៈបន្សល់ទុក ៖ ម៉ូតូ០១គ្រឿង ម៉ាកនិច ផលិតឆ្នាំ២០១៧ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ1HF-9185ប្រគល់ឲ្យជនរងគ្រោះវិញ និងដែកច្នៃកាច់កម៉ូតូចំនួន ០១ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ៖ មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនចេញពីផ្ទះមកលេងបងប្អូន នៅចំណុចកើតហេតុខាងលើ ពេលជនរងគ្រោះមកដល់បានទុកម៉ូតូរបស់ខ្លួននៅមុខផ្ទះលេខ១៧៤ ចំណុចកើតហេតុ រួចជនរងគ្រោះបានដើរចូលទៅក្នុងផ្ទះបងប្អូន ស្រាប់តែមានជនសង្ស័យ០១នាក់ បានធ្វើសកម្មភាពលួចយកម៉ូតូជិះចេញ ជនរងគ្រោះក្រឡេកឃើញ ស្រែកថាចោរៗ រួចនាំគ្នាដេញតាមជនសង្ស័យ ដល់ចំណុចការ៉ាស់សាំងតេលាផ្លូវ១៩២៨ ភ្លាមនោះកម្លាំងល្បាតរបស់អធិការដ្ឋានបានធ្វើការល្បាតដល់ចំណុចខាងលើឃើញហេតុការណ៍ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រួចេជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ធ.ដ
