គណៈប្រតិភូបោសសំអាតមីនប្រទេសអាមេនី ចាត់ទុកកម្ពុជាជាប្រទេសគំរូ នៃការបោសសំអាតគ្រាប់មីន (Video Inside)
គណៈប្រតិភូ នៃមជ្ឈមណ្ឌលសកម្មភាពបោសសម្អាតមីនរបស់ប្រទេសអាមេនី បានថ្លែងកោតសសើរដល់កម្ពុជាដែលទទួលបានជោគជ័យយ៉ាងខ្លាំង ក្នុងការបោសសម្អាតមីន។
ការថ្លែងកោតសសើរនេះ បានធ្វើឡើងក្នុងឱកាសដែលប្រធានគណៈប្រតិភូ នៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន នៃប្រទេសអាមេនី លោក វ៉ាហ្គហ៊ីណាក់ សាគស៊ីយ៉ាន បានធ្វើទស្សនកិច្ចសិក្សារយៈពេល៣ថ្ងៃរវាងពីថ្ងៃទី២០ដល់២៣តុលា ក្នុងប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីគម្រោងសមាហរណកម្មបោសសម្អាតមីន និងការជួយជនរងគ្រោះដោយសារគ្រាប់មីនក្នុងប្រទេសកម្ពុជា។
ក្រុមគណៈប្រតិភូ បានធ្វើដំណើរទស្សនកិច្ច នៅក្នុងខេត្តប៉ៃលិន កំពង់ធំ កំពង់ឆ្នាំង បាត់ដំបង និងនៅរាជធានីភ្នំពេញ។ ប្រធានគណៈប្រតិភូនេះ បានកោតសសើរ និងវាយតម្លៃខ្ពស់ និងចាត់ទុកថាកម្ពុជា គឺជាប្រទេសគំរូមួយ ដែលត្រូវរៀនសូត្រតាមជុំវិញ សកម្មភាពបោសសម្អាតមីន។
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា លោក ហេង រតនា បានឲ្យដឹងថា ប្រទេសអាមេនីនេះបានចាប់អារម្មណ៍យ៉ាងខ្លាំងពីការខិតខំ របស់ប្រតិបត្តិកររបស់កម្ពុជា ដែលមានបទពិសោធន៍បច្ចេកទេសគួបផ្សំ និងការធ្វើសមាហរណកម្មរវាងឧបករណ៍ជាមួយនិងសត្វសុនខ និងសត្វកណ្តុរហិតមីនលើសកម្មភាពបោសសម្អាតមីនទទួលជោគជ័យជាបន្តបន្ទាប់។ កម្ពុជាបានដាក់ផែនការបោសសំអាតសេសសល់ ក្នុងដីឱ្យអស់ នៅក្នុងឆ្នាំ២០២៥ខាងមុខនេះ។