លោក បៃដិន៖ ដោះលែងចំណាប់ខ្មាំងមុន ទើបបទឈប់បាញ់អ៊ីស្រាអែល និងហាម៉ាសធ្វើឡើង
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ថា កិច្ចពិភាក្សាណាមួយអំពីបទឈប់បាញ់នៅហ្កាហ្សា អាចកើតឡើងទៅបាន លុះត្រាក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំងទាំងអស់ ដែលចាប់ពង្រត់ចេញពីអ៊ីស្រាអែល កំលុងការវាយប្រហារថ្ងៃទី៧ ខែតុលា ជាមុនសិន។
នៅពេលត្រូវបានសាកសួរថាតើគាត់នឹងគាំទ្រកិច្ចព្រមព្រៀងលើបទឈប់បាញ់ដើម្បីរំដោះចំណាប់ខ្មាំងដែរឬទេ? លោក បៃដិន បានឆ្លើយតបថា ពួកគេ (ក្រុមហាម៉ាស) គួរតែដោះលែងចំណាប់ខ្មាំងទាំងនោះជាមុនសិន ហើយបន្ទាប់មកយើងអាចនិយាយគ្នាពីបទឈប់បាញ់បាន។ការអត្ថាធិប្បាយបែបនេះរបស់លោក បៃដិន ធ្វើឡើងបន្ទាប់ពីក្រុមហាម៉ាសបាននិយាយថា ពួកគេទើបដោះលែងស្រ្តីជាចំណាប់ខ្មាំងចំនួនពីរនាក់បន្ថែមទៀត ដែលត្រូវបានចាប់ពង្រត់ចេញពីទឹកដីអ៊ីស្រាអែល។
ទន្ទឹមគ្នា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន បាននិយាយថា ថ្ងៃនេះ យើងស្វាគមន៍ការដោះលែងជនជាតិអ៊ីស្រាអែលពីរនាក់ ដែលក្រុមហាម៉ាសចាប់ជាចំណាប់ខ្មាំង។ លោក ស៊ូលីវ៉ាន បានបញ្ជាក់នៅលើបណ្តាញសង្គម X យ៉ាងដូច្នេះថា យើងនឹងបន្តធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីធានាដល់ការដោះលែងចំណាប់ខ្មាំងទាំងអស់ដែលនៅសល់នៅតំបន់ហ្កាហ្សា។
គួរបញ្ជាក់ថា អ៊ីស្រាអែលនៅថ្ងៃចន្ទសប្តាហ៍នេះបានបង្កើនចំនួនចំណាប់ខ្មាំងដល់ ២២២នាក់ដែលត្រូវបានចាប់ខ្លួន នៅពេលដែលខ្មាន់កាំភ្លើងក្រុមហាម៉ាសឆ្លងកាត់ព្រំដែន និងវាយប្រហារសហគមន៍ Kibbutz, ទីប្រជុំជន និងមូលដ្ឋានយោធានៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា


