កម្ពុជា ឆែក ពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារ រវាង ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តិក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានផ្តោតសំខាន់លើការពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទំាងពីរ កម្ពុជា ឆែក បន្ថែមទៀត លើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិសេសការរៀបចំក្រុងឱ្យក្លាយជាទីកន្លែង គួររស់នៅប្រកបដោយសុភមង្គល តាមរយៈ ការបន្តកែលម្អបន្ថែមទៀត និងស្វែងរកដំណោះស្រាយសមស្របថ្មីៗ ដូចជា ការសម្រួល ចរាចរណ៍ នៅភ្នំពេញ ប្រព័ន្ធរំដោះទឹក និងការរៀបចំលំនៅឋាន ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បាន វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា សាធារណរដ្ឋឆែក នាពេលកន្លងមកលើគ្រប់វិស័យ ពិសេសវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បន្តថា កិច្ចសហប្រតិបត្តិការទាំងនេះ គឺដើម្បីបន្តប្រែក្លាយរាជធានីភ្នំពេញ និងតំបន់ក្រុងនានាឱ្យក្លាយ ជាតំបន់ល្អឯក ស្អាត និងបៃតង សំដៅជំរុញការទាក់ទាញទេសចរណ៍ និងពង្រីកសកម្មភាព សង្គមសេដ្ឋកិច្ចបន្ថែមទៀត ។

សូមបញ្ជាក់ថា កម្ពុជា បានភ្ជាប់ទំនាក់ទំនងការទូត ជាមួយអតីតសាធារណរដ្ឋសង្គមនិយមឆេកូស្លូវ៉ាគី នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៥៦។ នៅឆ្នាំ១៩៧៥ ទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ត្រូវបានកាត់ផ្តាច់ក្នុងរបបខ្មែរក្រហម។ ឆ្នាំ១៩៧៩ កម្ពុជាបានភ្ជាប់ទំនាក់ទំនងជាមួយ សាធារណរដ្ឋសង្គមនិយមឆេកូស្លូវ៉ាគី នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៩៦ ឡើងវិញបន្ទាប់ពីប្រទេសឆេកូស្លូវ៉ាគីបែងចែកជាពីរប្រទេស ។ កាលពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០០៦ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃ កម្ពុជា ព្រះអង្គបានយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ សាធារណរដ្ឋ ឆែក ដើម្បីទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែករបាំ ពីសាធារណរដ្ឋឆែកផងដែរ ៕

ដោយ ង៉ាន់ ទិត្យ
រូបភាព ក្រសួងរៀបចំដែនដី នគររូបណីយកម្ម និងសំណង់

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner