សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដាក់ចេញកម្មវិធីពង្រីងវិសាលភាព មូលនិធិសមធម៌សុខាភិបាល ដល់ប្រជាពលរដ្ឋក្នុងការទទួលបានការគាំពារសុខភាព ពីរាជរដ្ឋាភិបាល ដោយមិនគិតថ្លៃ

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ចេញនូវកម្មវិធីពង្រីងវិសាលភាពមូលនិធិសមធម៌សុខាភិបាល ដល់គ្រួសារងាយរងហានិភ័យ គោលដៅចំនួន ៤៩ម៉ឺនគ្រួសារស្មើនឹងចំនួន ១លាន ៨សែននាក់បន្ថែមទៀត។

សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា កម្មវិធីពង្រីងវិសាលភាពមូលនិធិសមធម៌សុខាភិបាល ដល់គ្រួសារងាយរងហានិភ័យ ដែលប្រកាសដាក់ចេញនៅថ្ងៃនេះ គឺជាអនុកម្មវិធីមួយ ក្នុងចំណោមអនុកម្មវិធីចំនួន២ នៃគោលនយោបាយ ពង្រីកសេវាថែទាំសុខភាពឆ្ពោះ ទៅរកការគ្របដណ្តប់សុខភាពជាសាកល។ អនុកម្មវិធីទី២ គឺរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដោយស្ម័គ្រចិត្ត តាមរបបវិភាគទាន ដល់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស ជាង៣លាននាក់ ដែលនឹងប្រកាសនៅពេលខាងមុខ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះ នៅព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺការពង្រីកវិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ ។

សម្តេចបញ្ជាក់ទៀតថា កម្មវិធីពង្រីងវិសាលភាពមូលនិធិសមធម៌សុខាភិបាល ដល់គ្រួសារងាយរងហានិភ័យ ដែលជាកម្មវិធីទីមួយនេះ ចំនួនប្រជាពលរដ្ឋ ដែលយើងដាក់ទិសដៅ ដើម្បីផ្តល់ផលប្រយោជន៍ជូនពួកគាត់ គឺមានចំនួន៧លាន ៤សែននាក់ ជាគោលដៅធំណាស់ សម្រាប់ប្រជាពលរដ្ឋរបស់យើង ។

សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា ការទទួលបានផលប្រយោជន៍ពីកម្មវិធីនេះ គឺប្រជាពលរដ្ឋទទួលបានការគាំពារសុខភាព ពីរាជរដ្ឋាភិបាលដោយមិនគិតថ្លៃ ដែលរួមមាន៖ សេវាពិគ្រោះជំងឺក្រៅ សេវាពន្យារកំណើត សេវាសម្រាកព្យាបាល សេវាសង្គ្រោះបន្ទាន់ សេវាព្យាបាលវះកាត់តូច វះកាត់ធំ និងសម្រាលកូន។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការផ្តល់ជំនឿទុកចិត្តជួយដល់ប្រជាពលរដ្ឋខ្មែរ ដោយសូមឱ្យបងប្អូន ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ទោះក្នុងអាណត្តិនេះ ឬអាណត្តិក្រោយក៏ដោយ ក៏នៅតែរួចសុខទុក្ខជាមួយប្រជាពលរដ្ឋជារៀងរហូត ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner