សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់វិស័យឯកជនក្នុងវិស័យសុខាភិបាល ចូលរួមជាមួយរាជរដ្ឋាភិបាល លើកកម្ពស់គុណភាពផលិតផលបំប៉នសុខភាព និងចំណីអាហារ

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់វិស័យឯកជនក្នុងវិស័យសុខាភិបាល ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់គុណភាពផលិតផលបំប៉នសុខភាព ចំណីអាហារ សំដៅលើកកម្ពស់សុខុមាលភាពសាធារណៈទាំងអស់គ្នា។ សម្តេចធិបតី នាយករដ្ឋមន្ត្រី ថ្លែងអំពាវនាវដូច្នេះ នៅព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺការពង្រីកវិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ ។

សម្ដេចធិបតីបានលើកឡើងថា សុវត្ថិភាពថ្នាំសង្កូវ ចំណីអាហារ គឺជារឿងសំខាន់ណាស់ ព្រោះគ្រប់គ្នាជាប្រើប្រាស់ផលិតផល ទទួលទានអាហារ ទទួលថ្នាំសង្កូវ។ អ៉ីចឹងទាំងអស់គ្នាប្រាកដជាគិតហើយថា អ្វីដែលទិញពីផ្សារ តើហូបដោយសុវត្ថិភាពទេ? អ្វីដែលយកពីឱសថស្ថាន ពីមណ្ឌលសុខភាព ពីគ្រូពេទ្យដែលឱ្យមក តើហូបទៅវាអាចបង្កើតបញ្ហាអ្វីផ្សេងៗ ក្រៅពីជួយសុខភាពឬក៏អត់? ដូច្នេះការរួមគ្នានេះ ទាំងអ្នកទិញ ទាំងអ្នកលក់ ទាំងរាជរដ្ឋាភិបាល សុទ្ធតែមានគោលដៅតែមួយនោះទេ ។

សម្ដេចបានលើកទឹកចិត្តឱ្យក្រសួងសុខាភិបាលបង្កើតភាពប្រទាក់ក្រឡាគ្នាជាមួយវិស័យឯកជន មិនថាបុគ្គលស្វ័យនិយោជន៍ មន្ទីរពេទ្យឯកជន គណៈគ្រូពេទ្យ គណៈឱសថ និងគណៈក្រុមផ្សេងៗ ដើម្បីឱ្យពួកគេចូលរួមលើកកម្ពស់គុណភាពផលិតផល និងចំណីអាហារ សំដៅបង្កើនប្រសិទ្ធភាពគាំពារសុខុមាលភាពសាធារណៈ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធត្រូវធ្វើយ៉ាងណាដើម្បីឈានទៅរកភាពជាដៃគូ និងបង្កើនការទទួលខុសត្រូវរបស់វិស័យឯកជន សមាគម គណៈ ឬបុគ្គលស្វ័យនិយោជន៍ ចូលរួមលើកកម្ពស់សុខុមាលភាពរបស់អ្នកប្រើប្រាស់ ហើយម្ចាស់អាជីវកម្មក៏អាចបន្តការលក់ដូរប្រកបដោយភាពស្របច្បាប់ផងដែរ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner