គណៈប្រតិភូចិនកំពុងត្រួសត្រាយផ្លូវសម្រាប់ជំនួបកំពូលរវាងលោក ស៊ី និង បៃដិន
ប៉េកាំង៖ ប្រទេសចិនមិនទាន់បានប្រកាសនៅឡើយទេថា តើប្រធានាធិបតី លោក ស៊ី ជីនពីង (Xi Jinping) នឹងទទួលយកការអញ្ជើញរបស់ប្រធានាធិបតី ចូ បៃដិន (Joe Biden) ទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកនៅខែក្រោយ ឬក៏យ៉ាងណា។ ប៉ុន្តែក្រុងប៉េកាំងកំពុងរៀបចំដំណើរទស្សនកិច្ចដោយរដ្ឋមន្ត្រីការបរទេស លោក វ៉ាង យី (Wang Yi) ដែលគ្រោងនឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្លិងកិន (Antony Blinken) នៅទីក្រុងវ៉ាស៊ីនតោននៅចុងសប្តាហ៍នេះ។
ដំណើរទស្សនកិច្ចរបស់លោក វ៉ាង ទំនងជាការរៀបចំបើកផ្លូវសម្រាប់កិច្ចប្រជុំកំពូលរវាងលោក ស៊ី និងលោក បៃដិន។
គេសង្កេតឃើញថា ប្រទេសចិនបានបញ្ជូនគណៈប្រតិភូជាច្រើនទៅកាន់អាមេរិកក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដែលនេះបានបង្ហាញឱ្យឃើញថា ទីក្រុងប៉េកាំងកំពុងចាប់អារម្មណ៍លើការកែលម្អទំនាក់ទំនងជាមួយអាមេរិក បើទោះជាប្រទេសទាំងពីរមានការខ្វែងគំនិតគ្នាខ្លាំងលើបញ្ហាជាច្រើនក៏ដោយ។
ជាក់ស្ដែង លោក វ៉ាង នឹងជួបជាមួយលោក ប្លិងកិន នៅទីក្រុងវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីកិច្ចប្រជុំកំពូល APEC។ រីឯគណៈប្រតិភូធុរកិច្ចចិន វប្បធម៌ និងកីឡា ក៏នឹងធ្វើទស្សនកិច្ចនៅទីក្រុងញូវយ៉កក្នុងសប្តាហ៍នេះផងដែរ ពោលគឺលោក វ៉ាង និងគណៈប្រភូចិន ក៏ដូចជាលោក ប្លិងកិន កំពុងចាត់វិធានការកែលម្អទំនាក់ទំនង និងត្រួសត្រាយផ្លូវសម្រាប់កិច្ចប្រជុំកំពូលរវាងមេដឹកនាំរបស់ពួកគេ។
កិច្ចចរចារវាងអាមេរិក និងចិនកាន់តែមានផលិតភាព ដោយភាគីទាំងពីរកំពុងងាកចេញពីការប្រឈមមុខដាក់គ្នាក្នុងប៉ុន្មានខែថ្មីៗនេះ និងឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការកាន់តែប្រសើរ។ នេះជាការវិវឌ្ឍជាវិជ្ជមានមួយ ព្រោះជាការបង្ហាញថាប្រទេសទាំងពីរមានឆន្ទៈសហការគ្នាដើម្បីដោះស្រាយបញ្ហាចម្រូងចម្រាសរបស់ពួកគេ។
ថ្វីបើមានការជជែកគ្នាដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការកន្លងមកខ្លះក៏ដោយ ក៏លោក ស៊ី ហាក់ដូចជាមិនចាប់អារម្មណ៍លើការបង្កើតទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិកនោះទេ។ជាឧទាហរណ៍ កាលពីពេលថ្មីៗនេះ ប្រទេសចិនបានធ្វើជាម្ចាស់ផ្ទះទទួលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ដែលជាទង្វើបង្ហាញឱ្យឃើញពីការចង់បន្តទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី។វត្តមានរបស់លោក ស៊ី នៅក្នុងកិច្ចប្រជុំកំពូល APEC នៅទីក្រុងសាន់ហ្វ្រានស៊ីស្កូ (San Francisco) ក៏ស្ថិតក្នុងភាពស្រពិចស្រពិលផងដែរ។
គិតរហូតមកទល់ពេលនេះ ប្រធានាធិបតីចិនមិនបានទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកម្ដងណានៅឡើយទេ រាប់ចាប់តាំងពីឆ្នាំ២០១៧មក ហើយលោកប្រធានាធិបតី បៃដិន ក៏មិនបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិននោះដែរ រាប់ចាប់តាំងពីលោកបានក្លាយជាប្រធានាធិបតីអាមេរិក។ មេដឹកនាំទាំងពីរបានជួបគ្នានៅប្រទេសឥណ្ឌូនេស៊ីកាលពីខែវិច្ឆិកាឆ្នាំមុន ។ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែបន្តធ្លាក់ចុះ។
សហរដ្ឋអាមេរិក និងចិនមានជម្លោះជាច្រើន ក្នុងនោះរួមមានជម្លោះពាណិជ្ជកម្ម យោធា និងសិទ្ធិមនុស្សជាដើម។ លោក បៃដិន ធ្លាប់បានហៅលោក ស៊ី ថាជាជនផ្តាច់ការ និងបានចោទប្រកាន់ប្រទេសចិនថាបានព្យាយាមផ្លាស់ប្តូរសណ្តាប់ធ្នាប់អន្តរជាតិ ខណៈដែលលោក ស៊ី បានចោទប្រកាន់សហរដ្ឋអាមេរិកថាបានព្យាយាមរាំងខ្ទប់ប្រទេសចិន។
អ្នកជំនាញបាននិយាយថា ការកើនឡើងនៃការផ្លាស់ប្តូរការសិក្សារវាងសហរដ្ឋអាមេរិក និងចិននាពេលថ្មីៗនេះ គឺជាសញ្ញាមួយបង្ហាញថា ប្រទេសទាំងពីរមានបំណងកែលម្អទំនាក់ទំនងឡើងវិញ បើទោះបីជាមិនមានការធានាថា ជំនួបកំពូលរវាងមេដឹកនាំទាំងពីរនឹងកើតមានឡើងក៏ដោយ។
រីឯជំនួយការគោលនយោបាយសេដ្ឋកិច្ចកំពូលរបស់ប្រទេសចិន លោក ហឺ លីហ្វឹង (He Lifeng) ក៏គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដើម្បីជួបជាមួយបណ្ដាមន្ត្រីជាន់ខ្ពស់អាមេរិក រួមទាំងរដ្ឋមន្ត្រីក្រសួងរតនាគារ និងរដ្ឋមន្ត្រីពាណិជ្ជកម្មផងដែរ។
កាលបរិច្ឆេទសម្រាប់ដំណើរទស្សនកិច្ចនេះ នៅមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ប៉ុន្តែអាចនឹងធ្វើឡើងនៅក្រៅកិច្ចប្រជុំកំពូល APEC នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។ អ្នកជំនាញយល់ឃើញថា ការកើនឡើងនៃសកម្មភាពមុនកិច្ចប្រជុំកំពូលរបស់លោក ស៊ី និងលោក បៃដិន គឺជាសញ្ញាវិជ្ជមានមួយ ប៉ុន្តែគេហាក់គ្មានសង្ឃឹមនោះទេថា ជំនួបរវាងមេដឹកនាំទាំងពីរនឹងអាចឈានដល់កិច្ចព្រមព្រៀងណាមួយកើតមានឡើង។
លោក ម៉ាធូ ផូធីងហ្គឺ (Matthew Pottinger) អតីតមន្ត្រីក្រោមរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា វាជាសញ្ញាវិជ្ជមានមួយ នៅពេលដែលមេដឹកនាំសហរដ្ឋអាមេរិក និងចិនអាចជួបនិយាយគ្នាទៅវិញទៅមក។ យ៉ាងណាក៏ដោយ លោកមិនសូវគាំទ្រចំពោះជំនួបប្រជុំរវាងមន្ត្រីជំនាញថ្នាក់ក្រោមនោះទេ ដូចជាក្រុមការងារសេដ្ឋកិច្ចជាដើម ពីព្រោះលោកជឿថា ប្រទេសចិនប្រើប្រាស់កិច្ចសន្ទនាទាំងនេះ ដើម្បីដាក់សម្ពាធលើសហរដ្ឋអាមេរិក មិនឱ្យកែប្រែគោលនយោបាយណាដែលអាចធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ចិន។
ក្រៅពីនេះ ចិនក៏កំពុងបញ្ជូនមនុស្សល្បីៗទៅសហរដ្ឋអាមេរិក ដើម្បីលើកកម្ពស់មុខមាត់សាធារណៈ។ ឧទាហរណ៍ តារាបាល់បោះ លោក យ៉ៅ មិង (Yao Ming) ដែលលេងឱ្យក្រុម Houston Rockets នឹងក្លាយជាមនុស្សម្នាក់ក្នុងចំណោមគណៈប្រតិភូធុរកិច្ច និងឥស្សរជនវប្បធម៌ចិន ដែលនឹងទៅទស្សនកិច្ចនៅទីក្រុងញូវយ៉កក្នុងសប្តាហ៍នេះ។ លោក យ៉ៅ នឹងថ្លែងសុន្ទរកថាគោរពវិញ្ញាណក្ខន្ធរដ្ឋមន្ត្រីអាមេរិកលោក ហេនរី គីស៊ីងហ្គឺ (Henry Kissinger) និងថ្លែងអបអរសាទរដល់ឯកអគ្គរដ្ឋទូតថ្មីរបស់ចិនប្រចាំនៅសហរដ្ឋអាមេរិក លោក សៀ ហ្វឹង (Xie Feng)៕
ប្រែសម្រួល៖ធា សុណា
ប្រភពព័ត៌មាន៖ The Wall Street Journal Beijing Stages Charm Offensive to Pave Way for Xi Trip