កាតាចុះកិច្ចព្រមព្រៀងផ្គត់ផ្គង់ឧស្ម័នដែលមានរយៈពេល ២៧ឆ្នាំជាមួយក្រុមហ៊ុនអ៊ីតាលី Eni

ដូហា៖ ក្រុមហ៊ុនថាមពលរដ្ឋកាតា Gulf emirate នៅថ្ងៃចន្ទនេះ បានចុះកិច្ចព្រមព្រៀងយល់ព្រមផ្គត់ផ្គង់ឧស្ម័នធម្មជាតិក្នុងបរិមាណមួយលានតោនក្នុង១ឆ្នាំ ដល់ក្រុមហ៊ុនអ៊ីតាលី Eni សម្រាប់រយៈពេល ២៧ឆ្នាំ។

រដ្ឋមន្ត្រីថាមពលកាតា លោក Saad al-Kaabi បាននិយាយថា “ថ្ងៃនេះយើងបានឈានមួយជំហានទៀតក្នុងការពង្រឹងភាពជាដៃគូជាមួយក្រុមហ៊ុន Eni ដែលការណ៍នេះនឹងជំរុញដល់កិច្ចសហប្រតិបត្តិការរវាងគ្នានិងគ្នាក្នុងរយៈពេលជាច្រើនឆ្នាំខាងមុខ។ ប្រទេសកាតាក៏បានចុះកិច្ចព្រមព្រៀងរយៈពេល ២៧ឆ្នាំដូចគ្នានេះ ជាមួយនឹងក្រុមហ៊ុន Shell របស់ចក្រភពអង់គ្លេសកាលពីសប្ដាហ៍មុន ព្រមទាំងក្រុមហ៊ុន Total របស់ប្រទេសបារាំងនៅដើមខែតុលានេះផងដែរ។

ក្រោមគម្រោង North Field របស់ខ្លួន កាតាគ្រោងនឹងបង្កើនទិន្នផលផលិតឧស្ម័នធម្មជាតិ (LNG) របស់ខ្លួន ដល់៦០% ឬ ១២៦លានតោនក្នុងមួយឆ្នាំនៅឆ្នាំ២០២៧។
គួរបញ្ជាក់ថា បន្ទាប់ពីផ្ទុះសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន កាលពីឆ្នាំ២០២២ បណ្តាប្រទេសនៅអឺរ៉ុបបានប្រញាប់ប្រញាល់ស្វែងរកការផ្គត់ផ្គង់ឧស្ម័នធម្មជាតិពីអ្នកផលិតផ្សេងៗ ដើម្បីជំនួសឱ្យការផ្គត់ផ្គង់ឧស្ម័នធម្មជាតិពីប្រទេសរុស្ស៊ីដែលបាត់បង់។

ប្រទេសកាតា ជាប្រទេសមួយក្នុងចំណោមប្រទេសកំពូលដែលផលិតឧស្ម័នធម្មជាតិ (LNG) របស់ពិភពលោក រួមទាំងសហរដ្ឋអាមេរិក អូស្ត្រាលី និងរុស្ស៊ី។ ក្រុមហ៊ុន QatarEnergy ប៉ាន់ប្រមាណថា គម្រោង North Field របស់កាតាគ្រប់គ្រងប្រហែល ១០% នៃឧស្ម័នធម្មជាតិបម្រុងរបស់ពិភពលោក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ សាន ស្រីលក្ខណ៍

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner