អាស៊ែបៃហ្សង់ធ្វើសមយុទ្ធរួមគ្នាជាមួយតួកគី នៅក្បែរព្រំប្រទល់ប្រទេសអាមេនី
ប៉ុន្មានសប្តាហ៍ក្រោយដណ្តើមបានតំបន់ Nagorno-Karabakh ពីក្រុមផ្តាច់ខ្លួនអាមេនី ប្រទេសអាស៊ែបៃហ្សង់ចាប់ផ្តើមសមយុទ្ធរួមគ្នាជាមួយប្រទេសតួកគី ដែលជាសម្ព័ន្ធមិត្ត នៅជិតព្រំដែនជាមួយប្រទេសអាមេនី ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិអាស៊ែបៃហ្សង់។

រដ្ឋាភិបាលអាស៊ែបៃហ្សង់បានបញ្ជាក់ថា សមយុទ្ធ “Mustafa Kermal Ataturk 2023” នេះនឹងធ្វើឡើងនៅរដ្ឋធានីបាគូ ដែលជាតំបន់មួយដែលដណ្ដើមបានពីកងកម្លាំងផ្ដាច់ខ្លួនអាមេនី ហើយក្នុងគោលបំណង “ធានានូវសហប្រតិបត្តិការប្រយុទ្ធ” រវាងប្រទេសជាសម្ព័ន្ធមិត្ត។ កងកម្លាំងរហូតដល់ ៣,០០០នាក់ ជាមួយនឹងកាំភ្លើងធំរាប់សិបដើម និងយន្ដហោះចម្បាំង នឹងត្រូវបានប្រើប្រាស់ក្នុងសមយុទ្ធនេះ។

គួរបញ្ជាក់ថា រដ្ឋាភិបាលប្រទេសអាស៊ែបៃហ្សង់យកឈ្នះលើការប្រយុទ្ធជាមួយកងកម្លាំងបំបែកខ្លួនអាមេនីត្រឹម ២៤ម៉ោង ហើយដណ្ដើមបានតំបន់ Nagorno-Karabakh កាលពីថ្ងៃទី១៩ ខែកញ្ញា។ យ៉ាងណាមិញ ការប្រយុទ្ធគ្នានេះបានជំរុញឱ្យប្រជាជនអាមេនីស្ទើរតែទាំងអស់ដែលរស់នៅក្នុងតំបន់ Nagorno-Karabakh ចំនួនប្រមាណ ១០០,០០០នាក់ ភៀសខ្លួនទៅកាន់ប្រទេសអាមេនី ហើយបង្កឱ្យមានវិបត្តិជនភៀសខ្លួនយ៉ាងធ្ងន់ធ្ងរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ សាន ស្រីលក្ខណ៍

