មន្ត្រីសុខាភិបាលកម្ពុជាមកពីខេត្តចំនួន២១ បានទទួលការបណ្ដុះបណ្ដាលពីបច្ចេកទេស បង្ការ និងកម្ចាត់ជំងឺគ្រុនចាញ់
ភ្នំពេញ៖ កម្ពុជា និងចិន បានសហការគ្នារៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីបច្ចេកទេសបង្ការ និងកម្ចាត់ជំងឺគ្រុនចាញ់ ដល់មន្ត្រីសុខាភិបាលកម្ពុជាមកពីខេត្តចំនួន២១ ដើម្បីផ្ដល់ចំណេះដឹង និងជំនាញបន្ថែមក្នុងការតាមដានគ្រប់គ្រងនិងព្យាបាលជំងឺគ្រុនចាញ់ឱ្យកាន់តែមានភាពប្រសើរឡើង។
ប្រភពក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែតុលា បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះ រៀបចំដោយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ រួមនឹងអគ្គនាយកដ្ឋានរដ្ឋបាលផ្នែកបង្ការ និងគ្រប់គ្រងជំងឺនៃខេត្តហៃណាន ប្រទេសចិន ជូនដល់មន្ត្រីសុខាភិបាលកម្ពុជាសរុបចំនួន ៣០នាក់ ដែលមកពីបណ្ដាខេត្តចំនួន២១។

ក្រសួងបានឱ្យដឹងទៀតថា វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានធ្វើឡើងរយៈពេលប្រាំថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែតុលា ដោយមានការសិក្សាដោយផ្ទាល់ជាមួយអ្នកជំនាញសុខភាពសាធារណៈ និងការចុះធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងទស្សនកិច្ចនៅខេត្តកំពង់ស្ពឺ មន្ទីរពេទ្យបង្អែកខេត្ត មណ្ឌលសុខភាពចំបក់ និងជួបជាមួយអ្នកស្ម័គ្រចិត្តគ្រុនចាញ់ភូមិរំដួលថ្មីផងដែរ។
លោក ហុក គឹមចេង អគ្គនាយកបច្ចេកទេស នៃក្រសួងសុខាភិបាល បានលើកឡើងពីគោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះថា ជាការចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់មន្ត្រីសុខាភិបាលកម្ពុជាដើម្បីបង្កើនចំណេះដឹង និងជំនាញបន្ថែមទៀតក្នុងការតាមដានគ្រប់គ្រង និងព្យាបាលជំងឺគ្រុនចាញ់ឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត។

ទាក់ទងរឿងនេះ លោក នុត សម្បត្តិ ប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងនៅថ្ងៃទី២៤ ខែតុលាថា ការបណ្តុះបណ្តាលនេះ ពិតជាល្អណាស់ ពីព្រោះភាគីចិនមានបទពិសោធន៍ច្រើនទៅលើការងារគ្រប់គ្រង និងព្យាបាលជំងឺគ្រុនចាញ់ជាយូរមកហើយ។
លោកបន្តថា ការងារកំចាត់ជំងឹគ្រុនចាញ់នេះ ចិនក៏បានធ្វើការស្រាវជ្រាវ និងផលិតថ្នាំសម្រាប់ព្យាបាលជំងឺគ្រុនចាញ់បានដោយខ្លួនឯងផងដែរ ខណៈដែលលោកអះអាងថា ថ្នាំព្យាបាលជំងឺគ្រុនចាញ់របស់ចិន គឺមានប្រសិទ្ធភាពខ្ពស់ណាស់។
សូមរម្លឹកដែរថា កាលពីខែសីហាកន្លងមកនេះ ក្រសួងសុខាភិបាល បានចេញសារាចរណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការគ្រប់គ្រងករណីជំងឺគ្រុនចាញ់ដែលនាំចូលពីបណ្ដាប្រទេសផ្សេងៗមកប្រទេសកម្ពុជា ដើម្បីបង្ការការចម្លង និងទបស្កាត់ការវិលត្រឡប់មកវិញនៃជំងឺគ្រុនចាញ់។

របាយការណ៍របស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ បានឱ្យដឹងដែរថា ក្នុងឆ្នាំ២០២១ អត្រាឈឺជំងឺគ្រុនចាញ់សរុប មាន ៤ ២៧៩ ករណី ដែលចំនួននេះបានបន្តថយចុះ ៥៤ភាគរយ បើធៀបនឹងឆ្នាំ២០២០ ដែលមាន ៩ ២៣៤ករណី។
កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ បង្ហាញថា ប្រទេសកម្ពុជាធ្លាប់មានករណីជំងឺគ្រុនចាញ់ជាង ១៧ម៉ឺន ករណី នាទសវត្សរ៍ឆ្នាំ៨០ និងស្លាប់ជិត ១,០០០នាក់។ ក្នុងឆ្នាំ២០១៨ ករណីស្លាប់ដោយសារជំងឺគ្រុនចាញ់លែងមានរហូតមកដល់បច្ចុប្បន្ន មានន័យថា កម្ពុជាសម្រេចបានជោគជ័យមុនគោលដៅគ្រោងទុក ឆ្នាំ២០២០៕ ដោយ៖ ជា សុខនី