គ.ជ.បសម្រេចលើខ្លឹមសារឯកសារដែលត្រូវបោះពុម្ព និងសម្ភារមួយចំនួន សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចលើខ្លឹមសារឯកសារ ដែលត្រូវបោះពុម្ព និងសម្ភារមួយចំនួន សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹទ្ធទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ៖ «បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចឯកភាពលើការស្នើសុំរៀបចំបោះពុម្ពសៀវភៅច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះបញ្ចូលគ្នាជាសៀវភៅ តែមួយ»។
ប្រភពដដែលបន្ថែមថា គ.ជ.ប ក៏បានឯកភាពលើខ្លឹមសារក្រមសីលធម៌ ចំនួនបីដែលបានដកស្រង់ទាំងស្រុងចេញពី បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដើម្បីបោះពុម្ព រួមមាន៖ ក្រមសីលធម៌សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ, នគរបាលជាតិ និងភ្នាក់ងារសន្តិសុខបោះឆ្នោតក្នុងដំណើរការបោះឆ្នោត, ក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍បោះឆ្នោតក្នុងដំណើរការបោះឆ្នោត និងក្រមសីលធម៌សម្រាប់គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយក្នុងដំណើរការបោះឆ្នោត។

បន្ថែមពីនេះ គ.ជ.ប ក៏បានឯកភាពលើគំរូទម្រង់បែបបទ ចំនួន ១៥ ប្រភេទ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងឯកភាពលើខ្លឹមសារស្រោមសំបុត្រ ស្បោង និងសម្ភារការិយាល័យបោះឆ្នោត សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ផងដែរ។
ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យគ.ជ.ប បានប្រាប់បន្ថែមនៅថ្ងៃទី២៤ ខែតុលា ថា ជាទូទៅនៅមុនពេលដំណើការបោះឆ្នោត ទាំងការបោះឆ្នោតសកល និងការបោះឆ្នោតអសកល គ.ជ.បតែងតែរៀបចំ ឯកសារគតិយុត្តិពាក់ព័ន្ធ ឱ្យបានរួចរាល់ជាមុន ដូចជាក្របខណ្ឌច្បាប់ បទបញ្ជា និងនីតិវិធី និងឯកសារផ្សេងៗ។

លោកបានថ្លែងថា ៖ «ខ្ញុំសូមបញ្ជាក់ថា មុននឹងដំណើការបោះឆ្នោត គ.ជ.ប តែងតែរៀបចំ រាល់កិច្ចការទាំងអស់ ទាំងក្របខណ្ឌច្បាប់ ធនធានមនុស្ស សម្ភារបរិក្ខាសម្រាប់ការបោះឆ្នោត។ ដូច្នេះ នៅថ្ងៃនេះ គ.ជ.ប បានពិនិត្យ និងសម្រេច ទៅលើឯកសារគតិយុត្តិមួយចំនួនដែលត្រូវប្រើប្រាស់ និងបោះពុម្ភសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ឆ្នាំ២០២៤ផងដែរ»។

សូមបញ្ជាក់ដែរថា ផ្អែកតាមច្បាប់ស្ដីពីវិសោធកម្ម ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មាត្រា៣ថ្មី ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវធ្វើឡើង ៦ ឆ្នាំម្តង នៅថ្ងៃអាទិត្យ សប្តាហ៍ទី៤ យ៉ាងយូរ មុនដំណាច់ឆ្នាំទី៦ នៃនីតិកាលព្រឹទ្ធសភា។
កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវកំណត់ និងប្រកាសដោយនាយករដ្ឋមន្ត្រី តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕ ដោយ៖ គឹម យុត្ថារ៉ូ