គណៈកម្មការសិទ្ធិមនុស្សនៃរដ្ឋសភា ចុះសិក្សាឈ្វេងយល់ពីវិស័យការងារ នៅខេត្តឧត្តរមានជ័យ
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណ:កម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញ បានដឹកនាំគណៈប្រតិភូគណៈកម្មការអញ្ជើញទៅជួបពិភាក្សាការងារជាមួយឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងលោក លោកស្រី ប្រធានមន្ទីរពាក់ព័ន្ធ ដើម្បីឈ្វេងយល់ពីការអភិវឌ្ឍរីកចម្រើនរបស់ខេត្ត យន្តការដោះស្រាយករណីទំនាស់ដីធ្លី និងសកម្មភាពការងារពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការនៅខេត្តឧត្តរមានជ័យ។
ឯកឧត្តម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ថា គណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា គឺជាគណៈកម្មការមួយដែលមានតួនាទីពាក់ព័ន្ធនឹងការការពារ និងធានាការគោរពសិទ្ធិមនុស្សនៅកម្ពុជាឲ្យបានសមស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមានយន្តការជួយសម្របសម្រួល និងអន្តរាគមន៍រកដំណោះស្រាយជូនប្រជាពលរដ្ឋ ដែលទទួលរងនូវអំពើអយុត្តិធម៌ផ្សេងៗ មានទាំងការចុះពិនិត្យ និងអង្កេតផ្ទាល់លើករណីទំនាស់ផ្សេងៗរបស់ប្រជាពលរដ្ឋ ប្រមូលយកព័ត៌មានពីគ្រប់ភាគីពាក់ព័ន្ធ និងស្នើឲ្យស្ថាប័នពាក់ព័ន្ធជួយពន្លឿនការដោះស្រាយបញ្ហាដែលបានកើតឡើងឲ្យបានឆាប់ តែមិនស្ថិតក្នុងដែនសមត្ថកិច្ចរបស់តុលារការទេ។
ជាមួយគ្នានេះ ឯកឧត្តម ប៉ែន កុសល្យ បានមានប្រសាសន៍ថា ខេត្តឧត្តរមានជ័យ គឺជាខេត្តចុងក្រោយគេបង្អស់ក្នុងទូទាំងប្រទេស ដែលបានសម្រេចសមាហរណកម្មបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃនៅកម្ពុជា នាអំឡុងឆ្នាំ១៩៩៨ ក្រោមយុទ្ធសាស្ត្រនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយបានបញ្ចប់សង្គ្រាមផ្ទៃក្នុងទាំងស្រុងចេញពីប្រទេសកម្ពុជា។ ឯកឧត្តមមានប្រសាសន៍បន្ថែមទៀតថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និងក្រោមការចង្អុលបង្ហាញផ្ទាល់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ខេត្តឧត្តរមានជ័យ បានខិតខំធ្វើការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីបម្រើទៅតាមសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។ ខេត្តក៏បានបង្កើតក្រុមការងារចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ អាជ្ញាធរខេត្តបានខិតខំបំពេញតួនាទីភារកិច្ចស្នូលរបស់ខ្លួនយ៉ាងសកម្ម តាមរយៈការចុះដោះស្រាយរាល់បញ្ហាប្រឈមផ្សេងៗ ពិសេសដោះស្រាយបញ្ហាទំនាស់ដីធ្លីជូនប្រជាពលរដ្ឋបានជាច្រើនករណី ដោយមានភាពឆាប់រហ័ស ចំគោលដៅ ដែលប្រជាពលរដ្ឋចង់បាន។ ក្នុងនោះខេត្ត ក៏បានការចុះធ្វើវេទិការសាធារណៈ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ជាមួយនឹងក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្តយ៉ាងសកម្ម។ ឯកឧត្តម ប៉ែន កុសល្យ បានបន្ថែមទៀតថា មានសមិទ្ធផលជាច្រើនដែលរដ្ឋបាលខេត្ត ក៏ដូចជាបណ្តាវិស័យជំនាញនានាក្នុងខេត្តសម្រេចបាន ប៉ុន្តែក្នុងនោះក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលខេត្តបានដាក់ទិសដៅថ្មីៗបន្ថែមក្នុងការអនុវត្តបន្ត ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការពុះពារដោះស្រាយឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈប្រតិភូគណៈកម្មការរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ខេត្តលើគ្រប់វិស័យ ពិសេសការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ និងបានជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរ។ ឯកឧត្តមប្រធានគណៈប្រតិភូក៏បានសន្យានាំនូវរាល់សំណូមពរ និងបញ្ហាប្រឈមរបស់ខេត្ត យកមកសិក្សាបន្ថែម ដើម្បីធ្វើអន្តរាគមន៍ពន្លឿនការដោះស្រាយ ទៅតាមយន្តការរបស់រដ្ឋសភា៕ម.ន


