នគរបាលខណ្ឌសែនសុខ បញ្ជូនជនសង្ស័យ១៧នាក់ ទៅតុលាការ
ភ្នំពេញ៖ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបញ្ជូនជនសង្ស័យចំនួន១៧នាក់ ពាក់ព័ន្ធនឹងករណី៤ផ្សេងគ្នា ទៅតុលាការ។ ករណីទី១)លួចចំនួន៦នាក់ ករណីទី២)បំផ្លិចបំផ្លាញចំនួន១នាក់ ករណីទី៣)រក្សាដោយខុសច្បាប់នូវសារធាតុញៀនចំនួន១នាក់ និងករណីទី៤)ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន៩នាក់។ ការបញ្ជូនខ្លួនជនសង្ស័យនេះ គឺធ្វើឡើងនៅព្រឹកថ្ងៃពុធ ៨រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ។
បើតាមនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងថា ជនសង្ស័យទាំង១៧នាក់នេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បង្ក្រាបបានក្នុងមូលដ្ឋានកន្លងមក ហើយបានបញ្ចាប់នីតិវិធី សាកសួរ និងកសាងសំណុំរឿង។ ជនសង្ស័យទាំង១៧នាក់នេះ បានសារភាពថាពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃនេះតែម្តង។
លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខទាំងអស់ សូមជួយសហការ និងផ្តល់ព័ត៌មានមកកម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុ ញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យបានទាន់ពេលវេលាផងដែរ៕ម.ន
