កម្មកររោងចក្រផលិតរថយន្ដ Stellantis នៅអាមេរិក បន្ដធ្វើបាតុកម្មទាមទារអត្ថប្រយោជន៍បន្ថែម
វ៉ាស៊ីនតោន៖ កម្មករជាង ៦,៨០០នាក់នៃរោងចក្រផលិតរថយន្ដ Stellantis របស់អាមេរិក នៅថ្ងៃអង្គារ៍នេះ បន្ដធ្វើបាតុកម្ម ដើម្បីតវ៉ាប្រឆាំងនឹងភាពលម្អៀងក្នុងការផ្ដល់អត្ថប្រយោជន៍ដល់បុគ្គលិក បើប្រៀបធៀបទៅនឹងក្រុមហ៊ុនផ្សេងទៀតដូចជា General Motors និង Ford។
សហជីពកម្មករបានបញ្ជាក់ថា បាតុកម្មនេះគឺចាំបាច់ ក្នុងការទាមទារនូវយុត្តិធម៌ និងជំរុញឱ្យម្ចាស់ក្រុមហ៊ុនគិតគូរទៅលើអត្ថប្រយោជន៍នានាជូនបុគ្គលិក ដូចជាការតម្លើងប្រាក់បៀវត្សរ៍សម្រាប់បុគ្គលិក ក៏ដូចជាការផ្ដល់ប្រាក់ឧបត្ថម្ភជាបណ្ដោះអាសន្នដល់និយោជិត។ គិតត្រឹមថ្ងៃទី២៤ ខែតុលានេះ ចំនួនកម្មករចូលរួមក្នុងការធ្វើបាតុកម្មកើនដល់ ៤០,០០០នាក់ហើយ។

យ៉ាងណាមិញ ភាគីម្ចាស់ក្រុមហ៊ុនបានធ្វើការចរចា និងលើកឡើងនូវសំណើដែលមានបន្ថែមនូវអត្ថប្រយោជន៍ជូនបុគ្គលិក ប៉ុន្តែកម្មករនៅតែបន្ដការធ្វើបាតុកម្ម ព្រោះសំណើនោះពុំបានឆ្លើយតបទៅនឹងអ្វីដែលកម្មករចង់បានឡើយ។
ភាគីម្ចាស់ក្រុមហ៊ុនក៏បានលើកឡើងដែរថា ការធ្វើបាតុកម្មនេះ នឹងផ្ដល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្វាក់ផលិតកម្មទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត ហើយការពន្យាពេលធ្វើបាតុកម្មកាន់តែយូរ នឹងបង្កហានិភ័យដល់ការវិនិយោគ ដែលត្រូវការយ៉ាងចាំបាច់ ក្នុងផ្លាស់ប្ដូរការផលិតរថយន្ដប្រើប្រាស់ប្រេងឥន្ធនៈ ទៅជាប្រភេទរថយន្ដប្រើប្រាស់ថាមពលអគ្គិសនីនៅថ្ងៃមុខ។
រោងចក្រផលិតរថយន្ដ Stellantis ដែលស្ថិតនៅក្នុងរដ្ឋ Michigan នៃសហរដ្ឋអាមេរិក ជារោងចក្រដែលទទួលបានចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីការផលិតរថយន្ដ និងមានប្រាក់បម្រុងយ៉ាងច្រើនផងដែរ៕

ប្រភព៖ AFP ប្រែសម្រួលដោយ ឈឹម ទីណា